(ភ្នំពេញ)៖ លោក Kusakabe Yosuke នាយកមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន (JFACPP) បានប្ដេជ្ញាចូលរួមគាំទ្រ និងជួយផ្សព្វផ្សាយពីវិស័យកីឡាបាល់ទាត់កម្ពុជាទៅកាន់ពិភពលោក តាមរយៈសកម្មភាពផ្សេងៗ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើន ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ការថ្លែងបែបនេះ បន្ទាប់ពីមជ្ឈមណ្ឌល JFACPP បានចូលរួមសហការជាមួយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ក្នុងការរៀបចំកម្មវិធីតាំងបង្ហាញរូបថតកីឡាបាល់ទាត់ ឆ្នាំ២០២១ ឬ CNCC Football Photos Show 2021 ដែលគ្រោងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៧ ខែកុម្ភៈ នៅផ្សារទំនើបអ៊ីអន-សែនសុខ។

លោក Kusakabe Yosuke និយាយថា «JFACPP មានសាខា ២៥ប្រទេសលើពិភពលោក ហើយបច្ចុប្បន្នក្រុមការងាររបស់យើង កំពុងធ្វើការងារតាម Online ដោយសារវិបត្តិកូវីដ-១៩ ហើយការតាំងបង្ហាញរូបថតកីឡាបាល់ទាត់នេះ សកម្មភាពទាំងអស់ហ្នឹង នឹងត្រូវបានផ្សព្វផ្សាយនៅ JFACPP។ ដូច្នេះតាមរយៈការផ្សព្វផ្សាយលើគេហទំព័រយើងខ្ញុំនេះ យើងខ្ញុំគិតថា នឹងជួយផ្សព្វផ្សាយនូវសកម្មភាពកីឡាបាល់ទាត់កម្ពុជាឲ្យបណ្ដាប្រទេសផ្សេងៗបានស្គាល់ផងដែរ»។

ដោយឡែកលោក ឈី កុលបុត្រា លេខាធិការប្រតិបត្តិ CNCC បានបញ្ជាក់ថា កម្មវិធីពិព័រណ៍រូបថតកីឡាបាល់ទាត់ខាងលើ គឺក្នុងគោលបំណង ដើម្បីជួយលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានកីឡា ការផ្សាភ្ជាប់មនុស្សទៅនឹងកីឡាបាល់ទាត់ ជាពិសេសដើម្បីបន្ថែមគុណភាពនៃការផ្សព្វផ្សាយព័ត៌មានកីឡាបាល់ទាត់រួមជាមួយ CNCC ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

គួរបញ្ជាក់ថា មុនកម្មវិធីតាំងបង្ហាញរូបថតកីឡាបាល់ទាត់ ឆ្នាំ២០២១ នេះ CNCC បានរកឃើញបេក្ខភាពជយលាភី ៣រូប ដែលទទួលបានជ័យជម្នះក្នុងការប្រកួតរូបថតកាលពីថ្មីៗ ហើយសម្រិតសម្រាំងរូបថតរបស់បេក្ខភាពជយលាភីមកធ្វើការតាំងពិព័រណ៍រយៈពេល ៣ថ្ងៃ នៅផ្សារទំនើបអ៊ីអន-សែនសុខ ក្នុងនោះលោក នី វ៉ាន់ឌី ទទួលបានលេខ១, លោក យូសុះ អាប់ឌុលរ៉ាស់ហ៊ីម ទទួលបានលេខ២ និងលោក យ៉ា ប៉ោទ្រី ទទួលបានចំណាត់ថ្នាក់លេខ៣៕