(ភ្នំពេញ)៖ តារាចម្រៀងរាងតូចច្រឡឹង ដើមទ្រូងណែនក្បំ ប្រចាំនៅក្នុងផលិតកម្ម ថោន កញ្ញា រតនៈ ពិសី ដែលគ្រប់គ្នាធ្លាប់ឃើញវត្តមានរបស់នាង ក្នុងខ្សែភាពយន្ត និង MV ចម្រៀងនោះ នៅពេលនេះបាន ងាកមកស្រវាប្រកបរបរថ្មី ខណៈបច្ចុប្បន្នកំពុងតែពង្រឹងជំនួញដល់ទៅ៣ ក្នុងដៃ ក្នុងពេលតែមួយ និងផ្ដើមការងារសិល្បៈឡើងវិញ។ ការងាកបើកជំនួញ និងចាប់ផ្ដើមការងារសិល្បៈឡើងវិញនេះ គឺបន្ទាប់ពីគេសង្កេតឃើញថា ដោយសារស្ថានភាព នៃជំងឺកូវីដ១៩ ហាក់ស្ងាប់ស្ងាត់បន្តិច ធ្វើឲ្យនាងចង់ធ្វើខ្លួនឲ្យរវល់ជាថ្មី លែងចង់សម្រាកនៅសំងំតែក្នុងផ្ទះដូចមុន។

ស្រីស្រស់សម្រស់មានមន្តស្នេហ៍ រតនៈ ពិសី បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅថ្ងៃនេះថា ដោយសារបញ្ហាវីរុសកូវីដ១៩ ហាក់ស្ងប់ស្ងាត់បន្តិច ធ្វើឲ្យនាងចាប់ផ្ដើម ការងារសិល្បៈឡើងវិញ និងងាកទៅពង្រឹងមុខរបរ ដែលមានស្រាប់ឲ្យកាន់តែរឹងមាំ និងបន្ថែមរបរមួយចំនួនផ្សេងទៀត។ អ្វីដែលថ្មីបន្ថែមពីជំនួញចាស់ គឺនាងបាននាំចូលផលិតអាហារបំប៉នសុខភាពសុទ្ធ ពីសហរដ្ឋអាមេរិក ហើយយកមកលក់នៅក្នុងប្រទេសកម្ពុជា តាមរយៈការបើកជាម៉ាត។

តារាចម្រៀង រតនៈ ពិសី បាននិយាយថា «ចា៎..បង! ខ្ញុំបានបង្កើតក្រុមហ៊ុនមួយឈ្មោះថា អេលីឃេភី ត្រេឌីង ឯ.ក ដែលទើបតែទទួលបានវិញ្ញាបនបត្រ ពីក្រសួងពាណិជ្ជកម្ម និងទទួលបានសិទ្ធនាំចូលផលិតផលអាហារបំប៉ន សុខភាពពីសហរដ្ឋអាមេរិក ហើយក្រុមហ៊ុននេះដែរ គឺចំណាយដើមទុនជាង១០ម៉ឺនដុល្លារ»។

កញ្ញា បន្តថា «សម្រាប់ជំនួញនេះ គឺមានភាគហ៊ុនបងស្រីខ្ញុំ៥០ភាគរយ និងប្រាក់របស់ខ្ញុំរួមជាមួយគូស្នេហ៍ដែលជាអនិកជនខ្មែរ រស់នៅអាមេរិក ខណៈជំនួញធំៗទាំងបីរនោះ រួមមានទី១ ហាងម៉ាស្សា ស្ប៉ា និងស្ទីម,
ទី២ ខ្ញុំបន្ថែមសាឡន កាត់សក់ ម៉ាស្សាមុខ សំអាតត្រចៀកសម្រាប់បុរស និងទី៣ គឺទើបចាប់ផ្តើមបើកមីនីម៉ាត លក់និងនាំចូលផលិតផលអាហារបំប៉នសុខភាព សុទ្ធពីអាមេរិក..!»។

ដោយឡែកសម្រាប់រឿងរ៉ាវស្នេហា ជាមួយនឹងម្ចាស់ចិត្តរបស់នាង ដែលជាអនិកជនខ្មែររស់នៅអាមេរិកនោះ ក៏ហាក់បីដូចជាស្ងប់ស្ងាត់ ក្នុងអំឡុងពេលកូវីដ១៩ វាយលុក ព្រោះតែជើងហោះហើនានាត្រូវបានផ្អាក ធ្វើឲ្យនាង និងគូស្នេហ៍មិនបានជួបគ្នា។ ប៉ុន្តែជំនួញរកស៊ីថ្មីរបស់នាង ក្នុងការនាំផលិតផលមកពីសហរដ្ឋអាមេរិក គឺត្រូវបានគេដឹងថា មានការសម្របសម្រួលពីគូស្នេហ៍របស់នាង ទើបការងារនេះប្រព្រឹត្តិទៅដោយរលូន និងទទួលស្គាល់ទៅតាមច្បាប់។

យ៉ាងណាមិញ ងាកមកការងារសិល្បៈវិញ កន្លងមក កញ្ញា រតនៈ ពិសី ធ្លាប់ត្រូវបានអ្នករៀបចំកម្មវិធីជ្រើស ជាតារាចម្រៀងតំណាងប្រទេសកម្ពុជា ក្នុងការសម្ដែងសិល្បៈទ្រង់ទ្រាយធំ ប្រចាំឆ្នាំ ដែលមានឈ្មោះថា «ASEAN-China TV Drama Week» ដែលបានធ្វើឡើងនៅក្នុងប្រទេសចិន កាលពីពេលកន្លងទៅ។ បន្ថែមពីនេះ នាងក៏បានចេញទៅសម្តែងច្រៀងរយៈពេល៣ខែ នៅប្រទេសអូស្ត្រាលីផងដែរ៕