(អាមេរិក)៖ ក្រុមហ៊ុនធនាគារអនឡាញយក្ស និងដំបូងគេ PayPal Holdings Inc (PayPal ) បានប្រកាសបង្ហាញពីរបាយការណ៍ ហិរញ្ញវត្ថុ ត្រីមាសចុងឆ្នាំ២០២០ ដោយក្នុងនោះប្រាក់ចំណូលបានកើនឡើងខ្ពស់ ខណៈដែល ការទូទាត់ប្រាក់តាមសេវាកម្មរបស់ធនាគារមួយនេះ កើន ឡើងរហូតដល់ ២៧៧ពាន់លានដុល្លារ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា នៅត្រីមាសវិស្សមកាលចុង
ឆ្នាំ២០២០ ក្រុមហ៊ុន PayPal បានកើនឡើងនូវចំនួនអ្នកប្រើប្រាស់រហូតដល់ ៧២.៧លាននាន់ នៅជុំវិញពិភពលោក ដោយក្នុងនោះនៅ ត្រីមាសទី៤ ឆ្នាំ២០២០ មានអ្នកប្រើប្រាស់ថ្មី ១៦លាននាក់ ពោលគឺដោយសារតែវាជា រដូវកាលលក់ទំនិញបញ្ចុះតម្លៃ និងដោយសារតែ វិបត្តិ កូវីដ-១៩ ដោយតម្រូវឱ្យមានការទូទាត់សាច់ប្រាក់តាមអនឡាញ។

ក្រុមហ៊ុន PayPal បានប្រកាសថា ពេញមួយត្រីមាសទី៤ មានការទូទាត់សាច់ប្រាក់ តាមរយៈ PayPal មានចំនួន ២៧៧ពាន់លានដុល្លារ កើនឡើង ៣៩ភាគរយ ដោយ ក្នុងនោះ PayPal រកបានប្រាក់ចំណូល ៦.១២ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើង ២៣ភាគរយ។

លោក Dan Schulman នាយកប្រតិបត្តិ PayPal បាននិយាយថា «អរគុណត្រីមាសទី៤ ឆ្នាំ២០២០ ដែលនាំឱ្យ PayPal សម្រេចបាន គោល ដៅ ហើយសង្ឃឹមថា នៅឆ្នាំ២០២១នេះ ប្រាក់ចំណូលនឹងកើនឡើងខ្ពស់ជាងការរំពឹងទុកទៀត»

ក្រោយពីប្រកាសបង្ហាញរបាយការណ៍នេះហើយ តម្លៃភាគហ៊ុនរបស់ PayPal ក៏បានកើនឡើង ២ភាគរយផង ដោយតម្លៃ ២៥៧.០៦ដុល្លារ ក្នុង មួយហ៊ុន៕