(ភ្នំពេញ)៖ បន្ទាប់ពីរួមចំណែកជួយក្រុមលើកពានរដូវកាលឆ្នាំ២០២០ ក្លិបបឹងកេត បានប្រកាសបន្ដកុងត្រាកីឡាករបរទេសម្នាក់ទៀតហើយ គឺខ្សែបម្រើអាហ្វ្រិកខាងត្បូង Mothusi Gopane។

Gopane គឺជាកីឡាករបរទេសទី៤ ហើយ ដែលត្រូវបានក្លិបនាគខៀវបឹងកេត សម្រេចបន្ដកុងត្រា បន្ទាប់ពីកីឡាករជប៉ុន Mizuno Hikaru និងមិត្តជប៉ុន Kenta Yamazaki ត្រូវបានក្លិបបន្ដកុងត្រា ១ឆ្នាំដូចគ្នា និងខ្សែការពារសញ្ជាតិកូឌឺវ័រ Anderson Zogbe ត្រូវបានក្លិបបន្ដកុងត្រា ២រដូវកាលដល់ឆ្នាំ២០២២។

ខ្សែបម្រើវ័យ ២៩ឆ្នាំរូបនេះ បានមកប្រកបអាជីពលើកដំបូងនៅកម្ពុជា ជាមួយក្លិបបឹងកេត កាលពីដើមឆ្នាំ២០២០ ដោយរដូវកាលដំបូង គេបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយក្រុម ក្នុងនោះ Gopane ក៏រកបាន ៤គ្រាប់ ដើម្បីជួយឲ្យបឹងកេត ក្លាយជាជើងឯកលីគកំពូលកម្ពុជា លើកទី៤ ក្នុងប្រវត្តិសាស្ដ្ររបស់ក្លិបផងដែរ ។

បច្ចុប្បន្នបឹងកេត មានកីឡាករបរទេស ៤នាក់ ខណៈសល់ម្នាក់ទៀត ដើម្បីបំពេញកូតាកីឡាករបរទេសត្រៀមប្រកួតរដូវកាលថ្មី ។ យ៉ាងណាមិញ គេមិនទាន់ដឹងក្រុមជើងឯក ៤សម័យនេះ នឹងនាំចូលកីឡាករថ្មីបន្ថែម ឬក៏អត់នោះទេ ខណៈការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២១ នឹងចាប់ផ្ដើមនាថ្ងៃទី០៦ ខែមីនាខាងមុខ៕