(ភ្នំពេញ)៖ កាន់តែប្លែកអារម្មណ៍ពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់អ្នកនិយមស្តាប់បទចម្រៀង ខណៈបទថ្មីត្រូវបានបញ្ចេញជារៀងរាល់ថ្ងៃ ជាបន្តបន្ទាប់ដូចទឹកបាក់ទំនប់ទៅហើយក្នុងឆ្នាំនេះ ពីសំណាក់ផលិតកម្ម Galaxy Navatra ខណៈបទចម្រៀងទាំងនោះ ភាគច្រើនគឺផ្តោតសំខាន់ សម្រាប់អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីឲ្យបងប្អូនរាំលេងកម្សាន្តសប្បាយ ពេលជួបជុំគ្រួសារ។

គិតមកដល់ថ្ងៃនេះ មានបទចម្រៀងមិនក្រោម ១០បទឡើយ ដែលផលិតកម្ម Galaxy Navatra បានបញ្ចេញ ហើយអ្វីដែលគេចាប់អារម្មណ៍ គឺបញ្ចេញជារៀងរាល់ថ្ងៃតែម្ដង។ ស្ទើរគ្រប់បទចម្រៀងទាំងអស់ សុទ្ធតែទទួលបានការគាំទ្រខ្លាំងមិននឹកស្មាន ដោយគ្រាន់តែចេញភ្លាមមានអ្នក Views រាប់លានដងគ្រប់បទ។

ជាក់ស្តែង កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងតារាវ័យក្មេង តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថា មានបទចម្រៀងច្រើនជាងគេ ទាំងបទឆ្លើយឆ្លង ទាំងបទច្រៀងទោល។ ចំពោះបទឆ្លើយឆ្លង អ្នកទាំងពីរមានរហូតដល់ទៅ ៦បទ មកហើយ ក្នុងនោះដូចជា បទទី១ បទ «កាត់ឆុង», ទី២បទ «ប្រហុក», ទី៣បទ «រកស៊ីជាមួយយក្ស» ទី៤បទ «អរគុណកាមេរ៉ា» ទី៥បទ «មាន់កម្សត់» និងទី៦បទ «ឡានទំនើប»

ចម្រៀងទាំង៦បទ ដែលកំពូលតារាចម្រៀងទាំងពីរច្រៀងរួមគ្នានេះ ត្រូវបានគេសង្កេតឃើញថា ភាគច្រើនជាបទរាំលេងកម្សាន្តបែបសប្បាយៗ មានគ្រប់ចង្វាក់ ដែលងាយស្រួលសម្រាប់បងប្អូនរាំលេងកំសាន្ត ពេលជួបជុំគ្នា។ ចំណុចទាំងនេះបានធ្វើឲ្យមហាជនវាយតម្លៃថា សម្រាប់ឆ្នាំនេះប្រហែលពិបាកទប់ទល់នឹងផលិតកម្ម Galaxy Navatra ហើយ ពោលគឺចម្រៀងបញ្ចេញមកប្រៀបបាននឹងទឹកបាក់ទំនប់តែម្តង