(អាមេរិក)៖ ក្រុមហ៊ុន Samsung Electronics Co Ltd បានកំពុងតែពិចារណា ក្នុងការបង្កើតរោងចក្រផលិតឈីបថ្មី នៅក្នុងទីក្រុង Austin រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ជាមួយនឹងទុនវិនិយោគ ១៧ពាន់លានដុល្លារអាមេរិក ដែលអាចបង្កើតឱកាសការងារថ្មីបាន ១៨០០កន្លែង។ នេះបើយោងតាមរបាយការណ៍របស់ ការិយាល័យរដ្ឋបាលរបស់រដ្ឋតិចសាស់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលនេះ ក្រុមហ៊ុន Samsung កំពុងតែស្វែងរកការយោយល់ ឬកាត់បន្ថយពន្ធ ដែលមានជាទឹកប្រាក់ប្រមាណ ៨០៥.៥លានដុល្លារ ក្នុងរយៈពេល ២០ឆ្នាំ នៅក្នុង ទីក្រុង Austin។

ក្រុមហ៊ុន Samsung បានបញ្ជាក់នៅក្នុងឯកសារផ្ញើទៅកាន់រដ្ឋបាលទីក្រុង Austin ថា បើសិនជា អាជ្ញាធរយល់ព្រម នោះ ក្រុមហ៊ុន Samsung នឹងចាប់ផ្ដើមបុកគ្រឹះ ស្ថាបនារោងចក្រថ្មីនេះនៅក្នុងត្រីមាសទី២ ឆ្នាំនេះភ្លាម ហើយនឹងចាប់ផ្ដើមប្រតិបត្តិការ សង្វាក់ផលិតកម្ម នៅ ត្រីមាសទី៣ ឆ្នាំ២០២៣។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េមួយនេះ ហ៊ានចំណាយទឹកប្រាក់យ៉ាងច្រើនសន្ធឹកក្នុងការបង្កើតរោងចក្រនៅលើទឹកដីអាមេរិក ត្រូវបានគេមើលឃើញថា គឺដើម្បីគេចផុតពីការបង់ពន្ធ និង ដើម្បីងាយស្រួលក្នុងការផ្គត់ផ្គង់ឱ្យទាន់ចិត្តរបស់អតិថិជន ដោយក្នុងនោះ Apple ក៏ ជាចំណែកមួយដែលជំរុញឱ្យ Samsung មកបង្កើតរោងចក្រលើទឹកដីសហរដ្ឋអាមេរិកផងដែរ៕