(ក្រុងរីយ៉ាត)៖ Odion Ighalo ដែលជាអតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លិប Manchester United នៅពេលនេះរកបានក្លិបថ្មី ហើយគឹ Al Shabab ដែលលេងនៅ Pro League ក្នុងលីគកំពូលនៃប្រទេសអារ៉ាប៊ីសាអូឌីត ក្រោយកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ BBC នៅថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។

កីឡាករវ័យ ៣១ឆ្នាំសញ្ជាតិនីហ្សេរីយ៉ាខាងលើនេះ បានបញ្ចប់កិច្ចសន្យាខ្ចីជើងនៅទឹកដី Old Trafford ដោយមានការឯកភាពពីក្លិបចាស់ Shanghai Shenhua ដែលលេងនៅលីគកំពូលចិន Chinese-Super League ផងដែរ ដើម្បីបានទៅចូលរួមជាមួយ Al Shabab ដែលជាអតីតជើងឯកលីគកំពូល Pro League ចំនួន ៦សម័យកាលផងនោះ។

Idion Ighalo ត្រូវបានលោក Ole Gunnar Solskjaer ដាក់ឲ្យចូលលេងតែ ៤ប្រកួតប៉ុណ្ណោះនារដូវកាលនេះ មុនសម្រេចផ្ទេរចេញជាផ្លូវការនៅដើមខែកុម្ភៈ ឆ្នាំ២០២១ នៅពេលដែល Manchester United យក Edinson Cavani មកជំនួសតំណែងរបស់គេ។

ខ្សែប្រយុទ្ធដែលធ្លាប់លេងឲ្យក្លិប Watford និង Granada ផងនោះ រកបាន ៥គ្រាប់ក្នុងចំណោម ២៣ប្រកួតរបស់គេនៅទឹកដី Old Trafford ក្រោមកិច្ចសន្យាខ្ចីជើងនាអំឡុងខែមករា ឆ្នាំ២០២០ ពីក្លិបចិន Shanghai Shenhua៕