(ម៉ាឌ្រីដ)៖ លោក Zinedine Zidane អ្នកចាត់ការទូទៅក្លិបបាល់ទាត់ Real Madrid បានស្នើដល់អ្នកសារព័ត៌មានសុំឲ្យ មានការគោរពខ្លះចំពោះរូបលោក និងកុំទាន់អស់សង្ឃឹមសម្រាប់ Fan ទាំងឡាយ ដ្បិតឱកាសប្រជែងពានលីគកំពូល La Liga មិនទាន់ផុតរលត់នៅឡើយទេ។
គ្រូបង្វឹកសញ្ជាតិបារាំងខាងលើបានថ្លែងក្នុងសន្និសីទព័ត៌មានមុនប៉ះ Huesca នៅរាត្រីថ្ងៃសៅរ៍នេះថា «អ្វីដែលធ្វើឲ្យខ្ញុំសើចនោះ គឺនៅពេលអ្នកសួរខ្ញុំនូវសំណួរដែលគួរឲ្យធុញទ្រាន់។ ខ្ញុំមិនត្រូវការសំណួរបែបឌឺដង ឬបន្ទុចបង្អាក់ឡើយ។ យើងឈ្នះពានលីគរដូវកាលមុន ដូច្នេះខ្ញុំសង្ឃឹមថា ពួកយើងគួរតែទទួលបានការគោរពខ្លះក្នុងរដូវកាលនេះ»។
Zinedine Zidane បានឈ្នះទាំងពានលីគ La Liga និងពាន UEFA Champions League កាលពីអំឡុងនៅជាកីឡាកររបស់ក្លិប Real Madrid នៅពេលក្រុមការពារតំណែងជើងឯកមួយនេះបានកំពុងឈរនៅលេខ៣ បណ្តោះអាសន្ន ដាច់ឆ្ងាយពីក្រុមកំពូលតារាង Atletico Madrid ចំនួន ១០ពិន្ទុគិតត្រឹម ២០សប្តាហ៍មកនេះ គ្រាដែល Atletico នៅសល់ ១ប្រកួតក្នុងដៃ។
ការធ្វើមិនសូវបានល្អនេះដែរ ក៏មានអ្នកគាំទ្រ និងសារព័ត៌មានមួយចំនួនបានចុះផ្សាយពីការរិះគន់ទម្រង់លេង និងក្លិបត្រៀមបញ្ចប់តំណែង Zidane ចេញពីទឹកដី Santiago Bernabeu នៅក្រោយពេលបុរសវ័យ ៤៨ឆ្នាំរូបនេះ បានចុះកិច្ចសន្យាដឹកនាំ Real Madrid ជាលើកទី២ កាលខែមីនា ឆ្នាំ២០១៩៕