(ភ្នំពេញ)៖ បទចម្រៀងជាច្រើន របស់ផលិតកម្ម Galaxy Navatra ត្រូវបានបញ្ចេញជាបន្តបន្ទាប់ សម្រាប់អបអរពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយបទនីមួយៗទទួលបានការគាំទ្រមិនស្ទើរនោះទេ ពីទស្សនិកជន ព្រោះមានគ្រប់ចង្វាក់ ខ្លឹមសារបញ្ជាក់ពីគ្រប់រឿងរ៉ាវ នៅក្នុងសង្គមតែម្តង។ ជាក់ស្តែង បទថ្មីរបស់ តន់ ចន្ទសីម៉ា «កែកុនចង់ល្អ» ហាក់កំពុងតែបាញ់ចំបេះដូងមិត្តនារីៗ ដែលមានសម្បុរមិនសូវស ខំកែកុនលាបឡេ និងឲ្យចេះតែងខ្លួនតាមសម័យកាល លែងអៀនខ្មាសដូចមុន ដើម្បីបានភាពស្រស់ស្អាតទាន់សម័យ។

ពិតណាស់ បទចម្រៀងថ្មី «កែកុនចង់ល្អ» ត្រូវបានតារាចម្រៀងវ័យក្មេង ទឹកមុខញញឹមញញែម តន់ ចន្ទសីម៉ា បកស្រាយយ៉ាងពីរោះរណ្តំ ជាមួយស្ទីលចម្រៀងថ្មីមួយបែបទៀត បូកផ្សំទាំងខ្លឹមសារក្នុងបទចម្រៀង គឺថា ទស្សនិកជនដែលបានស្តាប់ហើយជក់ចិត្តតែម្តង។ ជាពិសេសត្រូវនឹងសាច់រឿង មិត្តនារីនាពេលបច្ចុប្បន្ន ដែលមានសម្បុរខ្មៅ ឬស្រអែម ខំប្រឹងកែកុនខ្លួន ដោយទៅទិញឡេលាបឲ្យសាច់ស ភ្លឺរលោង ខណៈមុខមាត់វិញ គឺងាកទៅធ្វើច្រមុះ ចង្ការ ឲ្យសមសួន ស៉ីវិល័យសមនឹងសម័យកាល។

ចម្រៀងមួយបទនេះ គ្រាន់តែបញ្ចេញមិនទាន់បានមួយចំអិនកំពិសផង គឺមានអ្នកគាំទ្រចូលទៅ Comment ក្នុងយូធូបផ្លូវការរបស់ផលិតកម្ម Galaxy Navatra ជាបន្តបន្ទាប់ យ៉ាងច្រើនកុះករសរសើរពីខ្លឹមសារចម្រៀង ក៏ដូចជាសំនៀងរបស់តារាវ័យក្មេង តន់ ចន្ទសីម៉ា។

ដូច្នេះចង់ដឹងថា ចម្រៀងមួយបទនេះ ពីរោះមានខ្លឹមសារយ៉ាងណា សូមរីករាយសណ្តាប់ដូចខាងក្រោម៖