(ពិភពលោក)៖ Fresh News Plus ធ្លាប់បានផ្សាយអត្ថបទមួយស្តីពី «សង្រ្គាមកូរ៉េ» ដែលបានចាប់ផ្តើមឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០។ សង្រាមឧបទ្វីបកូរ៉េ បានកើតឡើងនៅពេលដែលកងទ័ពកូរ៉េខាងជើងឆ្លងខ្សែបន្ទាត់ស្របទី៣៨ (38th Parallel) ជាចំណុចខណ្ឌចែកព្រំដែនរវាងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ដែលមានសូវៀតនៅពីក្រោយ និងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ដែលមានសហរដ្ឋអាម៉េរិកគាំទ្រ។ រហូតមកដល់ពេលនេះ សង្គ្រាមរវាងបងប្អូនទាំងពីរមិនទាន់ត្រូវបានបញ្ចប់ឡើយ ដោយវិបត្តិនេះបានត្រឹមតែបន្សល់ទុកនូវសេចក្តីឈឺចាប់សម្រាប់ប្រជាជាតិ ដែលហែកសាច់គ្នាជាជម្រៀកៗបែបនេះ។

តើអ្នកណាជាអ្នកនៅពីក្រោយខ្នងនៃការបែកបាក់នេះ? ហេតុអ្វីបានដែនដីទាំងពីរត្រូវខណ្ឌចែកត្រឹមខ្សែស្របទី៣៨? ហេតុអ្វីបានជាសង្រា្គមបងប្អូនឯងនេះ អូសបន្លាយពេលវេលាយូរយ៉ាងនេះ?

អត្ថបទរបស់ Fresh News Plus ខាងក្រោមនេះ នឹងឆ្លើយតបរាល់សំណួរទាំងអស់ខាងលើ រួមទាំងព័ត៌មានសំខាន់ៗពាក់ព័ន្ធ នឹងការបែកបាក់នៃប្រទេសកូរ៉េទាំង ២៖

១៖ ខ្លឹមសារសង្ខេប
មានចម្លើយចំៗថា ការបែកបាក់ឧបទ្វីបកូរ៉េជា ២ បណ្តាលមកពីការលូកដៃរបស់មហាអំណាចអាម៉េរិក និងសាធារណរដ្ឋសង្គមនិយមសហភាពសូវៀត (USSR) ដើម្បីបញ្ចប់របបចក្រពតិ្តនិយមជប៉ុន ដែលគ្រប់គ្រងលើដែនដីកូរ៉េអស់រយៈពេល ៣៥ ឆ្នាំ។ ជាអកុសលថ្វីដ្បិតមហាអំណាចអាម៉េរិក និងសូវៀត អាចបញ្ចប់របបចក្រពត្តិនិយមរបស់ជប៉ុនលើដែនដីកូរ៉េ បានតែលទ្ធផលបែរជាអាក្រក់លើសពីការរំពឹងទុក ដូចដែលស្ថានភាពបច្ចុប្បន្នអាចបង្ហាញជាភស្ថុតាងស្រាប់ ពោលត្រូវបែកជាពីរ។

មូលហេតុនៃការបែកបាក់ដោយសារជ័យជម្នះលើប្រទេសជប៉ុននេះ បានកើតឡើងនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ (១៩៣៩-១៩៤៥) ស្របពេលដែលសង្គ្រាមត្រជាក់ (១៩៤៥-១៩៩១) ក៏បានឈានចូលមកដល់ ជាពេលដែលពិភពលោកត្រូវហែកជា ២ ដោយមនោគមន៍វិជ្ជាសេរីរបស់អាម៉េរិក និងកុម្មុយនីស្តរបស់សូវៀត។ ដោយសារមហាអំណាចទាំង ២ កំពុងចង់ដណ្តើមដែនដីគ្នា ដើម្បីពង្រីកឥទ្ធិពលរៀងៗខ្លួនស្រាប់ផងនោះ ប្រទេសកូរ៉េក៏ក្លាយជាជនរងគ្រោះដោយសារការហែកចែកគ្នាតែម្តង។

* ការបញ្ចប់អំណាចចក្រពតិ្តនិយមជប៉ុន
ក្នុងខែវិច្ឆិកា ឆ្នាំ១៩៤៣ មេដឹកនាំមហាអំណាច ៣ រូប គឺលោក ហ្វ្រង់គ្លីន រ៉ូស្វែល (Franklin Roosevelt) ប្រធានាធិបតីអាម៉េរិក លោក វីនស្តុន ឆឺឈីល (Winston Churchill) នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស និងលោក ចាង ខៃជៀក (Chiang Kai-shek) ដែលត្រូវបានចាត់ទុកថាជានាយករដ្ឋមន្ត្រីចិនដែលបានធ្វើកិច្ចជំនួបក្នុងទីក្រុងគែរ (Cairo) ប្រទេសអេហ្ស៉ីប ដើម្បីពិភាក្សាស្វែងរកមធ្យោបាយកម្ចាត់អាណានិគមជប៉ុន ដោយព្រមព្រៀងគ្នាថាធ្វើយ៉ាងណាឱ្យប្រទេសជប៉ុនលះបង់ដែនដី ដែលខ្លួនដណ្តើមបានដោយប្រើប្រាស់កម្លាំងយោធាក្នុងពេលកន្លងមក។

ក្នុងសេចក្តីថ្លែងការណ៍បន្ទាប់ពីសន្និសីទនេះបញ្ចប់ វិបត្តិប្រទេសកូរ៉េត្រូវបានលើកឡើងមុនគេ។ មហាអំណាចទាំង ៣ បានប្រកាសថា ពួកគេកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋកូរ៉េ ព្រមទាំងប្តេជ្ញាថាប្រទេសកូរ៉េគួរតែទទួលបានសេរីភាព និងឯករាជ្យរបស់ខ្លួន។

ក្នុងសន្និសីទក្នុងទីក្រុងតេអេរ៉ង់ (Teheran) ប្រទេសអ៉ីរ៉ង់ ក្នុងខែវិច្ឆិកា ឆ្នាំ១៩៤៣ និងសនិ្នសីទយ៉ាល់តា (Yalta Conference) ក្នុងខែកុម្ភៈ ឆ្នាំ១៩៤៥ សហភាពសូវៀតបានសន្យាថានឹងចូលរួមជាមួយសម្ព័ន្ធមិត្ត ដើម្បីធ្វើសង្គ្រាមនៅតំបន់ប៉ាស៉ីហ្វិក។ ក្នុងថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៤៥ សូវៀតបានប្រកាសសង្គ្រាមជាមួយប្រទេសជប៉ុន។ យោធាសូវៀតបានសម្រុកចូលដែនដីកូរ៉េយ៉ាងទាន់ហន់ តែបែរជាធ្វើឱ្យរដ្ឋាភិបាលសហរដ្ឋអាម៉េរិកមានក្តីខ្វាយខ្វល់ ដោយគិតថាបើគ្មានវត្តមានសូវៀតទេនោះ ខ្លួនប្រាកដជាអាចកាន់កាប់កូរ៉េទាំងមូលបានយ៉ាងងាយ។

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៤៥ មន្ត្រីអាម៉េរិកវ័យក្មេង ២ រូប ត្រូវបានតែងតាំងឡើង ដើម្បីកំណត់ដែនដីកូរ៉េដែលអាម៉េរិកវាយដណ្តើមបាន។ ដោយការងារនេះ ធ្វើឡើងក្នុងរយៈពេលយ៉ាងខ្លី និងគ្មានការគ្រោងទុកទាល់តែសោះនោះ មន្ត្រីទាំង ២ រូបបានកំណត់យកខ្សែស្របទី៣៨ ជាបន្ទាត់កំណត់ដែនដីដែលអាម៉េរិកវាយគ្រប់គ្រងបាន។

មូលហេតុដែលមន្ត្រីទាំង ២ រូបជ្រើសរើសត្រង់ខ្សែបន្ទាត់នេះ ដោយសារវាខណ្ឌចែកដែនដីភាគខាងជើង និងខាងត្បូងស្ទើរតែស្មើគ្នា ដោយយកទីក្រុងសេអ៊ូល (Seoul) ជាទីក្រុងក្រោមការគ្រប់គ្រងរបស់អាម៉េរិក តែក្នុងពេលនោះគ្មានអ្នកជំនាញជនជាតិកូរ៉េណាមួយបានចូលរួមផ្តល់ប្រឹក្សាពាក់ព័ន្ធនឹងបញ្ហានេះឡើយ។ ជារឿងគាប់ជួននោះ កាលពីប្រមាណ ៤០ ឆ្នាំមុន ប្រទេសជប៉ុន និងសូវៀតក៏ធ្លាប់បានពិភាក្សាគ្នា ដើម្បីបែកចែកកូរ៉េតាមខ្សែបន្ទាត់នេះដូចគ្នា។

ការបែកចែកនេះបានរំលែកមនុស្សចំនួន ១៦ លាននាក់ឱ្យនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិក និងមនុស្សចំនួន ៩ លាននាក់ផ្សេងទៀត ក្រោមការគ្រប់គ្រងរបស់សាធារណរដ្ឋសង្គមនិយមសហភាពសូវៀត។ កាន់តែគួរឱ្យភ្ញាក់ផ្អើលនោះ គឺមហាអំណាចទាំង ២ ឆាប់ទទួលយកការបែកចែកនេះភ្លាមៗដោយគ្មានរារែក។ កិច្ចព្រមព្រៀងត្រូវបានសម្រេចឡើង ក្នុងថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៤៥ ជាថ្ងៃដែលជប៉ុនលើកទង់ជ័យសចុះចាញ់សង្គ្រាមលោកលើកទី២។

នៅខែដដែលនោះ កងកម្លាំងសូវៀតទាំងទ័ពជើងទឹក និងជើងគោក ត្រូវបានដាក់ពង្រាយនៅដែនដីកូរ៉េ និងឈានទៅលាតសន្ធឹងដល់តំបន់ភាគខាងជើង និងខាងកើតនៃប្រទេស។ នៅថ្ងៃទី២៤ ខែសីហា កងទ័ពក្រហមបានពង្រីកវត្តមានរបស់ខ្លួនដល់ទីក្រុងព្យុងយ៉ាង (Pyongyang)។

* ស្ថានភាពកូរ៉េក្រោយសង្គ្រាមលោកលើកទី២
ក្នុងខែធ្នូ ឆ្នាំ១៩៤៥ ក្នុងសន្និសីទទីក្រុងម៉ូស្គូ (Moscow) សម្ព័ន្ធមិត្តសហភាពសូវៀត សហរដ្ឋអាម៉េរិក សាធារណរដ្ឋចិន និងអង់គ្លេស ក្នុងការចូលរួមក្នុងការប្រកាសផ្តល់ឯករាជ្យដល់កូរ៉េ ស្របពេលដែលប្រជាពលរដ្ឋកូរ៉េភាគច្រើនទាមទារចង់បានឯករាជ្យភ្លាមៗ លើកលែងតែបក្សកុម្មុយនីស្តបែរជាបន្តចង់ស្ថិតក្រោមឥទ្ធិពលរដ្ឋាភិបាលសូវៀតទៅវិញ។

ក្នុងកិច្ចប្រជុំក្នុងឆ្នាំ១៩៤៦ និងឆ្នាំ១៩៤៧ សហភាពសូវៀត និងសហរដ្ឋអាម៉េរិកបានរួមគ្នាក្នុងគោលដៅបង្រួបបង្រួមកូរ៉េទាំង ២ ប៉ុន្តែត្រូវបរាជ័យមូលហេតុដោយសារភាពផ្ទុយគ្នានៃមនោគមន៍វិជ្ជារបស់មហាអំណាចទាំងពីរក្នុងសម័យសង្គ្រាមត្រជាក់។ ជាងនេះទៅទៀតនោះ ការបែងចែកតំបន់ទាំងពីរមានភាពស៉ីជម្រៅពេក រហូតមិនងាយនឹងរកផ្លូវទៅរកការបង្រួបង្រួមឡើយ។ នៅខែឧសភា ឆ្នាំ១៩៤៦ គេបានចាត់ទុកថា ការឆ្លងកាត់ខ្សែស្របទី៣៨ ដោយគ្មានការអនុញ្ញាតត្រូវបានចាត់ទុកថា «ជារឿងខុសច្បាប់»

* សហរដ្ឋអាម៉េរិកចូលកាន់កាប់កូរ៉េខាងត្បូង
ដោយរដ្ឋាភិបាលអាម៉េរិកព្រួយបារម្ភខ្លាចប្រទេសសូវៀតពង្រីកឥទ្ធិពលរបស់ខ្លួន ស្របពេលដែលអាជ្ញាធរជប៉ុនក្នុងដែនដីកូរ៉េ បានព្រមានពីហានិភ័យនៃការអវត្តមានអ្នកដឹកនាំប្រទេសផងនោះ កងកម្លាំងសហរដ្ឋអាម៉េរិកបានធ្វើការឈ្លានពានដែនដីកូរ៉េខាងត្បូងចំនួន ៣ ដង។

នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៤៥ នាយឧត្តមសេនីយ៍អាម៉េរិកលោក ដកឡាស ម៊ែកអាត់ថឺរ (Douglas MacArthur) បានប្រកាសថា លោក ចន អ. ហច (John R.Hodge) ជាមន្ត្រីរដ្ឋបាលកិច្ចការកូរ៉េ។ លោក ហច បានធ្វើដំណើរអមដោយយោធាទៅកាន់តំបន់អ៉ីនឆុន (Incheon) ដែលជាដែនដីកូរ៉េខាងត្បូង។

រដ្ឋាភិបាលបណ្តោះអាសន្ននៃសាធារណរដ្ឋកូរ៉េដែលត្រូវបានប្រតិបត្តិការនៅប្រទេសចិន បានបញ្ជូនគណៈប្រតិភូទៅជួបលោក ហច ប៉ុន្តែត្រូវបានលោកបដិសេធមិនជួប។ មិនតែប៉ុណ្ណោះ លោកបានបដិសេធមិនទទួលស្គាល់ទម្រង់រដ្ឋាភិបាលថ្មីរបស់កូរ៉េខាងត្បូងនៅប្រទេសចិន និងគណៈកម្មាការប្រជាជនឡើយ ថែមទាំងចាត់ទុកថាវាជារឿងខុសច្បាប់ថែមទៀតផងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំដដែល។

សកម្មជនប្រឆាំងបក្សកុម្មុយនីស្តដ៏ក្លៀវក្លា លោក ស៉ីងមិន រី (Syngman Rhee) ក្រោយមកក៏ក្លាយជាប្រធានាធិបតីទី១ នៃរដ្ឋាភិបាលបណ្ដោះអាសន្នភាគខាងត្បូង និងក្រោយមកបានក្លាយជាអ្នកនយោបាយដ៏លេចធ្លោម្នាក់របស់កូរ៉េខាងត្បូង។ រដ្ឋាភិបាលខាងត្បូងបានធ្វើយុទ្ធនាការយោធាប្រឆាំងពួកបះបោរឆ្វេងនិយម។ ក្នុងរយៈពេលត្រឹម ២-៣ ឆ្នាំ មនុស្សប្រមាណ ៣០,០០០ ទៅ ១០០,០០០ នាក់ត្រូវបានសម្លាប់។

* សូវៀតគ្រប់គ្រងភាគខាងជើង
ក្នុងខែកុម្ភៈ ឆ្នាំ១៩៤៦ រដ្ឋាភិបាលបណ្ណោះអាសន្នភាគខាងជើងដែលត្រូវបានគេឱ្យឈ្មោះថា គណៈកម្មាធិការប្រជាជនបណ្តោះអាសន្នដែលត្រូវបានបង្កើតឡើងដោយលោក គីម អ៉ីលស៊ុង (Kim Il-sung) ដែលបានចំណាយពេលទទួលការហ្វឹកហាត់ធ្វើសង្គ្រាមជាមួយយោធាសូវៀតនៅតំបន់ម៉ាន់ជូរី (Manchuria) ប្រទេសចិន។

ក្នុងឆ្នាំ១៩៤៦ រដ្ឋាភិបាលបណ្តោះអាសន្នភាគខាងជើងក្រោមអំណាចរបស់ពួកសូវៀតបានធ្វើកំណែទម្រង់ដីធ្លី ដោយរាល់ដីទាំងឡាយដែលធ្លាប់ជាកម្មសិទ្ធរបស់ជប៉ុន និងម្ចាស់ដី ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ។ សូម្បីអតីតម្ចាស់ដីធំៗក៏ត្រូវទទួលបានផ្ទៃដីស្មើនឹងជនក្រីក្រទូទៅដែរ។

ការធ្វើកំណែទម្រង់ដីធ្លីនៅកូរ៉េខាងជើងមិនសូវបង្កហិង្សាច្រើនដូចនៅចិន និងវៀតណាមឡើយ។ កំណែទម្រង់ដីនេះបានបណ្តាលឱ្យមនុស្សជាច្រើនភៀសខ្លួនទៅភាគខាងត្បូង ដោយក្នុងនោះមួយចំនួនថែមទំាងបានទទួលតំណែងក្នុងជួររដ្ឋាភិបាលភាគខាងត្បូងផងដែរ។

យោងតាមរដ្ឋាភិបាលអាម៉េរិកបានឱ្យដឹងថា ជនជាតិកូរ៉េខាងជើងប្រមាណ ៤០០,០០០ នាក់បានធ្វើដំណើរទៅកាន់ភាគខាងត្បូងក្នុងនាមជាជនភៀសខ្លួន។ ឧស្សាហកម្មសំខាន់ៗត្រូវបានចាត់ទុកជារបស់រដ្ឋ។ ចំណែកស្ថានភាពសេដ្ឋកិច្ចរបស់ភាគខាងជើងវិញ មានការលំបាកច្រើនជាងតំបន់ភាគខាងត្បូង។ ទីបំផុតយោធាសូវៀតបានចាកចេញពីដែនដីកូរ៉េខាងជើងនៅក្នុងឆ្នាំ១៩៤៨។

* អន្តរាគមន៍របស់អង្គការសហប្រជាជាតិ និងការបង្កើតរដ្ឋាភិបាល ២ ផ្សេងគ្នា
អង្គការសហប្រជាជាតិ (UN) បានលូកដៃក្នុងបញ្ហាឧបទ្វីបកូរ៉េ ប៉ុន្តែត្រូវបានសូវៀតបដិសេធ។ ក្នុងពេលនោះ សហរដ្ឋអាម៉េរិកមានឥទ្ធិពលខ្លាំងទៅលើអង្គការសហប្រជាជាតិស្រាប់។ អង្គការសហប្រជាជាតិបានដាក់ចេញនូវក្តីសម្រេចនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៤៧ ដោយប្រកាសថាចាំបាច់ត្រូវមានការរៀបចំការបោះឆ្នោតដោយសេរីមួយ ហើយយោធាបរទេសចាំបាច់ត្រូវដកចេញ ព្រមទាំងបង្កើតគណៈកម្មាធិការបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅដែនដីកូរ៉េ ហៅកាត់ថា យូអិនធីស៉ីអូខេ (UNTCOK)។

* សន្និសីទទីក្រុងហ្សឺណែវ និង NNSC
សន្និសីទទីក្រុងហ្សឺណែវ ប្រទេសស្វីស ត្រូវបានរៀបចំឡើងក្នុងឆ្នាំ១៩៥៤ ដោយយោងទៅតាមយុទ្ធសន្តិភាពកូរ៉េ។ បើទោះបីជាក្នុងសនិ្នសីទនេះ មានការចូលរួមប្រឹងប្រែងពីសំណាក់បណ្តាប្រទេសជាច្រើនចូលរួម ជាអកុសលកម្មវិធីនេះត្រូវបានបញ្ចប់ទៅដោយគ្មានសេចក្តីថ្លែងការណ៍ណាមួយ ឈានទៅរកការបង្រួបបង្រួមកូរ៉េទាំង ២ ឡើយ។

ក្នុងយុទ្ធសន្តិភាពមានការបង្កើតជាគណៈកម្មាការត្រួតពិនិត្យជាតិអព្យាក្រឹត្យ ហៅកាត់ថា NNSC ដែលតួនាទីក្នុងការត្រួតពិនិត្យស្ថានភាពនានារបស់កូរ៉េទាំងពីរ។ ចាប់តាំងពីឆ្នាំ១៩៥៣ មក កងកម្លាំងរបស់ប្រទេសស្វីស និងកងកម្លាំងបរទេសមួយចំនួនបានក្លាយជាសមាជិករបស់ NNSC ដែលមានស្នាក់ការនៅជិតតំបន់ DMZ។

បើទោះបីជាសង្គ្រាមស៉ីវិលរយៈពេល ៣ ឆ្នាំ ត្រូវបានបញ្ចប់ទៅដោយយុទ្ធសនិ្តភាពភាគីខាងជើង និងខាងត្បូងនៅតែបន្តជាសត្រូវនឹងគ្នា ហើយតែងតែប្រកាសពីភាពស្របច្បាប់របស់ខ្លួនក្នុងការកាន់កាន់ប្រទេសកូរ៉េទាំងមូលរៀងៗខ្លួន។ រាល់កិច្ចចរចាទាំងឡាយដើម្បីឈានទៅរកការបង្រួមបង្រួមជាតិទាំង ២ តែងតែបញ្ចប់ទៅដោយគ្មានលទ្ធផលអ្វីទាំងអស់។

សរុបមក តាមរយៈប្រវត្តិសាស្ត្រប្រទេសកូរ៉េបានបង្ហាញថា វិបត្តិផ្ទៃក្នុងបូករួមសំខាន់ជាមួយនឹងការអន្តរាគមន៍របស់មហាអំណាច បណ្តាលឱ្យកូរ៉េទាំង ២ ត្រូវបែកបាក់គ្នា និងក្លាយជាដំបៅដែលបន្តឈឺចាប់ដល់បច្ចុប្បន្ន មើលទៅហាក់គ្មានសង្ឃឹមក្នុងការឈានទៅរកការបង្រួបបង្រួមបានឡើយ។ ផ្ទុយទៅវិញ វាកាន់តែឈានដល់ដំណាក់កាលឡើងកម្តៅជាលំដាប់រហូតគូសត្រូវទាំង ២ និងមហាអំណាចអាម៉េរិកប្រើប្រាស់អាវុធប្រល័យលោក ដើម្បីកំញើញទៅវិញទៅមក។ វិបត្តិនេះមិនត្រឹមតែផ្តល់ក្តីបារម្ភតែក្នុងតំបន់ប៉ុណ្ណោះទេ តែវាក៏បានបង្កក្តីបារម្ភដល់ពិភពលោកទាំងមូលផងដែរ៕