(កូរ៉េ)៖ នៅទីបំផុត Spotify ដែលជាកម្មវិធីចាក់ផ្សាយតន្ត្រីតាមប្រព័ន្ធអនឡាញដ៏ល្បីរបស់ស៊ុយអែត បានដាក់ឲ្យដំណើរការសេវាកម្មរបស់ខ្លួនជាផ្លូវការនៅប្រទេសកូរ៉េហើយ ដោយអ្នកប្រើប្រាស់អាចទាយយកម្មវិធីនេះបានទាំងនៅ Play Store និង App Store។ ខណៈក្នុងកម្មវិធីនេះ គឺមានចម្រៀងជាភាសាកូរ៉េរាប់ម៉ឺនបទ ប៉ុន្តែគ្មានបទចម្រៀងរបស់តារាចម្រៀងស្រី IU ឡើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានកូរ៉េ The Korea Karald នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។

លោក Alex Aorstrom ប្រធានគ្រប់គ្រង ផ្នែកអាជីវកម្មនៃក្រុមហ៊ុន Spotify បាននិយាយថា វាជាដំណឹងល្អមួយសម្រាប់អ្នកចូលចិត្តស្តាប់តន្ត្រី និងសិល្បករកូរ៉េដែលបានទន្ទឹងរង់ចាំជាយូរ នៃការដាក់ឲ្យដំណើរការសេវាកម្មចាក់ផ្សាយតន្ត្រីពី Spotify។

លោកថា «យើងនឹងជួយឲ្យសិល្បកររបស់កូរ៉េ បានទំនាក់ទំនងផ្ទាល់ជាមួយអ្នកគាំទ្រ មិនថានៅតែប្រទេសកូរ៉េទេ គឺថែមទាំងអ្នកគាំទ្រលើពិភពលោកតែម្តង។ ពួកយើងនឹងធ្វើលើកិច្ចការនេះ ក្នុងឧស្សាហកម្មតន្រ្តី ដើម្បីផ្តល់នូវបទពិសោធន៍តន្ត្រីដ៏ប្រសើរសម្រាប់អ្នកប្រើប្រាស់នៅប្រទេសកូរ៉េ»

ឧស្សាហ៍កម្មតន្ត្រីក្នុងស្រុក បានលើកឡើងថា Spotify នឹងជួបផលប៉ះពាល់មួយចំនួន ដែលបណ្តាលមកពីការប្រកួតប្រជែងទីផ្សារខ្ពស់។ ជាមួយគ្នានេះ គឺនៅមិនទាន់មានការបញ្ជក់ទៅលើការផ្តល់ឲ្យ ចំពោះបទចម្រៀងក្នុងស្រុក ពីសំណាក់ក្រុមហ៊ុនចែកចាយចម្រៀង Kakao M ដែលបម្រើសេវាកម្មដូចគ្នានឹង Spotify នៅឡើយទេ ខណៈចម្រៀងទាំងនោះ គឺជារបស់តារាល្បីៗដូចជា IU, Zico និង Monsta X ជាដើម។

គួរជម្រាបថា ការចូលមកដល់ប្រទេសកូរ៉េ ពីសំណាក់កម្មវិធី Spotify នៅពេលនេះ គេកំពុងចាំមើលថា តើនឹងដំណើរការបានរលូនទៅលើវិស័យតន្ត្រីឬយ៉ាងណា ខណៈកាលពីឆ្នាំ២០១៦ Apple Music ក៏បានចូលទៅកាន់ទីផ្សារប្រទេសកូរ៉េផងដែរ ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ ដោយសារតែមានភាពលំបាកក្នុងការគ្រប់គ្រងតន្ត្រីក្នុងស្រុក និងមានទីផ្សារទាប៕