(លីវើភូល)៖ ក្លិបបាល់ទាត់ហង្សក្រហម Liverpool បានចុះកិច្ចសន្យានាំយកកីឡាករខ្សែការពារ ២រូបរួមមាន Ozan Kabak និង Ben Davies នៅថ្ងៃបិទបញ្ចប់រដូវកាលដោះដូរកីឡាករដើមឆ្នាំ២០២១ នេះ។

តាមរយៈព័ត៌មានពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានឲ្យដឹងថា Liverpool បានចុះកិច្ចសន្យាខ្ខីជើងខ្សែការពារកណ្តាល Ozan Kabak ពីក្លិប Schalke រហូតដល់ចប់រដូវកាលឆ្នាំ២០២០-២០២១ គ្រាដែលក្រុមជើងឯកលីគរដូវកាលមុនមួយនេះក៏បានទិញយកខ្សែការពារដូចគ្នា Ben Davies ពីក្លិប Preston North End ក្នុងតម្លៃតែ ២លានផោនប៉ុណ្ណោះផងដែរ។

បន្ថែមលោកនេះ ក្រុមរបស់លោក Jurgen Klopp ក៏បានកំពុងសំលឹងមើលខ្សែការពារ Duje Caleta-Car របស់ក្លិប Marseille យកមកកាន់ទឹកដី Anfield ទៀតដែរ នៅពេលកីឡាករលេងក្នុងតំបន់ការពារមានបញ្ហារបួសជាច្រើននាបច្ចុប្បន្ន។

Liverpool បានអវត្តមានខ្សែការពារដែលពោរពេញដោយបទពិសោធ Joel Matip រហូតដល់ចប់រដូវកាលនេះ គ្រាដែល Virgil van Dijk និង Joe Gomez មានបញ្ហារបួសដែលត្រូវសម្រាកព្យាបាលយូរ ដោយជំនួសដោយខ្សែបម្រើ Fabinoho និង Jordan Henderson មកលេងការពារវិញ នៅពេលមានប្រកួតម្តងៗ៕