(ក្រុងតូរីន)៖ ខ្សែប្រយុទ្ធពាក់លេខ៧ Cristiano Ronaldo រកបានទាំង ២គ្រាប់ម្នាក់ក្នុងជ័យជម្នះ ២-១ ទៅលើក្រុមម្ចាស់ផ្ទះ Inter Milan សម្រាប់ជើងទី១ នៃពាន Coppa Italia វគ្គ ៤ក្រុមចុងក្រោយ។

២គ្រាប់របស់កីឡាកវចាស់វស្សាវ័យ ៣៥ឆ្នាំ Ronaldo គឺបានកើតឡើងនៅនាទី២៦ ដោយបាល់ ១១ម៉ែត្រ ដោយសារតែ Ashley Young បានបង្កកំហុសទៅលើ Juan Cuadrado ក្នុងប្រអប់គ្រោះថ្នាក់ និងគ្រាប់ទី២ បានកើតឡើងនៅនាទី៣៥ ជាគ្រាប់វាយបក នៅក្រោយពេលខ្សែប្រយុទ្ធ Martinez រកបានគ្រាប់នាំមុខឲ្យម្ចាស់ផ្ទះតាំងពីនាទីទី៩ មកម្ល៉េះ។

Juventus តែងតែឈ្នះជានិច្ចសម្រាប់ជើងទី១ នៃវគ្គ ៤ក្រុមនៅ Coppa Italia នៅមុនពេលពួកគេបើកទ្វារកីឡដ្ឋាន Allianz Stadium ដើម្បីធ្វើម្ចាស់ផ្ទះវិញម្តងសម្រាប់ជើងទី២ នៅថ្ងៃទី១០ ខែកុម្ភៈខាងមុខ។

Juventus ដែលជាអតីតជើងពាន Coppa Italia ១៣សម័យកាលផងនោះ បានសងសឹកគូប្រជែង Inter Milan បានសម្រេចវិញហើយ នៅក្រោយពេលពួកគេបរាជ័យ ២-០ នៅ Serie A កាលខែមករា ឆ្នាំ២០២១ ហើយកំពុងទន្ទឹងរង់ចាំកៅអី ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពានឆ្នាំនេះដែរ នៅពេល Atalanta ត្រូវប៉ះ Napoli ក្នុងជើងទី១ របស់ពួកគេនារាត្រីនេះ៕