(ភ្នំពេញ)៖ Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់ តាមប្រព័ន្ធឌីជីផលឈានមុខគេ នៅក្នុងពិភពលោក និងធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត កំពុងចាប់ដៃគូសហការ ដើម្បីផ្តល់ជូននូវសេវាកម្ម 'Wing Virtual Visa Card' ដែលជាកាតនិម្មិតសម្រាប់ទូទាត់ តាមប្រព័ន្ធអ៊ីនធើណេត ដល់អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានថ្លែងថា «ដោយយកបទពិសោធន៍ របស់អតិថិជនជាអាទិភាពស្នូល ធនាគារឯកទេស វីង មានក្តីសោមនស្សរីករាយ ក្នុងការធ្វើជាដៃគូសហការជាមួយ Visa ដើម្បីដាក់ឲ្យប្រើប្រាស់កាតនិម្មិត ដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជនរបស់យើង»

លោកបន្តទៀតថា «តាមរយៈសេវាកម្មរបស់យើង អតិថិជនដែលប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងអាចបង្កើត 'Wing Virtual Visa Card' និងទូទាត់តាមប្រព័ន្ធអ៊ីនធើណេត បានយ៉ាងងាយស្រួល លើសពីនេះទៅទៀត ពួកគាត់នឹងទទួលបានការបញ្ចុះតម្លៃ និងរង្វាន់លើកទឹកចិត្តជាច្រើនថែមទៀតផង»

ការបើកដំណើរការទូទាត់ តាមរយៈកាតថ្មីនេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើន ដល់អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ក្នុងនោះ អតិថិជនក៏អាចបញ្ជាទិញទំនិញ តាមប្រព័ន្ធអ៊ីនធើណេត បានគ្រប់ទីកន្លែងដែលទទួលយកការទូទាត់ តាមរយៈ Visa កាត ដែលវានឹងបង្កើនភាពច្បាស់លាស់ លើការចំណាយ ហើយលុបបំបាត់ ការត្រួតពិនិត្យឥណទាន និងការកំណត់ឥណទានអថេរ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «តាងនាមឲ្យ Visa យើងមានមោទនភាព ក្នុងការធ្វើជាដៃគូសហការ ជាមួយក្រុមហ៊ុន ដែលមានភាពច្នៃប្រឌិតដូចជាធនាគារឯកទេស វីង ក្នុងការណែនាំនូវបច្ចេកវិទ្យាទូទាត់ តាមរយៈឌីជីថលថ្មី ដែលអាចនឹងជួយជំរុញឲ្យប្រទេស របស់យើង បោះជំហានកាន់តែខិតជិត ទៅនឹងចក្ខុវិស័យរបស់ខ្លួន ក្នុងការក្លាយទៅជាប្រទេសមួយ ដែលមិនប្រើប្រាស់ក្រដាសប្រាក់»

អ្នកស្រីបន្តទៀតថា «ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ បានធ្វើឲ្យសាធារណជនមានទំនោរ ចង់ជៀសវាងកន្លែងសាធារណៈ ព្រមទាំងជំរុញឲ្យពួកគាត់ មានការផ្លាស់ប្តូរ ដោយជ្រើសរើសការទិញទំនិញ តាមរយៈអ៊ីនធើណេតវិញ ហើយមធ្យោបាយទូទាត់បែបឌីជីថលដូចជា កម្មវិធីស្មាតហ្វូនវីង កាន់តែមានសារៈសំខាន់ សម្រាប់អ្នកប្រើប្រាស់ទូទាំងប្រទេសផងដែរ។ តាមរយៈការណែនាំ Wing Virtual Visa Card អ្នកប្រើកម្មវិធីហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ិនធើណេត ឥឡូវនេះ អាចធ្វើការទូទាត់ ប្រកបដោយសុវត្ថិភាព រហ័ស និងងាយស្រួលជាងមុន»

ភាពជាដៃគូនេះ បានដាក់រួមបញ្ចូលនូវជំនាញឯកទេស និងបច្ចេកវិទ្យារបស់ Visa ក្នុងការទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ព្រមទាំងពាណិជ្ជកម្មអេឡិចត្រូនិច រួមជាមួយនឹងធនាគារឯកទេស វីង ដែលជាអ្នកផ្តល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទដៃឈានមុខគេនៅកម្ពុជា។

បន្ទាប់ពីបានបើកដំណើរការនៅឆ្នាំ ២០០៩ ធនាគារឯកទេស វីង បានបង្កើតបណ្តាញយ៉ាងទូលំទូលាយ និងបានណែនាំសេវាកម្មជាច្រើន ដល់អតិថិជនរបស់ខ្លួន រួមមាន៖ ការទូទាត់វិក្កយបត្រ ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ ការផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ ការទិញទំនិញតាមអ៊ីនធើណេត និងការទូទាត់តាមរយៈ QR កូដជាដើម។

ធនាគារឯកទេស វីង បានខិតខំប្រឹងប្រែងយ៉ាងអស់ពីសម្ថភាព ដើម្បីធានាបានថា ប្រជាជនកម្ពុជា គ្រប់រូបអាចប្រើប្រាស់គណនីធនាគារ តាមរយៈការធ្វើបរិយាបន្ន ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

លោក ម៉ានូ ក៏បានបន្ថែមទៀតថា «ជាមួយការរីករាលដាល នៃជំងឺរាតត្បាតដែលបានជះឥទ្ធិពល ដល់អតិថិជននៅទូទាំងប្រទេស វាមានសារៈសំខាន់ណាស់ ដែលយើងបង្កើនសេរីភាព ជូនដល់អតិថិជនក្នុងការបញ្ជាទិញទំនិញ និងធ្វើប្រតិបត្តិការចាំបាច់របស់ពួកគេ តាមប្រព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព»

អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ដែលជ្រើសរើសប្រើ Wing Virtual Visa Card អាចចូលរួមក្នុងកម្មវិធីពិសេសៗជាច្រើន រួមមានទាំងកម្មវិធីចាប់រង្វាន់ជារៀងរាល់ខែ ការទទួលបានលុយត្រលប់មកវិញភ្លាមៗពីការជិះ Grab និងការបញ្ចុះតម្លៃសម្រាប់ការទិញទំនិញតាមអនឡាញជាដើម។ ព័ត៌មានលម្អិត ស្តីពីការផ្តល់ជូននេះ នឹងមានប្រកាសផ្សាយតាម Facebook ផ្លូវការរបស់ ធនាគារឯកទេស វីង ក្នុងពេលឆាប់ៗនេះ៕