(អាមេរិក)៖ ក្រុមហ៊ុន Ford និង Google កំពុងតែឈានដល់កិច្ចព្រមព្រៀងរយៈពេល ៦ឆ្នាំ ដែលក្នុងនោះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google និងទទួលខុសត្រូវចំពោះការតភ្ជាប់បណ្ដាញអ៊ីនធើណែតដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ខ្លួន ជាមួយនឹងរថយន្ត ម៉ូដែលថ្មី របស់ Ford។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។

តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Google នឹងផ្ដល់សេវាកម្ម Cloud រួមនឹងបច្ចេកវិទ្យាផ្សេងៗមួយចំនួនទៀត សម្រាប់ តភ្ជាប់ជាមួយ នឹងរថយន្តរបស់ក្រុមហ៊ុន Ford ប៉ុន្តែគេនៅមិនទាន់ដឹងថា រថយន្តប្រភេទណាខ្លះទេ ដែលនឹងស្ថិតក្រោមកិច្ចសហការគ្នានេះ គ្រាន់តែដឹងថា Google នឹងមិនធ្វើឱ្យអតិថិជនរបស់ Ford អន់ចិត្តចំពោះសេវាកម្មរបស់ខ្លួនឡើយ។

ក្រុមហ៊ុន Ford មានគម្រោងរៀបចំរចនាសម្ព័ន្ធនៃប្រតិបត្តិការឡើងវិញ ដោយក្នុងនោះអាចនឹងប្រើប្រាស់អស់ប្រាក់ប្រមាណ ១១ពាន់លាន ដុល្លារអាមេរិក ដើម្បីប្រែក្លាយជាទៅក្រុមហ៊ុនផលិតរថយន្តដ៏អស្ចារ្យ ខណៈដែល ត្រូវចំណាយលុយរាប់លានដុល្លារផងដែរ សម្រាប់ការ អភិវឌ្ឍន៍ និង មើលទាំទៅលើ ប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ។

យោងតាមសេចក្ដីប្រកាសរបស់ Ford បានឱ្យដឹងថា នៅក្រោមកិច្ចព្រមព្រៀងនេះ រថយន្តរបស់ក្រុមហ៊ុន Ford និង Lincoln (បុត្រសម្ព័ន្ធរបស់ Ford) នឹងទទួលបានសិទ្ធិប្រើប្រាស់ពេញលេញ ទៅលើកម្មវិធី Android ដោយក្នុងនោះ កម្មវិធី Google Assistant, Google Maps និង Google Play ក៏ត្រូវបានដាក់ឱ្យប្រើផងដែរចាប់ពីឆ្នាំ២០២៣៕