(ភ្នំពេញ)៖ បន្ទាប់ពីបានចាប់ដៃគ្នា ឃើញថាស័ក្តិសមនឹងដៃគូចម្រៀងរួចហើយនោះ តារាល្បីៗ២ដួង ប្រចាំក្នុងផលិតកម្ម «GalaxyNavatra» គឺលោក ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា បានបញ្ចេញបទចម្រៀង ដើម្បីអមអរឱកាសបុណ្យចូលឆ្នាំថ្មី ជាហូរហែ និងទទួលបានការគាំទ្រច្រើន ក្នុងរយៈពេលខ្លីមួយ។ យ៉ាងណាមិញបទថ្មីមានចំណងជើងថា «ឡានទំនើប» គេបានឃើញអ្នកទាំងពីរទៅញ៉ែញ៉ងផ្ដោះផ្ដងគ្នា ដល់តំបន់ទេសចរ ណៃជ្រោះល្បាកខោន ឬជ្រោះសុភមិត្ត នាទឹកដីខេត្តស្ទឹងត្រែង។

ខណៈដែលរដូវចូលឆ្នាំខ្មែរ នៅសល់ត្រឹមតែជាង២ខែប៉ុណ្ណោះ នឹងឈានមកដល់ផលិតកម្ម «GalaxyNavatra» ហាក់កំពុងតែសម្រុកផលិតបទ ចូលឆ្នាំខ្មែរយ៉ាងចាស់ដៃតែម្ដង ដោយបទចម្រៀងទាំងនោះ ភាគច្រើនជាបទច្រៀងរួមគ្នា របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងតន់ ចន្ទសីម៉ា។

បទចម្រៀងទាំងនោះ មានដូចជាទី១បទ «កាត់ឆុង», ទី២បទ «ប្រហុក», ទី៣បទ «រកស៊ីជាមួយយក្ស» ទី៤បទ «អរគុណកាមេរ៉ា» ទី៥បទ«មាន់កម្សត់» ហើយនៅព្រឹកនេះ ផលិតកម្ម «GalaxyNavatra» បានបញ្ចេញ១បទថ្មីទៀតហើយ គឺបទ «ឡានទំនើប»។ បទចម្រៀងទាំង៦បទ ដែលកំពូលតារាចម្រៀងទាំងពីរច្រៀងរួមគ្នានេះ ត្រូវបានគេសង្កេតឃើញថា ភាគច្រើនជាបទរាំលេងកម្សាន្តបែបសប្បាយៗ មានគ្រប់ចង្វាក់ ដែលងាយស្រួលសម្រាប់បងប្អូន រាំលេងពេលជួបជុំគ្នាយ៉ាងសប្បាយរីករាយ។

លោក យឹម តាស្រង់ អ្នកចាត់ការទូទៅផលិតកម្ម GalaxyNavatra បានទទួលស្គាល់ថា ខាងផលិតកម្មពិតជាកំពុងតែសម្រុក ធ្វើបទចូលឆ្នាំថ្មីជាច្រើនបទ ឲ្យគ្រប់តារាចម្រៀងទាំងអស់នៅក្នុងផលិតកម្ម ដែលតាមផែនការ គឺបញ្ចេញជារៀងរាល់ថ្ងៃតែម្ដង ដើម្បីការកម្សាន្តដល់អ្នកគាំទ្រ។

អ្នកដឹកនាំផលិតកម្មរូបនេះ ថ្លែងថា បន្ទាប់ពីបានកំពូលតារាចម្រៀងទាំងពីរខាងលើ បានច្រៀងរួមគ្នាជាច្រើនបទសម្រាប់ចូលឆ្នាំ ឃើញថាកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា គឺពិតជាដៃគូស័ក្កិសមបំផុត។

ចង់ដឹងថាបទបទ «ឡានទំនើប» របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ពីរោះរណ្ដំព្រមទាំងចង់រាំលេងតាមយ៉ាងណានោះ ស្ដាប់ទាំងអស់គ្នា៖