(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្ដល់ជូននូវអំណោយដ៏ថ្លៃថ្លា ចែកជូនដល់លោកតាៗប្រកបរបរធាក់ស៊ីក្លូប្រមាណជាង៣០០នាក់ តាមរយៈតារាចម្រៀងលោក ករុណា ពេជ្រ ដោយបានរៀបចំពិធីប្រគល់ជូន និងទទួលទានអាហារសាមគ្គី ក្នុងអត្ថន័យចែករំលែកក្តីស្រឡាញ់ ក៏ដូចជាអបអរទិវានៃក្ដីស្រឡាញ់ នៅភោជនីយដ្ឋានវីហ្វ្រេន ជិតស្ពានបាឡេ ក្នុងខណ្ឌឫស្សីកែវ នាល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ក្រៅពីបានទទួលអំណោយដ៏ថ្លៃថ្លា ពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចកតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តារាចម្រៀង ករុណា ពេជ្រ ក៏ទទួលបានអំណោយពីសប្បុរសជនជាច្រើនទៀត រួមមានលោកស្រី ហ៊ុន ម៉ាណា និង លោក ឌី វីជ្ជា, ពិធីការិនី ឌួង ហ្សូរីដា និងសប្បុរសជនជាអ្នកសិល្បៈជាច្រើនរូបទៀត ដែលបានចូលជាថវិកា សម្រាប់កម្មវិធីទាំងមូល។
តារាចម្រៀង ករុណា ពេជ្រ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅថ្ងៃនេះថា លោកពិតជាមានក្ដីរំភើប និងរីករាយខ្លាំង ដែលកម្មវិធីរបស់លោកទទួលបានការយកចិត្តទុកដាក់ ពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាល កម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដោយសម្ដេចទាំងទ្វេ តែងតែគិតគូយ៉ាងម៉ត់ចត់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានផ្ដល់ជូននូវអំណោយដ៏ថ្លៃថ្លា សម្រាប់ចែកជូនដល់លោកតាៗ ដែលកំពុងប្រកបរបរធាក់ស៊ីក្លូ ដើម្បីចែករំលែកការលំបាកទាំងនេះ។ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចទាំងទ្វេ និងសប្បុរសជនទាំងអស់ ដែលបានចំណាយធនធាន ចូលរួមក្នុងកម្មវិធីសប្បុរសធម៌នេះ។
តារាចម្រៀងរូបនេះ បានឲ្យដឹងបន្តថា គ្រាដែលលោកបានជួបផ្ទាល់ជាមួយនឹងលោកតា លោកពូ លោកអុំ ធាក់ស៊ីក្លូ និងបានអញ្ជើញគាត់មកពិសាហារមួយពេល ដែលមានរសជាតិឆ្ងាញ់ ដោយម្ហូបទាំងអស់ គឺជាមុខម្ហូបតុការ ឲ្យពួកគាត់បានឆ្ងាញ់ម្តង ទាំងនោះហើយ គឺជាសេចក្តីសុខផ្លូវចិត្ត ដែលបានកើតឡើង និងធ្វើឲ្យលោករំភើបខ្លាំង។
ក្នុងសភាពទឹកភ្នែករលីងរលោងតារាចម្រៀង ករុណា ពេជ្រ ថ្លែងថា ពេលលោកបានឃើញលោកតាៗធាក់ស៊ីក្លូទាំងអស់គ្នា ហូបអាហារបានយ៉ាងឆ្ងាញ់បែបនេះ លោកនឹកឃើញរដល់ឪពុករបស់ខ្លួន ដែលកំពុងតែដេកឈឺនៅក្នុងផ្ទះ ហូបអ្វីលែងបាន ពោលគឺប្រៀបបីដូចជាមនុស្សរុក្ខជាតិ ធ្វើឲ្យលោកក្ដុកក្ដួលចិត្តរហូតស្រក់ទឹកភ្នែក។ ម៉្យាងទៀតពេលលោកតាៗទាំងអស់បានដឹងរឿងពិតអំពីឪពុករបស់ ករុណា ពេជ្រ ឈឺ ដោយមិនដឹងឮអ្វីទាំងអស់ លោកតាទាំងនោះបានជូនពរសូមឲ្យឪពុករបស់ ករុណា បានដឹងខ្លួនស្គាល់កូនឡើងវិញ ពេលនោះហើយដែលតារាចម្រៀងរូបនេះ អួលដើមក និយាយមិនចេញ ទប់ទឹកភ្នែកលែងជាប់។
ករុណា ពេជ្រ បន្តថា ការរៀបចំនេះ គឺធ្វើឡើងនៅចំថ្ងៃទិវានៃក្តីស្រឡាញ់១៤ កុម្ភៈ ប៉ុន្តែដោយជាន់ថ្ងៃគ្នា ជាមួយនឹងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដូច្នេះលោក និងក្រុមការងារបានសម្រេចផ្លាស់ប្តូរមកថ្ងៃទី ០៤កុម្ភៈវិញម្តង។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលតារាចម្រៀង ករុណា ពេជ្រ រួមជាមួយនឹងសប្បុរជនទាំងក្នុង និងក្រៅប្រទេស បានចូលរួមចែករំលែកក្តីស្រឡាញ់ ដល់លោកតាៗចាស់ជរា និងជនទីទ័លក្រ ដោយការងារមនុស្សធម៌បែបនេះ លោកបានធ្វើជារឿយៗមកហើយ ខណៈក្នុងមួយឆ្នាំៗ មានចំនួន២ទៅ៣ដងឯណោះ។ ជាមួយគ្នានេះ ក៏មានសប្បុរសជន និងអ្នកសិល្បៈមួយចំនួន ក៏បានចួលរួមចំណែក ជាមួយរូបលោកជាហូរហែផងដែរ៕