(កូរ៉េ)៖ ផលិតកម្ម YG នាពេលនេះបានបង្ហាញព័ត៌មានខ្លះៗ ពីការប្រគំតន្ត្រីអនឡាញលើកដំបូង របស់ក្រុមចម្រៀងនារី BLACKPINK។ ក្រោយពីការប្រគំតន្ត្រីនេះ ត្រូវបានបញ្ចប់ដោយជោគជ័យ គេសង្កេតឃើញថា អ្នកគាំទ្រនៅសហរដ្ឋអាមេរិក បានចូលទស្សនាការប្រគំតន្ត្រីរបស់ BLACKPINK ច្រើនជាងគេ ក្នុងចំណោម១២ប្រទេសផ្សេងទៀត។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសដែលមានចំនួនអ្នកចូលទស្សនាការប្រគំតន្រីអនឡាញ «The Show» របស់ BLACKPINK ច្រើនជាងគេ គឺសហរដ្ឋអាមេរិក ជាមួយនឹងមធ្យមភាគ ១៩.២ភាគរយ។

ក្រៅពីនោះ នៅមានប្រទេសមួយចំនួនទៀត ដែលចូលមើលច្រើនដែលឈរនៅលេខរៀងជាបន្តបន្ទាប់ដូចជា ប្រទេសថៃ, ហ្វីលីពីន, ជប៉ុន, មិចសិចកូ, កូរ៉េខាងត្បូង, ហុងកុង, ម៉ាឡេស៉ី, ឥណ្ឌូនេស៉ី, ប្រេស៉ីល, កាណាដា និងចក្រភពអង់គ្លេស។

គួរជម្រាបថា បើតាមការចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថាការប្រគំតន្រ្តីរយៈពេល ៨៥នាទី មានការចូលទស្សនាពីមនុស្សចំនួន ២៨០,០០០ នាក់ ខណៈសំបុត្រនៃការចូលទស្សនាជាមធ្យមមានតម្លៃចន្លោះពី ៣០ទៅ៤០ដុល្លារក្នុងម្នាក់ ដែលធ្វើឲ្យប្រាក់ចំណូលពីការលក់សំបុត្រជាមធ្យមចំនួន ១១.៧ ពាន់លានវ៉ុន ឬប្រមាណ១០.៥លានដុល្លារ។ តែយ៉ាងណា ពាក់ព័ន្ធនឹងប្រាក់ចំណូលនៃការប្រគំតន្រី្តនេះជាផ្លូវការនោះ មិនទាន់មានការបញ្ជាក់ជាផ្លូវការឡើយ៕