(លីវើភូល)៖ លោក Jurgen Klopp អ្នកចាត់ការទូទៅ Liverpool បានថ្លែងថា កីឡាករ Diogo Jota នឹងបន្តអវត្តមាន ជាច្រើនសប្តាហ៍ទៀតដោយសារបញ្ហារបួសជង្គង់របស់គេ នៅពេលមិត្តរួមក្រុម Sadio Mane អាចចូលលេងបានវិញ ពេល Liverpool ប៉ះ Manchester City ថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

Jota បានអវត្តមានពីទីលានប្រកួតតាំងពីខែធ្នូ ឆ្នាំ២០២០ មក បន្ទាប់ពីរងរបួសជង្គង់ជាទម្ងន់ គ្រាដែលខ្សែប្រយុទ្ធដូចគ្នា Sadio Mane ទើបតែអវត្តមាន ២ប្រកួតប៉ុណ្ណោះ ដោយសារបញ្ហារបួសសាច់ដុំ។

Liverpool ដែលជាក្រុមការពារតំណែងជើងឯក Premier League ក្នុងរដូវកាលនេះ បានភ្លាត់ស្នៀតចាញ់នៅ Anfield ជាលើកទី២ ក្នុងលទ្ធផល ១-០ ក្រោមថ្វីជើងរបស់ Brighton and Hove Albion នារាត្រីថ្ងៃពុធ ទី០៣ ខែកុម្ភៈ ដែលធ្វើឲ្យក្រុមខ្លាំងប្រចាំទីក្រុង Liverpool នៃប្រទេសអង់គ្លេសមួយនេះបន្តដាច់ ៧ពិន្ទុពីក្រុមកំពូលតារាង Man City គិតត្រឹម ២២សប្តាហ៍ក្នុងជើងទី២ នេះ។

លោក Klopp បានថ្លែងក្នុងសន្និសីទដែលត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រ Live Score ថា «ចំពោះបញ្ហា របួស Jota នៅមិនទាន់អាចកំណត់ពីការវិលវិញបានទេក្នុងរយៈពេល ២-៣ទៅ៤សប្តាហ៍ទៀត តែបើបញ្ហារបួសរបស់ Mane បានធូរស្បើយច្រើនហើយ និងអាចដាក់ចូលលេងពេលប៉ះ City នៅរាត្រីថ្ងៃអាទិត្យបាន»