(ស៊ាងហៃ)៖ ស្ថាបនិកក្រុមហ៊ុនយក្សចិន Alibaba លោក Jack Ma ត្រូវបានគេដកឈ្មោះចេញពីបញ្ជី ថ្នាក់ដឹកនាំសហគ្រិនចិន ដែលចេញផ្សាយ ដោយ ប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋចិន ដែលនាំឱ្យគេមើលឃើញថា លោក Jack Ma ពិតជាមានបញ្ហាជាមួយនឹងរដ្ឋាភិបាលចិនពិតមែន។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។

លោក Jack Ma គឺជាអ្នកល្បីឈ្មោះ នៅក្នុងពិភពអ្នកជំនួញចិន ប៉ុន្តែថ្មីៗនេះសារព័ត៌មាន Shanghai Securities News បាន ចេញ ផ្សាយ ដោយ ពុំមានឈ្មោះលោកឡើយ ផ្ទុយទៅវិញបែរជាមានឈ្មោះរបស់លោក Ren Zhengfei ស្ថាបនិក Huawei, លោក Lei Jun ស្ថាបនិក Xiaomi និងអ្នកផ្សេងជំនួសវិញ។

សារព័ត៌មានខាងលើនេះ ក៏បានផ្សាយផងដែរថា ក្រុមហ៊ុន Alibaba នឹង បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ របស់ខ្លួននៅក្នុងសប្ដាហ៍នេះ ខណៈ ដែល Alibaba មិនបានឆ្លើយតបទៅនឹងព័ត៌មានខាងលើឡើយ។

កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ លោក Jack Ma បានថ្លែងរិះគន់ពីប្រព័ន្ធគ្រប់គ្រង់ច្បាប់របស់រដ្ឋាភិបាលចិន ដែលនាំឱ្យ មាន ការផ្អាក ការដាក់ចូលក្នុងក្រុមហ៊ុន Ant Group ចូលក្នុងផ្សារហ៊ុនដែលមានតម្លៃរហូតដល់ ៣៧ពាន់លានដុល្លារ និងក្រោយមកទៀត ក្រុមហ៊ុន Alibaba រួមនឹង Ant Group ត្រូវបាននិយតករចិនបើកការស៊ើបអង្កេតទៅលើករណីផ្សេងៗមួយចំនួនផងដែរ។

ក្រោយពីពេលនោះមក គេសង្កេតឃើញថា លោក Jack Ma បានបាត់ខ្លួនប្រមាណជាង ២ខែ ទើបលេចមុខលោកតាម វីដេអូ អនឡាញ ក្នុង កិច្ច ប្រជុំជាមួយនឹងគ្រូៗបង្រៀន ហើយចាប់ពីពេលនោះមក លោក Jack Ma ក៏បន្តបាត់ខ្លួនរហូតមកដល់បច្ចុប្បន្ន៕