(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្ត Ford បានបន្ថែមប្រាក់ទុនវិនិយោគទៅលើ គម្រោងផលិតរថយន្ត អគ្គិសនី និងរថយន្តបើកបរដោយស្វ័យ ប្រវត្តិនូវទឹកប្រាក់ ២៩ពាន់លានដុល្លារអាមេរិក ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។

នៅមុននេះ ក្រុមហ៊ុន Ford បានប្រកាសថា ខ្លួនបានសម្រេចបណ្ដាក់ទុនចំនួន ១១.៥ពាន់លានដុល្លារ សម្រាប់សង្វាក់ផលិតកម្ម ផលិត រថយន្ត ទាំងពីរប្រភេទខាងលើក្នុងឆ្នាំ២០២២ ប៉ុន្តែនៅពេលនេះ Ford បានសម្រេចបន្ថែមទុនទ្វេដងរហូតដល់ ២៩ពាន់លានដុល្លារ ដើម្បីពង្រីក សង្វាក់ផលិតកម្មរថយន្ត អគ្គិសនី និងរថយន្តបើកបរដោយស្វ័យ ប្រវត្តិ នៅឆ្នាំ២០២៥។

ការតាមការបញ្ជាក់ ក្រុមហ៊ុន Ford នឹងចំណាយ ៧ពាន់លានដុល្លារទៅលើសង្វាក់ផលិតកម្មផលិតរថយន្ត បើកបរដោយស្វ័យប្រវត្តិ និង ២២ពាន់លានដុល្លារ ទៅលើសង្វាក់ផលិតកម្មផលិតរថយន្តអគ្គិសនី ខណៈដែលក្រុមហ៊ុនបានចំណាយ ៧ពាន់លានដុល្លាររួចមកហើយ កាលពី ឆ្នាំ២០១៦ លើការផលិតរថយន្តអគ្គិសនី។

គួរបញ្ជាក់ផងដែរថា ការបន្ថែមនូវទុនវិនិយោគនេះ គឺត្រូវបានគេមើលឃើញថា ក្រុមហ៊ុន Ford ចង់ពង្រីកទីផ្សាររថយន្ត អគ្គិសនី និងរថយន្តបើកបរដោយស្វ័យ ប្រវត្តិបានឆាប់ ខណៈដែលនៅពេលនេះ មានក្រុមហ៊ុនផលិតរថយន្តជាច្រើនបាន និងកំពុងតែ សំងំផលិត និង ដាក់ឱ្យប្រើប្រាស់រថយន្តទាំងពីរប្រភេទនេះ៕