(ភ្នំពេញ)៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសបេក្ខភាពក្រុមទទួលបានសិទ្ធិចូលរួមប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លើកទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ២០២១ ជាផ្លូវការហើយ ដែលមានចំនួន ២១រាជធានី-ខេត្ត លើកលែងខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី ដែលពុំមានឈ្មោះ ខណៈខេត្តព្រៃវែង ត្រូវឡើងមកលេងក្របខណ្ឌលីគកំពូលកម្ពុជា ហើយក៏មានសិទ្ធិលេងពានសម្ដេចតេជោ-ថ្នាក់ជាតិផងដែរ។

ចំពោះរាជធានី-ខេត្ត ដែលត្រៀមប្រជែងជើងឯកពានសម្ដេចតេជោ-ថ្នាក់ខេត្តឆ្នាំនេះ រួមមានរាជធានីភ្នំពេញ ខេត្តប៉ៃលិន ខេត្តត្បូងឃ្មុំ ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តឧត្ដរមានជ័យ ខេត្តស្វាយរៀង ខេត្តកំពត ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តកណ្ដាល ខេត្តកំពង់ចាម ខេត្តកែប ខេត្តរតនគិរី និងខេត្តតាកែវ។

ទន្ទឹមជាមួយគ្នា CNCC ក៏បានភ្ជាប់ជាមួយនូវទីលានប្រកួតដែលរាជធានី-ខេត្តនីមួយៗ ត្រូវប្រើប្រាស់ជាទឹកដីប្រកួតផងដែរ បន្ទាប់ពីគណៈកម្មការបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង CNCC បានបញ្ចប់ការចុះត្រួតពិនិត្យស្ថានភាពទីលានកាលពីថ្មីៗកន្លងទៅ។

ប៉ុន្ដែខេត្តក្រចេះ និងស្ទឹងត្រែង ដែលអវត្តមានពីការប្រកួតពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ដ្រីនេះ ដោយសារខេត្តទាំងពីរ មិនបានចុះឈ្មោះចូលរួម ផ្ទុយពីខេត្តមណ្ឌលគិរី ដែលបានចុះឈ្មោះចូលរួម តែដោយសារមានបញ្ហាទីលាន ហើយខេត្តទល់ដែនមួយនេះ ពុំបានធ្វើសំណើខ្ចីទីលានផ្សេង ធ្វើជាទឹកដីប្រកួត CNCC ក៏សម្រេចមិនអនុញ្ញាតឲ្យខេត្តមណ្ឌលគិរីចូលរួមការប្រកួតព្រឹត្តិការណ៍ប្រចាំឆ្នាំនេះតែម្ដង។

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ នឹងបែងចែកការប្រកួតជា ២ដំណាក់កាលធំៗដដែល ពោលគឺការប្រកួតពានរង្វាន់ថ្នាក់ខេត្ត ដែលគ្រោងប្រកួតចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ដល់ថ្ងៃទី១៦ ខែមិថុនា មុនបន្ដការប្រកួតពានរង្វាន់ថ្នាក់ជាតិ ដែលគ្រោងចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៧ ខែកក្កដា រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ៕