(អាមេរិក)៖ បន្ទាប់ពីក្រុមហ៊ុន Google គំរាមដកខ្លួនចេញពីប្រទេសអូស្ត្រាលី ស្រាប់តែនៅពេលនេះ លោក Scott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលី បានថ្លែងប្រាប់អ្នកកាសែតថា លោកនឹងមានជំនួបមួយជាមួយនឹង នាយកប្រតិបត្តិ ក្រុមហ៊ុន Google លោក Sundar Pichai ដើម្បីដោះស្រាយបញ្ហានេះ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលីបានដាក់ចេញច្បាប់ថ្មី ដោយតម្រូវឱ្យក្រុមហ៊ុន Google និង Facebook បង់ប្រាក់សម្រាប់ ការប្រើប្រាស់មាតិកាព័ត៌មានរបស់ស្ថាប័នព័ត៌មានក្នុងស្រុក ដែល ច្បាប់ នេះ បានធ្វើឱ្យ Google មិនពេញចិត្ត និងចង់ដកខ្លួនចេញពីប្រទេសមួយនេះ។

លោក Scott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលី បានថ្លែងថា នឹងមានជំនួបរវាងរូបលោក និងលោក Sundar Pichai ប៉ុន្តែមិនបាន បញ្ជាក់ ថា នឹងជួបគ្នានៅពេលណានោះទេ ខណៈដែល ខាងក្រុមហ៊ុន Google មិនទាន់បានប្រកាសពីដំណឹងនៃជំជួបនេះឡើយ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Google និង Facebook បានដាក់ដំណើរការសេវាកម្ម News នៅតាមបណ្ដាប្រទេសជាច្រើន ដោយប្រើប្រាស់ មាតិកាព័ត៌មានរបស់ស្ថាប័នក្នុងស្រុក ដោយក្នុងនោះមានស្ថាប័នខ្លះបង់ប្រាក់ និងខ្លះទៀតអត់ ដោយឡែកអូស្ត្រាលី ទើបតែសម្រេច ដាក់ ចេញ ច្បាប់នេះ៕