(មេលប៊ិន)៖ កីឡាករ និងមន្រ្តីកីឡារហូតដល់ទៅ៦០០នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប្រកួតវាយកូនបាល់ Australian Open ឆ្នាំ២០២១ នេះ ត្រូវរស់នៅដាច់ដោយឡែកពីគេបណ្តោះអាសន្នសិន បន្ទាប់ពីអ្នកធ្វើការនៅសណ្ឋាគារចត្តាឡីស័កម្នាក់ នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី បានលាប់ជំងឺ COVID-19 នៅក្នុងការធ្វើតេស្តនាថ្ងៃពុធ ទី០៣ ខែកុម្ភៈ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃទី04 ខែកុម្ភៈ។

ការប្រកួតកម្តៅសាច់ដុំចំនួន ៦លើកនាថ្ងៃព្រហស្បតិ៍នេះ ដើម្បីត្រៀមលេងចាប់ផ្តើមយុទ្ធនាការកម្រិត Grand Slam នាសប្តាហ៍ក្រោយនៅឧទ្យាន Melbourne Park ត្រូវបានលុបចោល ប៉ុន្តែប្រធានរដ្ឋ Victoria លោក Daniel Andrews បានលើកឡើងថា ករណីនេះ នឹងមិនមានការប៉ះពាល់ដល់ព្រឹត្តិការណ៍ Australian Open ឆ្នាំនេះទេ ដែលនឹងចាប់ផ្តើមឡើងនៅថ្ងៃចន្ទ ទី០៨ ខែកុម្ភៈដ៏ខ្លីខាងមុខនេះ។

លោកថា «មនុស្សប្រមាណ ៥០០ទៅ៦០០នាក់ដែលជាកីឡាករ និងមន្ត្រីមានការជាប់ពាក់ព័ន្ធ ក៏ដូចជាត្រៀមចូលរួមក្នុងព្រឹត្តិការណ៍នេះ ពួកគេនឹងត្រូវរស់នៅដាច់ដោយឡែកពីគេរហូតពួកគេទទួលបានលទ្ធផលអវិជ្ជមានឡើងវិញទាំងអ្នកឆ្លង និងមិនឆ្លងក្តី ហើយការងារនោះ នឹងចប់នៅថ្ងៃស្អែកស្អែកនេះ»

ស្ថាប័ន COVID-19 Quarantine Victoria (CQV) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្មករម្នាក់ ដែលជាបុរសធ្វើការវេនចុងក្រោយរបស់ខ្លួននៅឯសណ្ឋាគារ Grand Hyatt Hotel នាទីក្រុង Melbourne នៅថ្ងៃទី២៩ ខែមករា, បានត្រឡប់រកឃើញវិជ្ជមានវិញ (លាប់) នៃវីរ៉ុស COVID-19 នៅថ្ងៃពុធម្សិលមិញ។

គួររំលឹកថា កីឡាករ បុគ្គលិក គ្រូបង្វឹក និងមន្ត្រីប្រមាណ ១,២០០នាក់បានទៅដល់អូស្ត្រាលីនៅពាក់កណ្តាលខែមករា ដើម្បីចូលរួមប្រកួត Australian Open 2021 ក្នុងកម្រិត Grand Slam ហើយបានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយក្នុងនោះ Grand Hyatt ក៏ជាសណ្ឋាគារមួយ ក្នុងចំណោមសណ្ឋាគារជាច្រើនទៀតដែលប្រើប្រាស់សម្រាប់ការធ្វើចត្តាឡីស័កនេះ៕