(នីយ៉ុង)៖ លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA មានក្តីរំពឹងថា ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា នឹងដំណើរការដោយរលូន ដោយមានអ្នកទស្សនាក្នុងទីលានច្រើនកុះករទៀតផង។

ការថ្លែងបែបនេះត្រូវបានធ្វើនៅអំឡុងពេលបុរសសញ្ជាតិស្វីសកាត់អ៉ីតាលីខាងលើនេះ បានចូលរួមក្នុងកិច្ចប្រជុំមួយរបស់អង្គការសុខភាពពិភពលោក WHO ដែលស្តីអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងការពារជំងឺ Covid-19។ នេះយោងតាមការចេញផ្សាយដោយ Dailymail នៅថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។

លោកថា «ទម្រាំដល់ការប្រកួតដែលនឹងធ្វើឡើងនៅអំឡុងខែវិច្ឆិកា និងខែធ្នូនោះ Covid-19 ត្រូវបានកម្ចាត់ចោលហើយនាពេលនោះ តែនៅទេ នោះនឹងមានបញ្ហាធំជាមិនខានឡើយដែលអាចប៉ះពាល់ដល់ World Cup។ យើងនឹងពិនិត្យមើលស្ថានភាពជាក់ស្តែងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះទៀត ហើយក៏អនុលោមតាមការសម្រេចចិត្តនៃ រដ្ឋាភិបាលប្រទេសនីមួយៗផងដែរ ដ្បិតស្ថានភាពខុសគ្នា»

លោក Infantino បានបន្តថា ការប្រកួតមិត្តភាពនានាដែលនឹងធ្វើឡើងនាខែមីនា ឆ្នាំ២០២១ ខាងមុខនេះ ជាការធ្វើតេស្តឲ្យមានអ្នកគាំទ្រចូលរួម ដើម្បីប្រាកដថា ក្នុងរយៈពេលជិត ២ឆ្នាំទៅមុខគ្មានហានិភ័យ Covid-19 កើតឡើង។

យុទ្ធនាការដែលមានរយៈពេល ៤ឆ្នាំម្តង World Cup 2022 នៅប្រទេសកាតានោះ នឹងមាន ៣២ប្រទេសចូលរួមដដែល ដ្បិតការប្រកួតជម្រុះប្រចាំទ្វីបអាស៊ី និងអាមេរិកខាងត្បូង (ឡាទីន) បានចាប់ផ្តើមហើយ នៅឡើយតែតែទ្វីបអឺរ៉ុប នឹងចាប់ផ្តើមប្រកួតនាខែមីនា ឆ្នាំ២០២១ ខាងមុខ៕