(ឥណ្ឌា)៖ ក្រុមហ៊ុន Twitter បានបិទគណនីជាច្រើន នៅក្នុងប្រទេសឥណ្ឌា នាថ្ងៃចន្ទនេះ, ក្នុងនោះរួមទាំងគណនីរបស់ទស្សនាវដ្តីព័ត៌មានឈានមុខមួយផងដែរ, ស្របតាមការទាមទាររបស់រដ្ឋាភិបាល ដោយមូលហេតុថា អ្នកប្រើប្រាស់ទាំងនោះ បានបង្ហោះមាតិកាក្នុងគោលបំណងញុះញង់ឲ្យមានហិង្សា, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ការបិទគណនីនេះ បានកើតឡើង នៅពេលដែលមានការតវ៉ា ដែលធ្វើឡើងដោយក្រុមកសិករឥណ្ឌា ដែលបង្កអំពើហិង្សាកាលពីសប្តាហ៍មុន, ជាលទ្ធផលបានបណ្តាលឲ្យ បាតុករម្នាក់ស្លាប់ និងរាប់រយនាក់ទៀតរងរបួស ក្នុងនោះរួមទាំងមន្ត្រីប៉ូលិសផងដែរ។

កសិកររាប់ម៉ឺននាក់ បានបោះជំរុំនៅជាយរដ្ឋធានី New Delhi អស់រយៈពេលជាង២ខែមកហើយ ដោយទាមទារឲ្យដកច្បាប់កសិកម្មថ្មី ដែលពួកគេនិយាយថា ច្បាប់នេះផ្តល់អត្ថប្រយោជន៍ដល់អ្នកទិញឯកជន ដោយជាការចំណាយរបស់អ្នកដាំដុះ។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi បានច្រានចោលនូវការទាមទារនេះ ដោយនិយាយថា កំណែទម្រង់នេះ នឹងបើកឱកាសថ្មីឲ្យកសិករ ដើម្បីលក់ផលិតផលរបស់ពួកគេ ដោយផ្ទាល់ទៅកាន់អ្នកទិញឯកជន។

មន្ត្រីរដ្ឋាភិបាលម្នាក់ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានទាមទារឲ្យផ្អាកគណនី Twitter ជិត២៥០គណនី ដែលរងការចោទប្រកាន់ថា បានបង្ហោះមាតិកាដែលញុះញង់ឲ្យមានអំពើហិង្សា៕