(សៀមរាប)៖ ធនាគារអេស៊ីលីដាពេលថ្មីៗនេះ បានសម្រេចចិត្តជ្រើសរើសខេត្តសៀមរាប ជាកន្លែងផ្សព្វផ្សាយផលិតផល ម៉ាកសញ្ញាថ្មី ជាពិសេស គឺផ្សព្វ ផ្សាយ និងជំរុញឱ្យប្រើប្រាស់ការទូទាត់តាមបច្ចេកវិទ្យាទំនើប គឺ អេស៊ីលីដាម៉ូបាល អ៊ែប ដែលជាអ៊ែប សម្រាប់ធ្វើការទូទាត់ការចំណាយនានា តាមប្រព័ន្ធទូរស័ព្ទដៃ។

ក្នុងការផ្សព្វផ្សាយនៅលើទឹកដីប្រវត្តិសាស្ត្រដ៏ល្បីល្បាញនេះ ធនាគារឈានមុខគេក្នុងប្រទេសកម្ពុជាមួយនេះ បានប្រើក្បួនរថយន្តរាប់រយគ្រឿង ក្នុងគោលបំណងបង្ហាញពីភាពរីកចម្រើន របស់ធនាគារ ទោះស្ថិតនៅក្នុងស្ថានភាពដ៏លំបាក នៃសេដ្ឋកិច្ចយ៉ាងណាក្ដី។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភិអិលស៊ី បានថ្លែងថា មូលហេតុដែលធ្វើឱ្យធនាគារអេស៊ីលីដា សម្រេចជ្រើសរើសយកក្រុងសៀមរាប សម្រាប់ការហែក្បួនផ្សព្វផ្សាយ និងប្រជុំថ្នាក់ដឹកនាំប្រចាំឆ្នាំ ព្រោះសៀមរាប ក៏ជាប្រវត្តិនៃការកកើតនៃធនាគារអេស៊ីលីដាផងដែរ កាលពីជិត៣០ឆ្នាំមុន។
លោកបន្តថា «កាលពីជិត៣០ឆ្នាំមុនធនាគារអេស៊ីលីដា ក៏បានយកខេត្តសៀមរាប សម្រាប់ផ្សព្វផ្សាយពីស្លាកសញ្ញារបស់ខ្លួនដែរ ហើយរយៈជិត៣០ឆ្នាំក្រោយពេល ដែលមានការផ្លាស់ប្តូរស្លាកសញ្ញាថ្មីយើង ក៏សម្រេចជ្រើសរើសយកទីតាំងចាស់ សម្រាប់ផ្សព្វផ្សាយស្លាកសញ្ញាផង និងផលិតផលថ្មីរបស់យើងផង»

លោកស្រី សុង ផល្លែន នាយិកាសាខាខេត្តបន្ទាយមានជ័យ នៃធនាគារអេស៊ីលីដា ដែលក្រុមរបស់អ្នកស្រីផ្សព្វផ្សាយបានល្អ លេចធ្លោ និងទទួលការចុះឈ្មោះម៉ូបាលអ៊ែប បានច្រើនជាងគេ បានលើកឡើងថា ពេលចុះផ្សព្វផ្សាយនេះអតិថិជនជាច្រើន បានចាប់អារម្មណ៍ ចំពោះម៉ូបាលអ៊ែប របស់ធនាគារអេស៊ីលីដា។ មិនត្រឹមតែមន្ត្រីរាជការអ្នករកស៊ី ប្រជាពលរដ្ឋធម្មតាទេ ដែលចាប់អារម្មណ៍ ព្រះសង្ឃក៏ចាប់អារម្មណ៍ផងដែរ ចំពោះ អ៊ែប នេះដោយសារតែឧបាសកឧបាសិកាងាយស្រួល ក្នុងការវេរលុយធ្វើបុណ្យ និងកសាងសមិទ្ធផលដោយមិនគិតថ្លៃ ងាយស្រួល និងរហ័ស។

លោកស្រីបានបន្តថា ពេលចុះផ្សព្វផ្សាយលោកស្រីបានពន្យល់លំអិតទាក់ទង នឹងវិធីចុះឈ្មោះប្រើប្រាស់អេស៊ីលីដា ម៉ូបាលអ៊ែប និងអត្ថប្រយោជន៍របស់វា។ លោកស្រីនាយិកាបានឱ្យដឹងថា អេស៊ីលីដាម៉ូបាលអ៊ែប ងាយស្រួលប្រើរហ័ស និងមានអត្ថប្រយោជន៍ច្រើន។

ម៉ូបាលអ៊ែបអាចផ្ទេរលុយបានច្រើន រហូតដល់២០ម៉ឺនដុល្លារ និងអាចដាក់ប្រាក់បញ្ញើបាន ១ម៉ឺនដុល្លារក្នុងមួយថ្ងៃ។ ការទូទាត់មានច្រើនអាចទូទាត់ ទៅធនាគារដៃគូជាច្រើន និងអាចផ្ទេរតាមរយៈ QR Code ឆ្លងប្រទេសថៃ។ តាមរយៈប្រព័ន្ធបាគងអាចផ្ទេរ ពីអេស៊ីលីដាទៅធនាគារផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកស្រី សុង ផល្លែន បានបញ្ជាក់ផងដែរថា អ៊ែបនេះមានជម្រើសជាភាសាខ្មែរ និងអង់គ្លេសងាយស្រួលសម្រាប់អតិថិជន។ មានអ៊ែបនៅក្នុងដៃ អាចផ្ទេរប្រាក់នៅពេលណាក៏បានចំណេញពេលវេលា ចំណេញថវិកា ដោយមិនបាច់ធ្វើដំណើរទៅធនាគារ ខាតពេលវេលាស្ទះចរាចរណ៍ និងកាត់បន្ថយហានិភ័យផ្សេងៗ។ ជាពិសេសស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន អាចការពារពីកូវីដ១៩ទៀតផង។

សូមបញ្ជាក់ថា ការចុះផ្សព្វផ្សាយនេះ ចែកជា៥ក្រុម។ ក្រុមទី១ ទទួលបានអតិថិជនច្រើនជាងគេ លោកស្រី សុង ផល្លែន នាយិកាសាខាខេត្តបន្ទាយមានជ័យ ជាតំណាងបានអោយដឹងថា ការសហការក្នុងក្រុមបានល្អ ការខិតខំ ប្រឹងប្រែង ការកំណត់ទិសដៅច្បាស់លាស់ ផ្តោតលើអតិថិជនគោលដៅពន្យល់លំអិត អំពីអ្វីដែលអតិថិជនទទួលបានអត្ថប្រយោជន៍ ពីអេស៊ីលីដាម៉ូបាល ដែលជួយដល់អាជីវកម្មរបស់គាត់ អោយកាន់តែរីកចំរើន៕