(ទីក្រុងបាងកក)៖ ក្រុមហ៊ុន អេសស៊ីជី (SCG) សម្រេចបានប្រាក់ចំណេញនៅក្នុងឆ្នាំ២០២០ ខ្ពស់ជាងឆ្នាំ២០១៩ បើទោះបីជាមានឧបសគ្គខ្លះៗ ដែលបង្កដោយវិបត្តិកូវីដ-១៩ ក្ដី។

ភាពជោគជ័យនេះ គឺជំរុញដោយការប្ដេជ្ញាចិត្តខ្ពស់របស់បុគ្គលិក អេសស៊ីជី ទាំងអស់ ដែលបានគោរព និងអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួន នូវវិធានការប្រឆាំងនឹងកូវីដ-១៩ រួមផ្សំជាមួយនឹងភាពបត់បែន រហ័សទាន់ពេលនៅក្នុងប្រតិបត្តិការ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីស្វែងរកឱកាសថ្មីៗ សម្រាប់ការផ្ដល់នូវនវានុវត្តន៍ ផលិតផល សេវាកម្ម និងដំណោះស្រាយថ្មីៗ នៅក្នុងកាលៈទេសៈទីផ្សារដ៏លំបាកនេះ។

កិច្ចប្រឹងប្រែងទាំងអស់នេះ បានជួយធានានិរន្តរភាពនៃប្រតិបត្តិការអាជីវកម្មរបស់ អេសស៊ីជី។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន អេសស៊ីជី បានផ្ដល់ជំនួយទៅដល់តំបន់នានា ដែលមានអត្រាឆ្លងកូវីដ-១៩ខ្ពស់ ដើម្បីជួយតំបន់ទាំងនោះ ឆ្លងផុតវិបត្តិ និងវិលត្រឡប់មករកកំណើនប្រកបដោយចីរភាព។

លោក Roongrote Rangsiyopash ប្រធាន និងជាអគ្គនាយក អេសស៊ីជី បានបញ្ចេញឲ្យដឹង នូវលទ្ធផលប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុនដែលមិនទាន់ធ្វើសវនកម្ម សម្រាប់ឆ្នាំ២០២០ ដោយចំណូលពីការលក់បានធ្លាក់ចុះ ៩% បើធៀបនឹងឆ្នាំ២០១៩ ពោលគឺសម្រេចបានត្រឹម ២៦.០១២ប៊ីលានរៀល (៩,៦០២លានដុល្លារអាមេរិក) ដោយសារការធ្លាក់ចុះនូវតម្លៃផលិតផលគីមី និងបរិមាណលក់ថយចុះ។

លោកបន្ដថា ប្រាក់ចំណេញសម្រាប់ឆ្នាំ២០២០ សម្រេចបានចំនួន ៤,៤២៤ប៊ីលានរៀល (១,០៩១លានដុល្លារអាមេរិក) ដែលកើនឡើង ៧% បើធៀបនឹងតួលេខ នៃឆ្នាំ២០១៩ ដោយសារតែលទ្ធផលល្អប្រសើរនៅគ្រប់មុខធុរកិច្ច។ នៅឆ្នាំ២០២០ ចំណូលពីការលក់ផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ (HVA) បានកើនឡើងដល់១៦.៣៣៩ប៊ីលានរៀល (៤,០៣០លានដុល្លារអាមេរិក) ដែលស្មើនឹង ៣២% នៃចំណូលសរុបពីការលក់ ដែលល្អប្រសើរជាងកាលពីត្រីមាសមុន។

ចំណូលពីការលក់របស់ អេសស៊ីជី នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២០ បានធ្លាក់ចុះ ៤% បើធៀបនឹងត្រីមាសមុន ដោយសម្រេចបាន ១២,៩៦៧ប៊ីលានរៀល (៣,២២២លានដុល្លារអាមេរិក) ដោយសារកត្តាធ្លាក់ចុះ តម្រូវការតាមរដូវកាល នៅក្នុងវិស័យអាជីវកម្មស៊ីម៉ងត៍-គ្រឿងសំណង់ (CBM), ផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងផែនការបញ្ចប់ការសាងសង់ ជាស្ថាពរនូវរោងចក្រ Map Ta Phut Olefins (MOC) នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០។

ខណៈដែលការបញ្ចប់ការសាងសង់កើតឡើង នៅមុនផែនការកំណត់ក្ដី វាបានរួមចំណែកខ្លះ នាំឲ្យបរិមាណនៃការលក់ពីអាជីវកម្មផលិតផលគីមី និងការលក់ពីអាជីវកម្មស៊ីម៉ងត៍ និងគ្រឿងសំណង់មានការថមថយចុះ ដោយសារផលប៉ះពាល់ពីជំងឺឆ្លងរាតត្បាតកូវីដ-១៩ ទៅលើសេដ្ឋកិច្ចទាំងមូល ។

ដោយឡែក ក្នុងឆ្នាំ២០២០ដដែល ប្រាក់ចំណេញដែលបានកត់ត្រាចូលបញ្ជី សម្រេចបាន ១,០៧៣ប៊ីលានរៀល (២៦៣លានដុល្លារអាមេរិក) សម្រាប់ត្រីមាសទី៤ នៃឆ្នាំ២០២០ ដែលធ្លាក់ចុះ ១៧% បើធៀបនឹងត្រីមាសមុន ដោយសារលទ្ធផលអាជីវកម្ម មិនសូវគាប់ប្រសើរនៅក្នុងវិស័យស៊ីម៉ងត៍-គ្រឿងសំណង់ (CBM) ដែលបណ្ដាលមកពីដំណើរថមថយ ចុះនៃសេដ្ឋកិច្ចក្នុងអំឡុងវិបត្តិកូវីដ-១៩, ភ្លៀងធ្លាក់ខ្លាំងនិងគ្រោះទឹកជំនន់នៅក្នុងតំបន់, និងបញ្ហាខូចខាតទ្រព្យក្នុងអាជីវកម្ម CBM នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ពីប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី។

ស្របពេលជាមួយគ្នានេះដែរ ប្រាក់ចំណេញប្រចាំត្រីមាស បានកើនឡើង ១៣% បើធៀបនឹងឆ្នាំ២០១៩ ដោយសារចំណូលពីអាជីវកម្មផលិតផលគីមី មានភាពល្អប្រសើរជាង ។

ទន្ទឹមនឹងនេះដែរ ចំណូលរបស់ អេសស៊ីជី ពីប្រតិបត្តិការអាជីវកម្ម នៅខាងក្រៅប្រទេសថៃ រួមបញ្ចូលគ្នាជាមួយការលក់នាំចេញពីប្រទេសថៃ សម្រេចបាន ២១,៨៥៩ប៊ីលានរៀល (៥,៣៩១លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ២០២០ ឬស្មើនឹង ៤២% នៃចំណូលសរុបពីការលក់ ដែលខ្ពស់ជាងបន្តិចពីតួលេខឆ្នាំ២០១៩ ដែលសម្រេចបានត្រឹម ៤១%។

ផ្អែកតាមរបាយការណ៍ត្រីមាសទី៤ នៃឆ្នាំ២០២០ អេសស៊ីជី នៅកម្ពុជា មានទ្រព្យសរុបក្នុងតម្លៃចំនួន១,៦៤៨ប៊ីលានរៀល (៤០៩លានដុល្លារអាមេរិក) ដែលកើនឡើង ១៨% បើធៀបនឹងឆ្នាំ២០១៩។ ក្រុមហ៊ុនសម្រេចបានចំណូល ពីការលក់សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ ចំនួន ២៤៤ប៊ីលានរៀលរៀល (៥៩,៧លានដុល្លារអាមេរិក) ដែលរួមបញ្ចូលការលក់ពីប្រតិបត្តិការទាំងអស់នៃអាជីវកម្មផលិតស៊ីម៉ងត៍និងគ្រឿងសំណង់ ហើយតួលេខនេះបង្ហាញពីការធ្លាក់ចុះ ៣% បើធៀបនឹងឆ្នាំ២០១៩ ។ សម្រាប់ឆ្នាំ២០២០ ទីផ្សារកម្ពុជារបស់ អេសស៊ីជី សម្រេចបានចំណូលពីការលក់ចំនួន ១,០២៣ប៊ីលៀនរៀល (២៥២.៣លានដុល្លារអាមេរិក) ។

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជា បានរងនូវផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដែលមិនធ្លាប់មានពីមុនមក និងការផ្ទុះនូវករណីឆ្លងសហគមន៍ នៃជំងឺរាតត្បាតកូវីដ-១៩ ។ គ្រោះទឹកជំនន់បានបណ្ដាលឲ្យផ្លូវថ្នល់ជាច្រើន រងការខូចខាតនិងកាត់ផ្ដាច់ ដែលនាំឲ្យការដឹកជញ្ជូនស៊ីម៉ងត៍ និងគ្រឿងសំណង់ទទួលរងការប៉ះពាល់យ៉ាងខ្លាំង។

ជាលទ្ធផល ការសាងសង់នៅក្នុងតំបន់ដែលជួបគ្រោះទឹកជំនន់ ត្រូវបានអាក់ខានដំណើរការ។ ជាងនេះទៀត ដោយមានការផ្ទុះឡើងនូវករណី ឆ្លងសហគមន៍ នៃជំងឺកូវីដ-១៩ គម្រោងសាងសង់ភាគច្រើនបំផុតនៅក្នុងទីក្រុងភ្នំពេញ ត្រូវបានផ្អាក។ ប្រការនេះបានបង្កផលប៉ះពាល់ដោយផ្ទាល់ ទៅលើវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។ ប៉ុន្តែ ខណៈដែលមានការធ្លាក់ចុះនូវតម្រូវការនៅក្នុងផ្នែកសំណង់លំនៅដ្ឋាន អគារពាណិជ្ជកម្មនិងឧស្សាហកម្ម រដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងជំរុញសេដ្ឋកិច្ច តាមរយៈការបង្កើនការវិនិយោគច្រើនថែមទៀត ទៅលើហេដ្ឋារចនាសម្ព័ន្ធ។

ក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា បានបរិច្ចាគកញ្ចប់គ្រឿងឧបភោគបរិភោគដែលមានតម្លៃជាទឹកប្រាក់ចំនួន ១៦.០០០ដុល្លារអាមេរិក ទៅដល់ប្រជាជនជាង ១.៣០០គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ តាមរយៈក្រសួងរ៉ែនិងថាមពល, ក្រសួងសាធារណការនិងដឹកជញ្ជូន និងអាជ្ញាធរសាលារាជធានីភ្នំពេញ ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏បានបរិច្ចាគថវិកាចំនួន ១០,៩០០ដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ ជាផ្នែកមួយនៃគម្រោង SCG Circular Way, សហការីអេសស៊ីជីនៅកម្ពុជា បានចូលរួមនៅក្នុងការស្ថាបនាកម្រាលទីធ្លាសម្រាប់ក្មេងលេង ដោយប្រើប្រាស់សំណល់ការ៉ូឡា ពីរោងចក្របេតុងអេសស៊ីជី សម្រាប់ជាប្រយោជន៍ដល់សិស្សានុសិស្ស នៅឯសាលារៀនមួយកន្លែងនៅទីជនបទ៕