(ភ្នំពេញ)៖ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព ឬ Tiffy Army FC) បាននឹងកំពុងធ្វើការជួសជុលទីលាន ដើម្បីធ្វើឲ្យកាន់តែប្រសើរ សម្រាប់ត្រៀមរដូវកាលថ្មី ដោយគ្រោងចំណាយថវិកាប្រមាណ ១៥ម៉ឺនដុល្លារ។ ប៉ុន្ដែដោយការជួសជុលនេះ ស្របពេលលីគ គ្រោងចាប់ផ្ដើមរដូវកាលថ្មីនាថ្ងៃទី០៦ ខែមីនាខាងមុខ ក្លិបបានដាក់ពាក្យស្នើទៅសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC ដើម្បីធ្វើការប្រកួតជុំទី១ ក្រៅដីទាំងអស់។
លោក ខូវ ឆាយ អគ្គលេខាធិការក្រុម Tiffy Army FC បានបញ្ជាក់ថា «ផែនការកែលម្អទីលានសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ យើងផ្ដោតលើដំណាក់កាលទី១ យើងកែលម្អតែវាលស្មៅទេ។ វាលស្មៅកន្លែងប្រកួតហ្នឹង ហើយខាងក្រោយទីលានជុំវិញ ដែលយើងនឹងធ្វើស្មៅសិប្បនិម្មិតនៅខាងក្រោយ ដើម្បីធ្វើការហាត់កម្ដៅសាច់ដុំ។ ឥឡូវយើងបានចាប់ផ្ដើមឈូសឆាយហើយ ដោយគ្រោងបញ្ចប់នាខែមិថុនា»។
លោកបន្ដថា «យើងបានប្រើប្រាស់ក្រុមហ៊ុន ដែលគាត់សាងសង់កីឡដ្ឋាន SRU នៅសៀមរាប ព្រោះយើងចង់ធ្វើគុណភាពដូចគ្នា ដូចភ្នំពេញក្រោន ដូច SRU ដែរ គឺយើងរៀបចំប្រព័ន្ធបង្ហូរទឹកតាមស្ដង់ដារ ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ហើយស្មៅ ក៏ជាប្រភេទស្មៅល្អ ដូចភ្នំពេញក្រោន បើសរុបទឹកប្រាក់ យើងចំណាយអស់ ១៥ម៉ឺនដុល្លារ ទាំងទីលានស្មៅធម្មជាតិ និងទីលានស្មៅសិប្បនិម្មិតក្រោយទីលាន ដើម្បីហាត់កម្ដៅសាច់ដុំ»។
ជាមួយការប្រើរយៈពេលជួសជុលទីលានប្រមាណ ៥ខែនេះដែរ បានធ្វើក្រុម Tiffy Army FC សម្រេចដាក់សំណើទៅសហព័ន្ធ ដើម្បីសុំប្រកួតជុំទី១ ក្រៅដីទាំងអស់នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ ខាងមុខ។ លោកថា «ចំពោះកម្មវិធីលីគកំពូល គឺចាប់ផ្ដើមនៅដើមខែមីនា ហើយយើងបានដាក់ពាក្យស្នើសុំទៅសហព័ន្ធកីឡាបាល់ទាត់ហើយ គឺសម្រាប់ប្រកួតជុំទី១ យើងសុំលេងក្រៅដីទាំងអស់ ចូលដល់ជុំទី២ គឺយើងរួចរាល់ទាន់ ជុំទី២ បានយើងធ្វើជាម្ចាស់ផ្ទះ»។
គួរបញ្ជាក់ថា កីឡដ្ឋានស្ដាតចាស់បានសាងសង់តាំងពីឆ្នាំ១៩២០។ តាមគម្រោងបន្ទាប់ពីធ្វើការជួលជុលទីលានរួច ថ្នាក់ដឹកនាំអតីតក្រុមជើងឯកពានសម្ដេចតេជោ ៣សម័យនេះ ក៏ត្រៀមជួសជុលហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ ដោយអាចឈានដល់ការវ៉ៃកន្លែងអង្គុយទស្សនា ហើយសាងសង់ថ្មីឡើងវិញ ដើម្បីឆ្លើយតបទៅនឹងស្ដង់ដារអន្ដរជាតិ ក្នុងការស្វាគមន៍ការប្រកួតធំៗទាំងថ្នាក់ជាតិ និងអន្ដរជាតិ នាចុងឆ្នាំ២០២១ នេះ ឬដើមមឆ្នាំ២០២២ ខាងមុខទៀតផង៕