(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាយ.ធី.អេហ្វ (ITF) កម្ពុជាបានថ្លែងថា «ការដាក់ផែនការយុទ្ធសាស្ត្រ ឲ្យប្រភេទកីឡាតេក្វាន់ដូ ITF កម្ពុជាប្រជែងមេដាយមាសឲ្យបាន ១៥គ្រឿង គឺជាអម្រែកមួយដ៏ធ្ងន់ ប៉ុន្តែការវាយតម្លៃដែលឲ្យយើងដាក់គោលដៅឈ្នះមេដាយមាសបែបនេះ គឺជាមោទនភាពដ៏ធំធេងរបស់យើងទៅវិញទេ»។

លោក កែវ រ៉េមី បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួតដំឡើងថ្នាក់ដាន់របស់កីឡាករ-កីឡាករិនីជម្រើសជាតិ នាល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលហ្វឹកហាត់របស់សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោកថា «ការវាយតម្លៃនេះ បានកម្រិតឲ្យប្រភេទកីឡាតេក្វាន់ដូ ITF ដណ្តើមមេដាយមាសឲ្យបាន ១៥គ្រឿង គឺមិនមែនជារឿងសាមញ្ញទេ ពោលគឺច្រើនជាងគេតែម្តង។ ជាធម្មតា ការកម្រិតនូវមេដាយមាស ១៥គ្រឿងនេះ គឺជាអម្រែកមួយដ៏ធ្ងន់ ប៉ុន្តែការវាយតម្លៃនេះ ក៏ជាមោទនភាពរបស់យើងដែរ ដោយគណៈកម្មាធិការជាតិបានដឹងពីកម្រិតគុណភាពយើងប៉ុណ្ណា។ ដូច្នេះ ក្នុងនាមជាថ្នាក់ដឹកនាំសហព័ន្ធ យើងជម្រុញឲ្យកីឡាករ-កីឡាការិនីជម្រើសជាតិ បង្កើនការហ្វឹកហាត់ទ្វេដង ដើម្បីធានាថាត្រូវតែយកឲ្យបានមេដាយមាស ១៥គ្រឿង។ ខ្ញុំសូមជម្រាបជូនថា យើងបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ដំណើរឆ្ពោះទៅដណ្តើមមេដាយក្នុងស៊ីហ្គេម ឆ្នាំ២០២៣ តាមរយៈការបង្កើនការហ្វឹកហាត់ ការពង្រឹងវិន័យ។ មនុស្សទាល់តែមានវិន័យ ទើបការហ្វឹកហាត់ប្រកបដោយប្រសិទ្ធភាព»

ស៊ីហ្គេម ឆ្នាំ២០២៣ បណ្តាប្រទេសដែលនឹងចូលរួមប្រជែងមេដាយជាមួយម្ចាស់ផ្ទះកម្ពុជាមានដូចជា សិង្ហបុរី ហ្វីលីពីន ថៃ វៀតណាម ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីជាដើម ដោយប្រធានសហព័ន្ធខាងលើបានចាត់ទុកថា វៀតណាម ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី មានភាពខ្លាំក្លាលើប្រភេទតេក្វាន់ដូ ITF នេះ ប៉ុន្តែក៏មិនមែនជាឧបសគ្គធំរបស់កម្ពុជា ក្នុងការប្រកួតប្រជែងមេដាយនោះទេ។ កម្ពុជាក៏មានបទពិសោធច្រើនដែរ ជាពិសេសនៅក្នុងការប្រកួតជើងឯកពិភពលោក និងអាស៊ីជាដើម ហើយសម្រាប់តំបន់អាស៊ីអាគ្នេយ៍នេះ ក៏មិនមានអ្វីជាឧបសគ្គធំពេកទេ។

លោក រ៉េមី បានលើកឡើងថា ទោះបីជាបែបនេះ ក៏កម្ពុជាមិនមែនភ្លេចខ្លួន មើលស្រាលគេ ឬធ្វេសប្រហែសបានទេ គឺតែងតែផ្តល់តម្លៃសម្រាប់ការហ្វឹកហាត់ ដោយការហ្វឹកហាត់ត្រូវតែជឿជាក់លើខ្លួនឯង ហើយក៏មិនមានការភ័យខ្លាចសម្រាប់ការប្រកួតឡើយ ដែលចំណុចទាំងអស់នេះ តែងតែបានផ្តល់ការលើកទឹកចិត្ត ការបណ្តុះឆន្ទៈជូនដល់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាឲ្យកាន់តែមានស្មារតីមុះមុតបន្ថែមទៀត៕