(ភ្នំពេញ)៖ កីឡាការិនីតេក្វាន់ដូ កញ្ញា ស៊ន សៀវម៉ី ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈនេះ។

ជាមួយគ្នានេះ ក្នុងព្រះរាជក្រឹត្យក៏បានតែងតាំង លោក យូ វីរៈ ជាទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារផងដែរ។

សូមបញ្ជាក់ថា ស៊ន សៀវម៉ី ជាកីឡាការិនីតេក្វាន់ដូកម្រិតប្រវត្តិសាស្ដ្ររបស់កម្ពុជា ក្រោយនាងត្រូវបាន ប្រមុខរាជរដ្ឋាភិបាល ប្រសិទ្ធនាមជាវីរកីឡាការិនី បន្ទាប់ពីកញ្ញាកែប្រែប្រវត្តិសាស្ត្រ ដណ្តើមបានមេដាយមាសកីឡាស៊ីហ្គេម កាលពីឆ្នាំ២០១៤ នៅប្រទេសកូរ៉េ។ នាងក៏ជាកីឡាការិនីកម្ពុជាដំបូង ដែលទទួលបានសិទ្ធចូលរួមព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០១៦ នៅប្រេស៊ីល និងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ៣សម័យកាលផងដែរ៕