(ភ្នំពេញ)៖ ក្រុមហ៊ុនសែលកាត បានចូលរួមអបអរសាទរដល់កីឡាករទទួលជ័យជម្នះទាំងអស់ នៅក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ នៅរាជធានីភ្នំពេញ កាលពីចុងសប្តាហ៍មុន។

ក្នុងនាមជាអ្នកចូលរួមឧបត្ថម្ភធំសម្រាប់ការប្រកួតជ្រើសរើសជើងឯកនេះ សែលកាតពិតជាមានមោទនភាពបំផុតក្នុងការជួយគាំទ្រដល់កីឡាករខ្មែរ ស្របពេលដែលពួកគេនឹងក្លាយខ្លួនជាតំណាងឱ្យប្រទេសកម្ពុជា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម ដែលនឹងប្រព្រឹត្តទៅនៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២១នេះ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានចូលរួមនៅក្នុងពិធីបើកការប្រកួតកាលពីសប្តាហ៍កន្លងទៅនេះ បានថ្លែងឱ្យដឹងថា ក្នុងនាមសែលកាត ជាក្រុមហ៊ុនដែលជាមោទនភាពរបស់ជាតិខ្មែរ និងជាក្រុមហ៊ុនទូរគមនាគមន៍មានកម្មសិទ្ធិ ១០០% ជាជាតិខ្មែរតែមួយគត់ មានន័យថា នេះគឺជាការចូលរួមចំណែកមួយជួយគាំទ្រដល់កីឡាករគុនខ្មែរ។

កម្មវិធីបញ្ចប់នៃការប្រកួតកីឡារប្រដាល់គុនខ្មែរជ្រើសរើសជើងឯកនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅឯពហុកីឡដ្ឋានស្តាតចាស់ (មជ្ឈមណ្ឌលកីឡានៃកងយោធពលខេមរភូមិន្ទ) ហើយត្រូវបានរៀបចំឡើងដោយសហព័ន្ធគុនខ្មែរ ក្រោមការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC)។

កីឡាករចំនួន ១០៦នាក់ មកពីសមាគមចំនួន១៦ បានចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកឆ្នាំនេះហើយទន្ទឹមនឹងនោះ លោក វ៉ាតសុន បានកត់សម្គាល់ឱ្យដឹងថា៖ «គុនខ្មែរ គឺជាផ្នែកដ៏សំខាន់បំផុតមួយនៃកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងកីឡាដ៏រុងរឿងអស្ចារ្យរបស់កម្ពុជា។ ពួកយើងសូមចូលរួមសម្តែងការអបអរសាទរដល់អ្នកដែលបានចូលរួមទាំងអស់ ហើយជាការពិតណាស់ កីឡាកររបស់យើង នឹងកាន់បង្ហាញទង់ជាតិខ្មែរប្រកបដោយភាពមោទនបំផុត នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ ជាក់ជាមិនខាន»

ខាងក្រោមនេះ គឺជាឈ្មោះកីឡាករទាំងអស់ ដែលបានទទួលមេដាយមាស នៅក្នុងការប្រកួតជ្រើសរើសជើងឯកគុនខ្មែរ៖

* ភុន ពិសិដ្ឋ ក្នុងប្រភេទទំងន់ ៤៥គីឡូក្រាម មកពីសមាគមមហាផ្ទៃ
* សៀវ សំណាង ក្នុងប្រភេទទំងន់ ៤៨គីឡូក្រាម មកពីសមាគមការពារជាតិ
* ខាំ ខ្លានាង ក្នុងប្រភេទទំងន់ ៥១គីឡូក្រាម មកពីសមាគមស្វាយរៀង
* កាន់ ម៉េងហុង ក្នុងប្រភេទទំងន់ ៥៤គីឡូក្រាម មកពីសមាគមមហាផ្ទៃ
* ប៊ុន គន្ធា ក្នុងប្រភេទទំងន់ ៥៤គីឡូក្រាម មកពីសមាគមមហាផ្ទៃ
* ឃុន បូរ៉ា ក្នុងប្រភេទទំងន់ ៥៧គីឡូក្រាម មកពីសមាគមការពារជាតិ
* ប៉ោ ភារិទ្ធ ក្នុងប្រភេទទំងន់ ៦៣គីឡូក្រាម មកពីសមាគមកោះកុង
* លន បញ្ញា ក្នុងប្រភេទទំងន់ ៦៧គីឡូក្រាម មកពីសមាគមការពារជាតិ
* ឡៅ ចន្ទ្រា ក្នុងប្រភេទទំងន់ ៧១គីឡូក្រាម មកពីសមាគមការពារជាតិ។

ព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ខណៈប្រទេសកម្ពុជា គ្រោងនឹងរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូងរបស់ខ្លួន នៅឆ្នាំ២០២៣ ខាងមុខនេះ។

«ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពិតជាមានសេចក្តីសោមនស្សរីករាយបំផុត ដែលបានចូលរួមគាំទ្រដល់ប្រទេសកម្ពុជា ក៏ដូចជាកីឡាករខ្មែរយើង នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាដ៏អស្ចារ្យនេះ»។ នេះជាការបញ្ជាក់បន្ថែមពីក្រុមហ៊ុនសែលខាត៕