(អាស៊ាន)៖ ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ មានប្រទេសចំនួន ៨ ធ្លាប់ប្រកាន់របបរាជានិយមដែលមានព្រះមហាក្សត្រកាន់អំណាចពេញសិទ្ធិ ក្នុងនោះរួមមានឥណ្ឌូណេស៉ី ថៃ វៀតណាម មីយ៉ាន់ម៉ា ឡាវ ព្រុយណេ ម៉ាឡេស៉ី និងកម្ពុជា ខណៈប្រទេសទាំងនេះបានបន្សល់នូវព្រះរាជវាំងដ៏ប្រណីតៗនៅក្នុងប្រទេសរៀងៗខ្លួនរហូតមកដល់សព្វថ្ងៃ។

ព្រះបរមរាជវាំងក្នុងប្រទេសទាំង ៨ នោះរួមមាន៖

១. ព្រះរាជវាំងយុក្យាការតា នៃប្រទេសឥណ្ឌូណេស៉ី
ព្រះរាជវាំងយុក្យាការតា (Kraton Ngayogyakarta Hadiningrat) ស្ថិតនៅតំបន់ស្វយ័តយុក្យាការតា (Yogyakarta) លើកោះជ្វា ប្រទេសឥណ្ឌូណេស៉ីបច្ចុប្បន្ន ដែលត្រូវបានសាងសង់ឡើងចាប់ពីគ្រិស្ដសករាជ ១៧៥៥-១៧៥៦ ក្រោមស្នាព្រះហស្ដព្រះចៅស៊ូលតង់ជ្វា ហាម៉ាំងគូប៊ូវ៉ូណូទី១០ (King Hamengkubuwono X) ដែលគ្រប់គ្រងនៅនគរយុក្យាការតា (អតីតរដ្ឋធំមួយនៅលើកោះជ្វា)។

បច្ចុប្បន្ន អតីតព្រះរាជវាំងនេះបានក្លាយជាមជ្ឈមណ្ឌលវប្បធម៌របស់ជនជាតិជា្វ ហើយក៏មានសារមន្ទីរតម្កល់នូវព្រះរាជទ្រព្យផ្សេងៗនៃព្រះមហាក្សត្រជ្វានៅទីនោះផងដែរ។

២. ព្រះរាជវាំងក្រុងបាងកក នៃប្រទេសថៃ
គេហៅព្រះរាជវាំងនៅកណ្ដាលក្រុងបាងកកនេះថា ព្រះរាជវាំងក្រុងរតនគោសិន្ទ (Rattanakosin) ឬព្រះបរមមហារាជវាំង (Phra Borom Maha Ratcha Wang or Grand Palace) ដែលត្រូវបានកសាងឡើងតាំងពីគ្រិស្ដសករាជ ១៧៨២ ក្រោមស្នាព្រះហស្ដរបស់ព្រះបាទសម្ដេច ព្រះពុទ្ធយ៉តហ្វា ចូឡាលោក (King Phra Phutthayotfa Chulalok) ឬព្រះចៅរាមាទី១ (Rama I) បន្ទាប់ពីព្រះអង្គប្ដូររាជធានីពីក្រុងធនបុរី (Thon Buri) ដែលស្ថិតនៅភាគខាងលិចទន្លេចៅព្រះពញា (Chao Praya)។

បច្ចុប្បន្ន ព្រះរាជវាំងរបស់សៀមមួយនេះបានក្លាយជាកន្លែងប្រារព្ធព្រះរាជពិធីរបស់ព្រះមហាក្សត្រ និងកម្មវិធីមួយចំនួនរបស់រដ្ឋាភិបាលថៃនៅរៀងរាល់ឆ្នាំ ហើយក៏ជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ល្បីល្បាញបំផុតមួយប្រចាំនៅប្រទេសថៃផងដែរ។

៣. ព្រះរាជវាំងក្រុងវ៉េ នៃប្រទេសវៀតណាម
អតីតព្រះរាជវាំងក្រុងវ៉េ (Huế) មានទីតាំងស្ថិតនៅភាគកណ្តាលប្រទេសវៀតណាមបច្ចុប្បន្ន ដែលត្រូវបានកសាងឡើងកាលពីគ្រិស្ដសករាជ ១៨០៤ ក្រោមស្នាព្រះហស្ដរបស់ព្រះចៅអធិរាជ យ៉ា ឡុង (Emperor Gia Long) សោយរាជ្យនៅនគរអណ្ណាម (វៀតណាមភាគកណ្ដាល)។

៤. ព្រះរាជវាំងមណ្ឌាល័យ នៃប្រទេសមីយ៉ាន់ម៉ា
ព្រះរាជវាំងមណ្ឌាល័យ (Mandalay) ត្រូវបានកសាងឡើងនៅចន្លោះគ្រិស្ដសករាជ ១៨៥៧-១៨៥៩ ក្រោមស្នាព្រះហស្ដរបស់ព្រះមហាក្សត្រភូមា មីនតន (King Mindon) នៃរាជវង្សកូនបោង។ ព្រះចៅមីនតន បានជ្រើសយកទីក្រុងមណ្ឌាល័យជារាជធានីថ្មីនៃចក្រភពកូនបោង (Konbaung Empire) របស់ព្រះអង្គ។ រាជវង្សកូនបោង គឺជារាជវង្សចុងក្រោយរបស់ប្រទេសភូមា។ បច្ចុប្បន្ន ទីក្រុងមណ្ឌាល័យ ជាទីក្រុងធំជាងគេទីពីររបស់មីយ៉ាន់ម៉ាបន្ទាប់ពីទីក្រុងយ៉ាងហ្គន (Yangon)។

៥. ព្រះរាជវាំងហ្លួងព្រះបាង នៃប្រទេសឡាវ
ព្រះរាជវាំងហ្លួងព្រះបាង (Luang Prabang) ត្រូវបានកសាងឡើងនៅគ្រិស្ដសករាជ ១៩០៤ ពោលគឺនាអំលុងសម័យអាណានិគមនិយមបារាំង ក្រោមស្នាព្រះហស្តរបស់ព្រះចៅ ស៉ីសាវៀង ភូលីវង្ស (King Sisavang Phoulivong)។

បច្ចុប្បន្ន ទីក្រុងហ្លួងព្រះបាង គឺជាទីក្រុងធំជាងគេទីពីររបស់ប្រទេសឡាវបន្ទាប់ពីទីក្រុងវៀងច័ន្ទន៍ រដ្ឋធានីនៃប្រទេសឡាវប្រជាមានិត ហើយក៏ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយប្រចាំប្រទេសនេះផងដែរ។

៦. ព្រះបរមរាជវាំងចតុមុខសិរីមង្គល នៃប្រទេសកម្ពុជា
ស្ថិតនៅជាប់ទន្លេប្រសព្វគ្នាបួនមុខ ញ៉ាំងព្រះបរមរាជវាំងចតុមុខសិរីមង្គល (Preah Barum Reachaviang Chaktomuk Serei Mongkol) រំលេចខ្លួនត្រដែតស្កឹមស្កៃប្រណីតលើដែនដីសុវណ្ណភូមិ។ ព្រះបរមរាជវាំងចុងក្រោយរបស់ព្រះរាជាណាចក្រកម្ពុជាមួយនេះ ត្រូវបានកសាងឡើងក្រោមស្នាព្រះហស្ដរបស់ព្រះបាទនរោត្តម (King Norodom) បន្ទាប់ពីព្រះអង្គបានប្ដូររាជធានីពីក្រុងឧដុង្គមានជ័យ កាលពីគ្រិស្ដសករាជ ១៨៦៥។

ចាប់តាំងពីពេលនោះមក ភ្នំពេញបាននៅបន្តជារាជធានីរបស់ប្រទេសកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ន ពោលគឺចាប់ពីរជ្ជកាលព្រះបាទនរោត្តម (១៨៦០-១៩០៤) ព្រះបាទស៉ីសុវត្ថិ (១៩០៤-១៩២៧) ព្រះបាទស៉ីសុវត្ថិ មុនីវង្ស (១៩២៧-១៩៤១) ព្រះបាទនរោត្តម សីហនុ (រជ្ជកាលទីមួយ ១៩៤១-១៩៥៥) ព្រះបាទនរោត្តម សុរាម្រិត (១៩៥៥-១៩៦០) ព្រះមហាក្សត្រីយានីស៉ីសុវត្ថិ កុសុមៈ នារីរ័ត្នសិរីវឌ្ឍនា (១៩៦០-១៩៧០) ព្រះបាទនរោត្តម សីហនុ (រជ្ជកាលទីពីរ ១៩៩៣-២០០៤) ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី (២០០៤ រហូតដល់បច្ចុប្បន្ន)។ គិតត្រឹមឆ្នាំ២០២១ ព្រះបរមរាជវាំងភ្នំពេញនេះមានអាយុកាល ១៥៦ ឆ្នាំហើយ។

៧. ព្រះរាជវាំងនូរូលអ៉ីម៉ាន់ នៃប្រទេសព្រុយណេ
ព្រះរាជវាំងនូរូលអ៉ីម៉ាន់ (Istana Nurul Iman) ស្ថិតនៅទីក្រុងបង់ដាសិរីបេកាវ៉ាន់ នៃប្រទេសព្រុយណេ ដែលជាទីគង់ប្រថាប់របស់ព្រះចៅស៊ូលតង់ព្រុយណេ ហាស្សាណាល់ ប៊ុលគៀស (King Hassanal Bolkiah)។ ព្រះបរមរាជវាំងនេះត្រូវបានសាងសង់ឡើងនៅគ្រិស្ដសករាជ ១៩៨៤ ដែលបានចំណាយថវិកាអស់ ៤០០ លានដុល្លារអាមេរិក។

៨. ព្រះរាជវាំងនាគរាជ នៃប្រទេសម៉ាឡេស៉ី
ព្រះរាជវាំងនាគរាជ (Istana Negara, Jalan Tuanku Abdul Halim) ស្ថិតនៅរាជធានីគូឡាឡាំពួរ នៃប្រទេសម៉ាឡេស៉ី បច្ចុប្បន្នជាទីគង់ប្រថាប់របស់ព្រះមហាក្សត្រម៉ាឡេស៉ីដែលដល់រជ្ជកាលសោយរាជ្យ។ ព្រះរាជវាំងនេះត្រូវបានកសាងឡើងនៅគ្រិស្ដសករាជ ២០០៧ និងបើកសម្ពោធជាផ្លូវការនៅគ្រិស្ដសករាជ ២០១១ ដើម្បីជំនួសព្រះរាជវាំងចាស់នៅកន្លែងផ្សេងមួយទៀត តែស្ថិតក្នុងទីក្រុងគូឡាឡាំពួរដូចគ្នា។

សូមជម្រាបថា ចំពោះប្រទេសសិង្ហបុរី និងប្រទេសហ្វីលីពីន បានបោះបង់របបរាជានិយមនេះតាំងពីពួកអាណានិគមចាស់ (ព័រទុយហ្កាល់ អេស្ប៉ាញ ហូឡង់) មានវត្តមាននៅលើដែនដីអាស៉ីអាគ្នេយ៍មកម្ល៉េះ៕