(កូរ៉េ)៖ ក្រុមចម្រៀង K-POP នារីល្បីឈ្មោះ BLACKPINK ត្រូវបានគេមើលឃើញថា ការប្រគំតន្រ្តីរបស់ពួកគេឈ្មោះថា «The Show» ដែលធ្វើឡើង កាលពីចុងខែមករា ឆ្នាំ២០២១នេះ មានរយៈពេលត្រឹមតែ៨៥នាទីប៉ុណ្ណោះ រកចំណូលបានប្រមាណ ១០.៥ លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន India Time នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១។

«The Show» គឺជាការប្រគំតន្រ្តីតាមអនឡាញលើកដំបូង របស់ក្រុមចម្រៀង BLACKPINK ដែលធ្វើឡើងតាមរយៈការផ្សាយផ្ទាល់អនឡាញ ស្របពេលមានជំងឺរាតត្បាតកូវីដ១៩ ខណៈកម្មវិធីនេះប្រមូល ទាក់ទាញបានអ្នកចូលទស្សនារាប់ម៉ឺននាក់ និងទទួលបានប្រាក់រាប់លានដុល្លារផងដែរ។

តាមរបាយការណ៍បឋមបានឲ្យដឹងថា ការប្រគំតន្រ្តីរយៈពេល ៨៥ នាទី មានការចូលទស្សនាពីមនុស្សចំនួន ២៨០,០០០ នាក់ ខណៈសំបុត្រនៃការចូលទស្សនាជាមធ្យមមានតម្លៃចន្លោះពី ៣០ទៅ៤០ដុល្លារក្នុងម្នាក់ ដែលធ្វើឲ្យប្រាក់ចំណូលពីការលក់សំបុត្រជាមធ្យមចំនួន ១១.៧ ពាន់លានវ៉ុន ឬប្រមាណ១០.៥លានដុល្លារ។

យ៉ាណាមិញ ពាក់ព័ន្ធនឹងប្រាក់ចំណូលទាំងនេះ ផលិតកម្ម YG នៅមិនទាន់បង្ហាញជាផ្លូវការ ខណៈនេះគ្រាន់តែជាតួលេខរបស់ក្រុមអ្នកវិភាគមួយចំនួន សន្និដ្ឋានប៉ុណ្ណោះ៕