(លីវើភូល)៖ ក្លិបបាល់ទាត់ Liverpool របស់អង់គ្លេស នឹងមិនទៅចូលរួមប្រកួតពានរង្វាន់អឹរ៉ុប UEFA Champions League សម្រាប់ជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយទល់នឹង RB Leipzig នៅទឹកដីនៃប្រទេសអាល្លឺម៉ង់ឡើយ ដោយសារបារម្ភពីជំងឹ Covid-19។
ថ្មីៗនេះដែរ អាល្លឺម៉ង់បានរឹតត្បិតអ្នកដំណើរមកពីប្រទេសជាច្រើនក្នុងនោះក៏មានអង់គ្លេសផងដែរ ដែលស្ថិតក្នុងចំណោមប្រទេសបានកំពុងរីករាលដាលនៃ Covid-19 ក្នុងដំណាក់កាលទី២នេះដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។
លើសពីនេះទៀត រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអាល្លឺម៉ង់ក៏ធ្លាប់បានចេញថ្លែងការណ៍ជុំវិញក្លិបលេងនៅ Bundesliga ជាពិសេសក្លិប RB Leipzig ថា «មិនត្រូវល្មើសនឹងវិធានណាមួយ ដោយសារតែករណីលើកលែងឡើយ»។
ពាក់ព័ន្ធនឹងសហព័ន្ធបាល់ទាត់អឺរ៉ុបដែលហៅកាត់ថា UEFA បានកំពុងតែពិនិត្យពីបញ្ហានេះដូចគ្នា ថាតើត្រូវផ្លាស់ប្តូរទីលានប្រកួត ឬកាលបរិច្ឆេទយ៉ាងណា តាមកាលបរិច្ឆេទ Liverpool ត្រូវប៉ះ RB Leipzig នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ សម្រាប់ជើងទី១ របស់ពួកគេ៕