(ភ្នំពេញ)៖ ស្រីស្រស់ សេង រដ្ឋា បន្ទាប់ពីប្រកាសបោះបង់តំណែងជា «Miss Grand Cambodia 2020» ជាផ្លូវការ ក្រោយមានរឿងចម្រូងចម្រាស់ជាមួយក្រុមហ៊ុនរួចមក ពេលនេះស្រាប់តែមានដំណឹងថា រូបនាង សេង រដ្ឋា ក្តោបឱកាសចូលធ្វើជាតារាសម្តែង និងបានធ្វើជាតួឯកស្រី ក្នុងរឿងភាគថ្មីមួយ ដោយទទួលបានតម្លៃខ្លួនគួរសម។

តារាសម្ដែងជើងថ្មី មានកំណើតចេញពីការប្រកួតបវរកញ្ញាឯក កញ្ញា សេង រដ្ឋា បានថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិចថា បន្ទាប់ពីរូបនាង បានបញ្ចប់តំណែងជាម្ចាស់គ្រងមកុដ ជយលាភីកញ្ញាឯក «Miss Grand Cambodia 2020» ដោយបានធ្វើពិធីប្រគល់ និងកិច្ចសន្យាបញ្ចប់តាមនិតិវិធីច្បាប់រួចមក រូបនាងទទួលបានឱកាសសម្ដែង ជាតួឯកក្នុងរឿងភាគថ្មីមួយ ដែលជាឱកាសសាងកេរ្តិ៍ឈ្មោះ លើកដំបូងរបស់នាង ក្នុងការឈានជើងចូលក្នុងវិស័យសិល្បៈសម្ដែង។

សេង រដ្ឋា និយាយថា «ច៎ាបង..ខ្ញុំកំពុងត្រៀមខ្លួនសម្ដែងជាតួឯកក្នុងរឿងថ្មីពិតមែន ហើយរឿងនេះនឹងត្រូវរៀបចំក្រុងពាលីថតនៅថ្ងៃស្អែកនេះ ប៉ុន្តែថ្ងៃចេញថតដំបូង គឺថ្ងៃទី០៥ ខែកុម្ភៈ»។ ទោះបីជាយ៉ាងណា តារាសម្ដែង សេង រដ្ឋា មិនបានទម្លាយប្រាប់ពីតម្លៃខ្លួន ក្នុងការថតរឿងភាគនេះជាសាធារណៈឡើយ តែត្រូវបានប្រភពបង្ហើបថា មានតម្លៃគួរសមអាចឲ្យនាងទទួលយកបាន ក្នុងឱកាសដំបូងដើម្បីសាងបទពិសោធន៍ ក្នុងការងារសិល្បៈបន្ថែម។

ងាកមកទស្សនិកជនវិញ កាលដែលបានឮដំណឹងនេះហើយ គ្រប់គ្នាហាក់ទន្ទឹងរង់ចាំមើលពីស្នាដៃរបស់ សេង រដ្ឋា ក្នុងខ្សែភាពយន្តថ្មីនេះ ព្រោះកន្លងមកធ្លាប់តែឃើញសមត្ថភាព នៃការដើរម៉ូតរបស់នាងយ៉ាងទាក់ទាញ ប្រកបដោយទឹកមុខសិចស៉ីនៅលើឆាក ប៉ុន្តែគេមិនដែលឃើញនាងសម្ដែងភាពយន្តណាមួយឡើយ។

គួរជម្រាបថា កញ្ញាសេង រដ្ឋា ត្រូវបានមហាជនស្គាល់កាន់តែច្រើន ក្រោយទទួលបានជយលាភីលេខ១ ធ្វើជាម្ចាស់កមុដកម្មវិធី «Miss Grand Cambodia» ឆ្នាំ២០២០ ដោយនាងធ្វើជាបវរកញ្ញាតំណាងឲ្យខេត្តកំពង់ធំ។ កាន់តំណែងនេះបានមួយរយៈ ក៏ស្រាប់តែមានរឿងរ៉ាវចម្រូងចម្រាស់ជាមួយក្រុមហ៊ុនរៀបចំ ហើយក៏ប្រកាសលាលែងពីតំណែងតែម្តង។ ត្បិតបច្ចុប្បន្នតារាដួងនេះ មិនមានកាតព្វកិច្ចក្នុងនាមជាបវរកញ្ញាក្តី តែគេឃើញនាងមមាញឹកខ្លាំង ក្នុងអាជីពថតស្ពតពាណិជ្ជកម្ម ថតសំអាងការ ហើយពេលនេះក៏មានវត្តមានក្នុងរឿងភាគថែមទៀតផង៕