(សិង្ហបុរី)៖ វិស័យទេសចរណ៍របស់សិង្ហបុរី បានជួបនឹងភាពពិបាកបំផុត នៅក្នុងកំណត់ត្រារបស់ខ្លួនក្នុងឆ្នាំ២០២០ ដោយសារតែការរឹតត្បិតលើការធ្វើដំណើរ និងការបិទព្រំដែន ដែលមិនធ្លាប់មានពីមុនមក នៅពេលដែលមានការរាតត្បាតពីវីរ៉ុស COVID-19, នេះបើតាមការបញ្ជាក់ពីក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ភ្ញៀវទេសចរ ដែលបានធ្វើដំណើរទៅកាន់សិង្ហបុរី បានធ្លាក់ចុះ៨៥,៧ភាគរយ មកនៅត្រឹម២,៧លាននាក់ប៉ុណ្ណោះ, ធ្លាក់ចុះពី១៩,១លាននាក់នៅឆ្នាំ២០១៩, នេះបើយោងតាមទិន្នន័យផ្លូវការដែលភ្ញៀវមកដល់ស្ទើរតែទាំងអស់ គឺបានមកនៅអំឡុងពេល២ខែដំបូង នៃឆ្នាំ២០២០។

ចំណូលដែលទទួលបានពីវិស័យទេសចរណ៍ ក៏បានធ្លាក់ចុះ៧៨,៤ភាគរយផងដែរ មកនៅត្រឹម៤,៤ពាន់លានដុល្លារសិង្ហបុរី នៅក្នុង៣ត្រីមាសដំបូងនៃឆ្នាំ២០២០។ ខណៈសិង្ហបុរី បានទទួលចំណូលជិត២៧,៧ពាន់លានដុល្លារសិង្ហបុរី សម្រាប់ពេញមួយឆ្នាំ២០១៩។

បើទោះបីជាមានការអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺ COVID-9 ជាច្រើនក៏ដោយ, វាត្រូវការពេលវេលាច្រើនទៀត ដើម្បីឲ្យអ្នកធ្វើដំណើរមានទំនុកចិត្ត វិលត្រឡប់មកធ្វើដំណើរឡើងវិញ, នេះបើតាមការបញ្ជាក់ពី STB។ STB បញ្ជាក់ដែរថា ការមកដល់នៃទេសចរណ៍ និងប្រាក់ចំណូលពីវិស័យមួយនេះត្រូវបានគេរំពឹងថា នឹងនៅតែបន្តធ្លាក់ចុះនៅក្នុងឆ្នាំនេះ៕