(ភ្នំពេញ)៖ បន្ទាប់ពីថ្ងៃចាប់ផ្តើមបុកគ្រឹះនៅចុងឆ្នាំ ២០១៨ មកទល់ពេលនេះ ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល សម្រេចបាន ៥០% ហើយនៃគម្រោងទាំងមូល ដោយពុំមានការពន្យាពេលដោយហេតុផលណាមួយឡើយ ហើយរយៈពេលនៃការសាងសងនេះ ត្រូវបានសម្រេចដូចការរំពឹងទុក ដើម្បីត្រៀមប្រកាសបើកអោយដៃគូរពណិជ្ជកម្មនានាកក់ជួលយកទីតាំងក្នុងផ្សារដ៏មានសក្តានុពលមួយនេះ ចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះតទៅ។

លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បង្ហាញនូវការតាំងចិត្តរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនរបស់យ៉ាងដូច្នេះថា ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុងរីថែល នៅតែបន្តឈរលើជំហ៊រដ៏រឹងមាំក្នុងការសម្រេចអោយបាននូវសមិទ្ធផលនៃគម្រោងសាងសង់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល តាមពេលវេលា និង ផែនការគ្រោងទុក ដើម្បីត្រៀមបើកសម្ពោធនៅឆ្នាំ ២០២២ បើទោះបីជាស្ថានភាព កូវីដ ក៏ដោយ។

លោកបន្តទៀតថា «ការតាំងចិត្តនេះមិនមែនសម្រាប់តែផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉លនោះទេ សូម្បីតែគម្រោងសំណង់ម៉លផ្សេងទៀតដូចជា ជីប ម៉ុង សែនសុខម៉ល ជីប ម៉ុង ៥៩៨ ម៉ល ជីប ម៉ុង ថៅវើល៍ ជីបម៉ុងម៉ល៦A នៅតែដំណើរការដូចធម្មតា ហើយសម្រេចបានលទ្ធផលដូចការរំពឹងទុក ខ្ញុំពិតជាមានមោទនភាពដែលបានចូលរួមជាផ្នែកមួយនៃការកិច្ចខំប្រឹងប្រែងនេះ»

សូមបញ្ជាក់ផងដែរថាគម្រោងសាងសង់ ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង មេហ្គាម៉ល ២៧១នេះ គឺស្ថិតនៅក្នុងបរិវេនបុរី ជីប ម៉ុង ផាកលែន ២៧១ ទំហុំផ្ទៃដី ៤៣ ហិចតា កម្ពស់៤ជាន់ ដោយក្នុងនោះផ្ទៃក្រឡាសរុបរបស់ផ្សារទំនើបនេះមានចំនួនរហូតដល់ ១៦ម៉ឺនម៉ែត្រការ៉េឯណោះ ហើយចំនួនដែលអាចជួលឲ្យដៃគូរពាណិជ្ជកម្មបានមាន ប្រមាណជា ៦ម៉ឺនម៉ែត្រការ៉េ សម្រាប់អាជីវកម្មបែបទំនើប ដើម្បីបំពេញតម្រូវការជីវភាពបែបស៊ីវិល័យរបស់ពលរដ្ឋកម្ពុជានាពេលបច្ចប្បន្ន៕