(ភ្នំពេញ)៖ ក្រុមហ៊ុនសែលកាត នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានផ្តល់ប្រាក់រង្វាន់សរុបចំនួនរហូតដល់ ៥០ម៉ឺនដុល្លារ ជូនដល់អតិថិជនរបស់ខ្លួនក្នុងកម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី ២ ដែលមានរយៈពេល ១២ខែកន្លងមកនេះ។

ប្រាក់រង្វាន់រួមមាន៖ រថយន្ត Toyota Rush ស៊េរីឆ្នាំ 2020 ថ្មីស្រឡាង ២ គ្រឿង ម៉ូតូ Yamaha X Ride ស៊េរីឆ្នាំ 2020 ចំនួន ២ រង្វាន់ រៀងរាល់សប្តាហ៍ រួមទាំង ទឹកប្រាក់សម្រាប់ហៅចេញចំនួន $១០០ ឬទិន្នន័យ ៥០០ មេកាបៃ ឥតគិតថ្លៃសម្រាប់ការប្រើប្រាស់អ៉ីនធើណិតភ្លាមៗ។

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត អៀន វ៉ាតសុន (Ian Watson) បានថ្លែងថា៖ «យើងពិតជាមានរីករាយបំផុត ចំពោះអតិថិជនដែលបានឈ្នះរង្វាន់នៅក្នុងកម្មវិធី កោសឈ្នះ! ស្កេនឈ្នះ! នារដូវកាលនេះ។ កម្មវិធីនេះ នៅតែជាកម្មវិធីដ៏ជោគជ័យបំផុតមួយ ហើយកំពុងទទួលការពេញនិយមយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់យើង»

លោកបន្តថា «ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពិតជាមានមោទនភាពបំផុត ដែលបានបន្តផ្តល់ជូន អតិថិជន របស់យើងវិញ ស្របពេលដែលប្រជាពលរដ្ឋខ្មែរទាំងអស់ កំពុងទន្ទឹងរងចាំអនាគតប្រកបដោយផ្កែផ្កានាពេលខាងមុខ»

សម្តីដ៏រំភើបពីអតិថិជនមហាសំណាង លោកស្រី ឡឹម ឆាយចាន់ថុល មកពីស្រុកកំចាយមារ ខេត្តព្រៃវែង ដែលបានឈ្នះរថយន្តថ្មីម៉ាក Toyota Rush 2020 ពីកម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី ២ របស់ក្រុមហ៊ុនសែលកាត បានបញ្ជាក់ថា «ខ្ញុំស្ទើរតែមិនជឿថា ខ្ញុំពិតជាបានត្រូវរង្វាន់ឡាន១គ្រឿងនេះមែន។ ខ្ញុំ និងគ្រួសារខ្ញុំ គឺអត់ចេះបើកបរឡានទេ ហើយពួកយើងមកទទួលរង្វាន់ពីក្រុមហ៊ុនសែលកាតនេះ គឺសុំពឹងពាក់អ្នកជិតខាងអោយជួយបើកជូនទៅវិញ»

«ខ្ញុំពិតជាអរគុណ សែលកាតជាខ្លាំងដែលបង្កើតកម្មវិធីបែបនេះឡើង ជួយលើកទឹកចិត្តដល់អតិថិជនដែលកំពុងប្រើប្រាស់សេវាកម្មរបស់ខ្លួន ហើយមានឱកាសឈ្នះរង្វាន់ឡូយៗបែបនេះ»។ នេះបើតាមលោកស្រី ឡឹម ឆាយចាន់ថុល។

គួររំលឹកផងដែរថា អតិថិជនដែលឈ្នះរង្វាន់ដ៏ធំនេះ ជាប្រជាពលរដ្ឋមកពីភូមិទៀនភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ។ លោកស្រី ចាន់ថុលមានមុខរបរជាអ្នកលក់ដូរបន្តិចបន្តួចនៅផ្ទះ។

ក្រៅពីផ្តល់ជូររង្វាន់ធំ ក្រុមការងារសែលកាតក៏បានប្រគល់ជូនរង្វាន់ដល់អតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ម៉ូតូម៉ាក Yamaha 2020 X-Rides មានឈ្មោះ សុខ ខារិន ជាមន្រ្តីរាជការ នៅរាជធានីភ្នំពេញ និងម្នាក់ទៀតមានឈ្មោះ ធឿន ចាន់នុន ជាអាជីវករ មកពីខេត្តបាត់ដំបង៕