(ភ្នំពេញ)៖ អតីតយុវជនថ្នាលអាយុក្រោម ១៨ឆ្នាំក្លិប Newcastle United នៅអង់គ្លេស កីឡាករ Charlie Machell កំពុងស្ថិតក្នុងការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីគេបានបើកភ្លើងខៀវក្នុងការត្រឡប់មកប្រកបអាជីពនៅកម្ពុជាវិញ ខណៈអ្នកគាំទ្របានដាក់ការសង្ស័យថា ខ្សែបម្រើវ័យ ២៦ឆ្នាំនេះអាចនឹងចូលរួមជាមួយក្លិបវិសាខា។

តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែភ្ញាក់ផ្អើល គឺការបែកធ្លាយរូបភាពមួយសន្លឹកនៅថ្ងៃទី០៤ ខែកុម្ភៈនេះ ដោយគេឃើញវត្តមានអតីតសមាជិកក្លិបព្រះខ័នរាជស្វាយរៀង Charlie Machell ស្ថិតនៅជាមួយគ្រូបង្វឹក និងកីឡាករមួយចំនួនរបស់វិសាខា រួមមានខ្សែប្រយុទ្ធចំណូលថ្មី Marcus Haber និងកីឡាករ កែវ សុខផេង ជាដើម ដែលនាំឲ្យគេជឿជាក់ថា ភាគរយខ្ពស់ Machell នឹងចូលរួមជាមួយវិសាខា នារដូវកាលថ្មីខាងមុខនេះ។

យ៉ាងណាមិញមកទល់ពេលនេះ វិសាខានៅមិនទាន់ប្រកាសជាផ្លូវការ ដើម្បីបញ្ជាក់ថា ព័ត៌មានចរចាមអារ៉ាមខាងលើ ក៏ដូចជារូបភាពទើបបែកធ្លាយថ្ងៃនេះ ជាការពិត ឬក៏អត់នោះទេ ស្របពេលក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ ត្រៀមរៀបចំការប្រកួតលក្ខណៈមិត្តភាពពានរង្វាន់ Forward Pre-Season Cup 2021 នាចុងសប្ដាហ៍នេះ។ អ្នកគាំទ្ររំពឹងថា បើ Machell ផ្ទេរមកវិសាខាពិតមែន គេក៏នឹងបង្ហាញវត្តមានក្នុងការប្រកួតនេះដែរ។

គួរបញ្ជាក់ថា Charlie Machell គឺជាអតីតយុវជនថ្នាលក្លិប Newcastle United មុនផ្លាស់ចេញកាលពីឆ្នាំ២០១៣ ហើយបានទៅប្រកបអាជីពនៅទឹកដីអាមេរិកជាមួយក្លិប Wingate Bulldog និងក្លិប East Tennessee State University ជាដើម រហូតដល់ពាក់កណ្ដាលឆ្នាំ២០១៨ គេបានផ្ទេរទៅលេងឲ្យក្លិប Thisted FC នៅដាណឺម៉ាក មុនផ្លាស់ទៅលេងនៅក្លិប 07 Vestur នៃលីគកំពូលកោះហ្វារ៉ូ។

ប៉ុន្ដែឆ្នាំ២០១៩ ខ្សែបម្រើកម្ពស់ ១.៨៨ម៉ែត្ររូបនេះ បានឈានជើងមកប្រកបអាជីពនៅកម្ពុជាលើកដំបូង ជាមួយក្លិបព្រះខ័នរាជស្វាយរៀង ដោយរកបាន ៦គ្រាប់រួមចំណែកជួយក្រុមគ្រងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៩ មុនផ្ទេរទៅលេងឲ្យក្លិប Hougang United នៃលីគកំពូលសិង្ហបុរី ដោយជួយក្រុមឈរលេខរៀងទី៦ ក្នុងរដូវកាលឆ្នាំ២០២០ កន្លងទៅ។ ដូច្នេះចាំមើល តើឆ្នាំ២០២១ នេះ ខ្សែបម្រើសញ្ជាតិអង់គ្លេសខាងលើ នឹងផ្ទេរមកលេងនៅកម្ពុជាវិញ ឬក៏យ៉ាងណា?