(ភ្នំពេញ)៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ ខួបលើកទី២៥ (The 25th Angkor Wat Half Marathon) នឹងចាប់ផ្ដើមរត់ក្រោមរបត់ថ្មី នៅថ្ងៃទី០៦-០៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រោយធ្វើការផ្លាស់ប្ដូរមកជាការរត់ដោយស្ម័គ្រចិត្តខ្លួនឯង(Virtual Run) ខណៈលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានអំពាវនាវអ្នករត់ទាំងអស់ ត្រូវមានម្ចាស់ការលើខ្លួនឯង ដើម្បីបន្សល់នូវអនុស្សាវរីយ៍ល្អ អំឡុងវិបត្តិកូវីដ-១៩។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃសុក្រ លោក វ៉ាត់ ចំរើន បានធ្វើការជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ ដែលបានចុះឈ្មោះចូលរួម ដោយសារបញ្ហាកូវីដ-១៩ ត្រូវភ្ញាក់ពីព្រឹកព្រលឹម ដើម្បីរត់បំពេញកាតព្វកិច្ច និងរត់ឲ្យគ្រប់ចម្ងាយគីឡូម៉ែត្រ ដែលខ្លួនបានចុះឈ្មោះលើវិញ្ញាសារត់ប្រណាំងនីមួយៗ តាមការណែនាំរបស់គណៈកម្មការរៀបចំ ដើម្បីទទួលបានមេដាយបញ្ចប់ទី និងបន្សល់នូវអនុស្សាវរីយ៍ដ៏ល្អ សម្រាប់ការជម្នះឧបសគ្គចូលរួម ក្នុងគ្រាដ៏លំបាកនេះ។

លោកបន្ដថា អ្នកដែលបានចុះឈ្មោះ ហើយបានមកទទួលយកស្លាកលេខរត់ និងអាវពីគណៈកម្មការ គឺមានច្រើនជាង ៣,០០០នាក់ ។ ហេតុនេះលោកបានសំណូមពរ និងលើកទឹកចិត្តឲ្យអ្នករត់ទាំងអស់ ត្រូវមានម្ចាស់ការខ្លួនឯងឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កឲ្យក្លាយជាចលនាមួយ ក្នុងស្មារតីបំពេញកាតព្វកិច្ចឲ្យបានសស្រាក់សស្រាំ ពោលគឺរត់ដើម្បីសុខភាពផង និងរត់ដើម្បីការងារសប្បុរសធម៌ផង។ ទន្ទឹមជាមួយគ្នា លោកក៏បានប្រកាសបើកទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ ខួបលើកទី២៥ ជានិមិត្តរូបផ្លូវការតែម្ដង។

ឆ្លៀតឱកាសនោះ លោក សែម ផល្លា នាយកចាត់ការទូទៅ នៃទិវារត់ម៉ារ៉ាតុងអន្តរជាតិខាងលើ ក៏បានសូមការអធ្យាស្រ័យជាថ្មីម្តងទៀត ចំពោះអ្នកចូលរួមទាំងអស់ ដែលបានចុះឈ្មោះចូលរួមរត់ប្រណាំងក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏ធំប្រចាំឆ្នាំ ហើយបានផ្លាស់ប្តូរមកជារត់ស្ម័គ្រចិត្តដោយខ្លួនឯង ដោយសារស្ថានភាពជំងឺកូវីដ-១៩នេះ។ លើសពីនេះ លោកក៏បានអំណរគុណ ចំពោះដៃគូឧបត្ថម្ភ ព្រមទាំងបណ្តាក្រុមហ៊ុននានា ដែលនៅតែគាំទ្រ និងចូលរួម ដើម្បីជំរុញព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះឲ្យទទួលបានជោគជ័យផងដែរ៕