(ក្រុងឡុងដ៍)៖ ខ្សែប្រយុទ្ធរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur កីឡាករ Harry Kane អាចវិលត្រឡប់មកប្រកួតវិញបាន ពេល Spurs ប៉ះគូប្រជែង Everton ក្នុងក្របខណ្ឌ FA Cup នៅថ្ងៃពុធសប្តាហ៍ក្រោយ បន្ទាប់ពីបានជាសះស្បើយយ៉ាងឆាប់រហ័សពីរបួសកជើងកាលពីសប្តាហ៍មុន។ នេះបើតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

ខ្សែប្រយុទ្ធពាក់លេខ១០ Harry Kane បានរងរបួសកជើងនៅអំឡុងក្លិប Spurs ប្រកួតចាញ់ Liverpool ៣-១ នៅ Premier League ដែលធ្វើឲ្យកិឡាករអង់គ្លេសរូបនេះខកខាន ១ប្រកួតនៅឡើយក្នុងក្លិបដែលមានមូលដ្ឋាននៅទីក្រុង London ប្រទេសអង់គ្លេស។

អ្នកចាត់ការទូទៅក្លិប Spurs លោក Jose Mourinho បានប្រាប់ពីការប៉ាន់ស្មានពីប្រធានក្រុមបាល់ទាត់អង់គ្លេសរូបនេះ នៅក្នុងពេលដែលលោកបានប្រាប់ទៅកាន់សារព័ត៌មាន មុនពេលការប្រកួតក្នុងក្របខណ្ឌ Premier League នាថ្ងៃព្រហស្បតិ៍ជាមួយនឹងក្លិប Chelsea ដែលជាអតីតក្លិបចាស់លោកធ្លាប់ដឹកនាំ។

Tottenham នឹងត្រូវធ្វើដំណើរទៅជួបក្រុម Everton នៅថ្ងៃពុធសប្តាហ៍ក្រោយ សម្រាប់ការប្រកួតជុំទី៥ ហើយនឹងជួបជាមួយក្រុម Manchester City នៅ៣ថ្ងៃបន្ទាប់នៅ Premier League៕