(ភ្នំពេញ)៖ ក្រុមហ៊ុន Huawei បានឧបត្ថម្ភសម្ភារអេឡិចត្រូនិច ក៏ដូចជាសេវាក្នុងការប្រើប្រាស់អ៉ីនធ័រណឺត ដើម្បីជួយសម្រួលក្នុងការរៀនអនឡាញរបស់សិស្ស នៅតាមសាលាជនបទ និងទីដាច់ស្រយ៉ាលមួយចំនួន ក្រោមគម្រោងសហការជាមួយនឹងសហគមន៍នៃដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ ឬហៅថា (DIS)។

លោក នាគ ចាន់ដារិទ្ធ ប្រធានស្តីទីនៃដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ (DIS) និងជាប្រធានក្រុមនៃគម្រោង «Together Narrowing Digital Gaps» បានថ្លែងនៅក្នុងបទបង្ហាញទាក់ទងទៅនឹងគោលបំណងនៃការបង្កើតគម្រោងនេះឡើង គឺក្នុងការជួយជំរុញធ្វើយ៉ាងណាឲ្យសិស្សនៅតាមសាលាជនបទ និងសាលាដាច់ស្រយ៉ាលនៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យទទួលបានការអប់រំតាមរយៈការរៀនតាមអនឡាញ ដូចសិស្សនៅក្នុងទីក្រុងដែរ។

ម៉្យាងវិញទៀត លោក នាគ ចាន់ដារិទ្ធ យល់ឃើញថា ដោយសារតែបញ្ហាកូវីដបានធ្វើឲ្យវិស័យអប់រំស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ សាលារៀនទាំងអស់ត្រូវប្តូរមកបង្រៀនតាមអនឡាញ ប៉ុន្តែសាលាមួយចំនួននៅតាមជនបទ និងទីដាច់ស្រយ៉ាលបានជួបការលំបាកខ្លាំង ព្រោះមិនមានលទ្ធភាពក្នុងការបើកបង្រៀនអនឡាញ ដោយខ្វះនូវឧបករណ៍សម្ភារអេឡិចត្រូនិច និងមធ្យោបាយផ្សេងៗក្នុងការបង្កើតថ្នាក់បង្រៀនតាមបច្ចេកវិទ្យាអ៉ីនធ័រណេត។

បើតាមលោក នាគ ចាន់ដារិទ្ធ បានបញ្ជាក់ថា គម្រោង «Together Narrowing Digital Gaps» នេះ ជាជំហានដំបូងនឹងចុះទៅជួយសាលាពីរដែលកំពុងជួបការលំបាក ទី១៖ គឺសាលាចាន់ថ្នាល នៅក្នុងខេត្តកំពង់ស្ពឺ ដែលដាច់ស្រយ៉ាល និងមានចម្ងាយឆ្ងាយពីផ្ទះរបស់សិស្សានុសិស្សប្រវែង ២០គីឡូម៉ែត្រ។ ទី២៖ គឺសាលាសុខអានសំរោង នៅតាមផ្លូវជាតិលេខ៣ មានចម្ងាយប្រហែល ៥៤គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដែលសាលានេះក៏ជាសាលានៅតាមជនបទ ដែលមានលទ្ធភាពក្នុងការបើកបង្រៀនអនឡាញ។

បន្ថែមនេះ លោក នាគ ចាន់ដារិទ្ធ បានបន្តថា ក្នុងការជួយជំរុញដល់ដំណើរការនៃគម្រោងនេះ ខាងក្រុមហ៊ុន Huawei បានឧបត្ថម្ភជាសម្ភារអេឡិចត្រូ និចសម្រាប់ការបង្រៀនអនឡាញទៅដល់សិស្សនៅតាមជនបទដូចជា Router ចំនួន៤គ្រឿង ដោយក្នុងមួយគ្រឿងអាចបង្រៀនសិស្សបាន ១០នាក់ កុំព្យូទ័រចំនួន៤ គ្រឿង និងទូរសព្ទ Smart Phone មួយចំនួនផងដែរ។

ជាចុងក្រោយ លោក នាគ ចាន់ដារិទ្ធ ជាប្រធានក្រុមនៃគម្រោង «Together Narrowing Digital Gaps» បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Huawei ដែលបានសហការ និងឧបត្ថម្ភនៅក្នុងគម្រោងនេះ ដើម្បីជួយជំរុញនិងដោះស្រាយវិបត្តិក្នុងវិស័យអប់រំនៅតាមតំបន់ជនបទមួយចំនួនក្នុងប្រទេសកម្ពុជា។

លោក ចាន់ដារិទ្ធ សង្ឃឹមថា ក្រុមហ៊ុន Huawei នឹងនៅតែសហការ និងឧបត្ថម្ភបន្តទៀតក្នុងគម្រោងនេះ ហើយក៏អំពាវនាវដល់ក្រុមហ៊ុនដទៃទៀត ជាពិសេសដូចជាក្រុមហ៊ុន Smart Phone ក្នុងការជួយដល់ឧបត្ថម្ភសម្ភារអេឡិចត្រូ និចក្នុងការជំរុញឲ្យសាលានៅតាមជនបទមានលទ្ធភាពបានសិក្សាតាមប្រព័ន្ធអនឡាញ៕