(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គីសនីអាមេរិក Tesla ត្រូវបានគេមើលឃើញថា អាចនឹងទទួលបានកញ្ចប់ថវិកាប្រមាណ ១.២ ពាន់លានដុល្លារ ពីរដ្ឋាភិបាលអាឡឺម៉ង ដើម្បីបង្កើតរោងចក្រផលិតកម្មអាគុយអគ្គីសនីនៅក្នុងទីក្រុងប៊ែកឡាំង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Business Insider នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១។

ជាការកត់សម្គាល់ កាលពីសប្តាហ៍មុនសហភាពអឺរ៉ុប បានអនុម័តលើគម្រោងមួយ ដែលរួមបញ្ចូលទាំងការផ្តល់ជំនួយដល់ក្រុមហ៊ុន Tesla, BMW និងក្រុមហ៊ុនអគ្គីសនីផ្សេងទៀត ដើម្បីកាត់បន្ថយការនាំចូលពីប្រទេសចិន។

សារព័ត៌មាន Business Insider បានដកស្រង់សំដីរបស់រដ្ឋាភិបាលអាឡឺម៉ងដែលនិយាយថា ក្រុមហ៊ុន Tesla គួរតែទទួលបានប្រាក់ឧបត្ថមច្រើនជាង ១.២ ពាន់លានដុល្លារ ពីរដ្ឋាភិបាលសហព័ន្ធ និងពីបណ្តារដ្ឋផ្សេងទៀត ដែលរោងចក្ររបស់ Tesla ត្រូវបានសាងសង់នៅទីនោះ។ យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចអាឡឺម៉ង បានឲ្យដឹងថា នៅមិនទាន់ប្រាកដនៅឡើយទេ ថាតើក្រុមហ៊ុន Tesla ទទួលបានប្រាក់ប៉ុន្មានពីរដ្ឋាភិបាលសហព័ន្ធ។

ក្រុមហ៊ុន Tesla មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានភ្លាមៗទេ ជុំវិញព័ត៌មាននេះ ស្របពេលមានការលើកឡើងថា ការសម្រេចនៃការផ្តល់ជំនួយដល់ក្រុមហ៊ុន Tesla គឺត្រូវការពេលវេលាជាច្រើនសប្តាហ៍ទៅមុខទៀត៕