(ភ្នំពេញ)៖ នៅក្នុងកម្មវិធី «កិច្ចសម្ភាសន៍ការងា» ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបានសហការជាមួយក្រុមហ៊ុនធំៗចំនួន២។ ជាលទ្ធផលឃើញថា មានសិស្ស\និស្សិត យុវជន អ្នកស្វែងរកការងារធ្វើ បានមកដាក់ពាក្យ និងសម្ភាសផ្ទាល់ ចំនួន ២០៥នាក់ (ស្រី ១៣៧នាក់) ដែលក្នុងនោះ បេក្ខជនចំនួន ១៧នាក់ជាប់ជាស្ថាពរ និង ១៣១នាក់ទៀត ជាប់បឋមជាមួយក្រុមហ៊ុនទាំង២។

ក្រុមហ៊ុនធំៗទាំង២ ដែលបានចូលរួមក្នុងកម្មវិធីកិច្ចសម្ភាសន៍ការងារនេះ ដើម្បីជ្រើសរើសបុគ្គលិកនោះ រួមមាន៖ ធនាគារ ស្ថាបនា, ក្រុមហ៊ុន ម៉ាស្ទ័រ ស៊ុគីស៊ុប។

បើតាមលោក ឆោម សុខឿន មន្ត្រីមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ដែលសម្របសម្រួលការរៀបចំព្រឹត្តិការណ៍ នេះបានឲ្យដឹងថា កិច្ចសម្ភាសន៍ការងារប្រចាំខែកុម្ភៈនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ភាគីនិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិក ទាំងពេលបច្ចុប្បន្ន និងអនាគត ឲ្យពួកគាត់មានឱកាសបានជួបជាមួយអ្នកកំពុងស្វែងរកការងារធ្វើដោយផ្ទាល់ ដើម្បីយកទៅបំពេញបន្ថែមនូវក្នុងបេសកម្ម និងចក្ខុវិស័យរបស់ក្រុមហ៊ុន ម៉្យាងទៀតជាការបង្កើនការផ្សព្វផ្សាយពីផ្លាកយីហោ និមិត្តសញ្ញាទៅដល់ភាគីចូលរួមទាំងអស់ផងដែរ។

លោកបន្តថា អ្នកដែលមានបំណងស្វែងរកការងារ ឬចង់ផ្លាស់ប្ដូរបទពិសោធន៍ការងារ គឺគ្រាន់តែកាន់ប្រវត្តិរូបសង្ខេប (CV) និងរៀបចំខ្លួនឱ្យបានសមរម្យដើម្បីត្រៀមជួបសម្ភាសន៍ផ្ទាល់ជាមួយតំណាងក្រុមហ៊ុនធំៗទាំងនោះ នៅថ្ងៃកម្មវិធីតែម្ដង។

ការរៀបចំកម្មវិធីនេះត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសេរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

គួរបញ្ជាក់ផងដែរថា កម្មវិធី «កិច្ចសម្ភាសន៍ប្រចាំខែ» គឺជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបាន កាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។

សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៉ីអេ ខ្មែរ)៕