(ភ្នំពេញ)៖ អតីតយុវជនថ្នាលអាយុក្រោម ១៨ឆ្នាំរបស់ក្លិបសារិកាព្រៃ Newcaslte United កីឡាករសញ្ជាតិអង់គ្លេស Charlie Machell ត្រូវបានក្លិបក្របខណ្ឌលីគកំពូលកម្ពុជា គឺក្លិបវិសាខា បានប្រកាសចុះកុងត្រាយកមកពង្រឹងក្រុមនារដូវកាលថ្មីជាផ្លូវការហើយ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ បានបង្ហាញវត្តមានកីឡាករបរទេសថ្មីខាងលើ បន្ទាប់ពីមានព័ត៌មានចរចាមអារ៉ាម និងការបែកធ្លាយនូវរូបភាពជាមួយក្រុម កាលពីថ្មីៗ ស្របពេលវិសាខា ត្រូវជួបក្លិបព្រះខ័នរាជស្វាយរៀង នាវេលាម៉ោង ៣រសៀលថ្ងៃសុក្រនេះ ក្នុងជំនួបវគ្គចាប់គូជម្រុះ នៃពានរង្វាន់ Forward Pre-Season Cup 2021 នៅកីឡដ្ឋានព្រីនស៍។
Charlie គឺជាកីឡាករបរទេសចំណូលថ្មីទី២ ដែលវិសាខា បាននាំចូល ដើម្បីបង្គ្រប់កូតាកីឡាករបរទេស ៥រូប ត្រៀមរដូវកាលថ្មី បន្ទាប់ពីពួកគេបានចុះកុងត្រាជាមួយអតីតខ្សែប្រយុទ្ធជម្រើសជាតិកាណាដា Marcus Haber កាលពីថ្មីៗ និងរក្សាកីឡាករបរទេស ៣រូប គឺមានខ្សែការពារ Khan Mohammed Faeez (អាហ្វ្រិកខាងត្បូង) ខ្សែបម្រើ Mustafa Zazai (អាហ្វហ្គានីស្ថាន) និងខ្សែប្រយុទ្ធ Ajayi Opeyemi Korede (នីហ្សេរីយ៉ា) ។
នេះគឺជាលើកទី២ ហើយ ដែលខ្សែបម្រើវ័យ ២៦ឆ្នាំខាងលើ បានមកប្រកបអាជីពនៅក្របខណ្ឌលីគកំពូលកម្ពុជា បន្ទាប់ពីរូបគេ ធ្លាប់លេងឲ្យក្លិបព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំ២០១៩ ដោយរកបាន ៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី ៦លើក ជួយឲ្យក្រុមលោក Conor Nestor គ្រងជើងឯកលីគ ស្ទើរមិនស្គាល់ពាក្យចាញ់ មុនផ្ទេរទៅលេងលីគកំពូលសិង្ហបុរីជាមួយក្លិប Hougang United កាលពីឆ្នាំ២០២០ កន្លងទៅ ។
គួរបញ្ជាក់ថា Charlie Machell គឺជាអតីតយុវជនថ្នាលក្លិប Newcaslte United មុនផ្លាស់ចេញកាលពីឆ្នាំ២០១៣ ហើយបានទៅប្រកបអាជីពនៅទឹកដីអាមេរិក ជាមួយក្លិប Wingate Bulldog និងក្លិប East Tennessee State University ជាដើម រហូតដល់ពាក់កណ្ដាលឆ្នាំ២០១៨ គេបានផ្ទេរទៅលេងឲ្យក្លិប Thisted FC នៅដាណឺម៉ាក ហើយបន្ដផ្លាស់ទៅលេងនៅក្លិប 07 Vestur នៃលីគកំពូលកោះហ្វារ៉ូ មុនធ្វើដំណើរមកដល់កម្ពុជា កាលពីឆ្នាំ២០១៩៕