(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្រេចផ្ដល់ជូនវិញ្ញាបនបត្រប្រព័ន្ធស្តង់ដារអន្តរជាតិ ការអនុវត្តផលិតកម្មល្អ «Good Manufacturing Practice ឬ GMP» និងប្រព័ន្ធវិភាគគ្រោះថ្នាក់ នៅចំណុចត្រួតពិនិត្យសំខាន់ «Hazard Analysis and Critical Control Point ឬ HACCP» ដល់ក្រុមហ៊ុនផលិតចំណីអាហារគ្រប់ប្រភេទ «ស៊ី.ភី.ខេមបូឌា ចំកាត់» ដោយបានរៀបចំពិធីប្រគល់ និងទទួលនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសណ្ឋាគារតារាអ៊ែរផត ក្រោមអធិបតីភាពលោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា, លោក ម៉ៅ ធីរ៉ា ប្រធាននាយកដ្ឋានបញ្ញត្តិកម្ម វិទ្យាស្ថានស្ដង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, លោក អេកាផាត់ នីមនួន ប្រធានចាត់ការទូទៅរោងចក្រអាហារប្រែរូប និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

លោក ថាណាឈិត ស្រ៊ីប៊ុនលឺ ជាក្រុមប្រឹក្សាភិបាលរង រោងចក្រកែច្នៃ ផលិតចំណីអាហារ និងបំលែងសាច់មាន់ នៃក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ បានថ្លែងថា អាជីវកម្មផលិតចំណីអាហារ របស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ជាក្រុមហ៊ុនដែលបានប្រតិបត្តិការជីវកម្មចាប់តាំងពីឆ្នាំ ២០០៨ រហូតបច្ចុប្បន្ន ប្រហែលជា ១២ឆ្នាំមកហើយ។ សម្រាប់អាជីវកម្មផលិតចំណីអាហារ នៅកកម្ពុជាមានការផ្លាស់ប្តូរយ៉ាងលឿន។

អតីតប្រទេសកម្ពុជា នៅពឹងផ្អែកលើការនាំចូលផលិតផលចំណីអាហារពីក្រៅប្រទេសមានចំនួនកំណត់ ប្រជាជនផ្តោតលើការបរិភោគចំណីអាហារស្រស់ៗ និងការផលិតចំណីអាហារបែបងាយៗ ប្រព័ន្ធផលិតមិនស្មុគស្មាញ។ ប៉ុន្តែបច្ចុប្បន្ននេះប្រទេសមានការផ្លាស់ប្តូរ បច្ចេកវិទ្យាចូលមកមានតួនាទីខ្លាំងឡើងៗ ហើយតម្រូវការ និងឥរិយាបថរបស់មនុស្សមានការផ្លាស់ប្តូរ និងមានចំនួនកើនឡើងយ៉ាងឆាប់រហ័ស។ លើសពីនេះទៅទៀតជំងឺដែលតាមមកជាមួយអាហារ ក៏មានចំនួនច្រើនឡើងផងដែរ ធ្វើឲ្យអ្នកបរិភោគមានជម្រើស ក្នងការស្វែងរកអាហារដែលមានគុណភាព និងសុវត្ថិភាពសម្រាប់ខ្លួនឯង សម្រាប់អាជីវកម្មផលិតចំណីអាហារ ក៏មានការផ្លាស់ប្តូរដូច្នោះដែរ។

លោកបន្តថា ប្រព័ន្ធស្តង់ដារអន្តរជាតិ Good Manufacturing Practice (GMP) ឬ ការអនុវត្តការផលិតល្អ គឺជាប្រព័ន្ធគ្រប់គ្រងការអនុវត្តអនាម័យល្អ នៅក្នុងផលិតកម្មចំណីអាហារ ដើម្បីធានាបាននូវសុវត្ថិភាព គុណភាពអាហារ និងបង្កើតទំនុកចិត្ត ភាពជឿជាក់ដល់អ្នកប្រើប្រាស់។ ប្រព័ន្ធនេះដែលបានគ្របដណ្តប់ ចាប់តាំងពីទីតាំងអគារផលិត ទាំងរចនាសម្ព័ន្ធអាគារ ប្រព័ន្ធផលិតកម្ម ការចាប់ផ្តើមនៃផែនការផលិតកម្ម ប្រព័ន្ធត្រួតពិនិត្យពីវត្ថុធាតុដើម ការគ្រប់គ្រងត្រួតពិនិត្យតាមដានគុណភាព និងការដឹកជញ្ជូន រួមទាំងប្រព័ន្ធគ្រប់គ្រងអនាម័យល្អ។ សម្រាប់ Hazard Analysis and Critical Control Point (HACCP) ជាការវិភាគហានិភ័យ នៅក្នុងផលិតកម្មចំណីអាហារ ដែលគេហៅថា «ការវិភាគគ្រោះថ្នាក់ និងចំណុចត្រួតពិនិត្យសំខាន់»។ HACCP គឺជាប្រព័ន្ធធានាគុណភាព ដែលផ្តោតលើអាហារ ដើម្បីចាត់វិធានការលុបបំបាត់ផលប៉ះពាល់ ដល់អ្នកប្រើប្រាស់ដែលអាចកើតឡើង ក្នុងដំណាក់កាលនីមួយៗនៃដំណើរការផលិតកម្ម និងលុបបំបាត់ហានិភ័យគីមីរាងកាយ និងអតិសុខុមជីវសាស្រ្ត និងធានាដល់ការផលិតអាហារប្រកប ដោយសុវត្ថិភាព។ ប្រព័ន្ធ HACCP ប្រកាន់ខ្ជាប់នូវគោលការណ៍ប្រព័ន្ធស្តង់ដារអន្តរជាតិកូដិច (Codex) ដែលអាចគ្រប់គ្រង និងការការពារគ្រោះថ្នាក់ ឬការប៉ះពាល់នឹងមីក្រូជីវសាស្ត្រគីមី ឬអន្តរកម្មរាងកាយ ដោយអនុវត្តប្រកបដោយប្រសិទ្ធភាពសម្រាប់សុវត្ថិភាពចំណីអាហារ។

ដោយឡែកលោក ម៉ៅ ធីរ៉ា ប្រធាននាយកដ្ឋានបញ្ញត្តិកម្ម វិទ្យាស្ថានស្ដង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានថ្លែងថា កម្ពុជាជាប្រទេសមួយ ដែលបាននាំចូលនូវផលិតផលចំណីអាហារ ពីបណ្តាប្រទេសផ្សេងៗជាច្រើន ដោយសារលទ្ធភាពក្នុងការផលិតចំណីអាហាររបស់កម្ពុជា មានចំនួនកំណត់ និងមិនទាន់មានស្តង់ដារល្អតាមប្រព័ន្ធស្តង់ដារអន្តរជាតិ ដូច្នោះហើយ ក្រុមហ៊ុនផលិតចំណីអាហារ ស៊ី.ភី. ខេមបូឌា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ការច្នៃប្រឌិតនូវផលិតផលចំណីអាហារ ទាំងផ្នែករសជាតិ អនាម័យ សមស្របទៅតាមប្រព័ន្ធស្តង់ដារអន្តរជាតិ រហូតសមស្របនឹងទទួលបានវិញ្ញាបនបត្រធានារ៉ាប់រង និងទទួលស្គាល់ ប្រព័ន្ធស្តង់ដារអន្តរជាតិ GMP និង HACCP ពីក្រសួង។

សូមបញ្ជាក់ថា ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ បានបើកប្រតិបត្តិការអាជីវកម្ម កសិ-ឧស្សាហកម្ម និងចំណីអាហារគ្រប់ប្រភេទ ឈានមុខគេនៅកម្ពុជា ដោយអាជីវកម្មទាំងនេះបែងចែកជា ៣ប្រភេទធំៗ រួមមាន អាជីវកម្មផលិតចំណីសត្វ អាជីវកម្មចិញ្ចឹមសត្វ (ប្រភេទសត្វដូចជា ជ្រូក មាន់សាច់ មាន់ស្រុក មាន់ពង) អាជីវកម្មសត្វទឹក (ត្រី) អាជីវកម្មផលិតចំណីអាហារ រួមទាំងអាជីវកម្ម CP Five Star ,អាជីវកម្ម CP Fresh Mart , អាជីវកម្ម Star Coffee , អាជីវកម្ម CP Fresh Shop, និងអាជីវកម្មផ្សេងៗជាច្រើនទៀត៕