(ភ្នំពេញ)៖ កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២០នេះ មានការចាប់អារម្មណ៍មួយ ចំពោះតារាចម្រៀង​ លោក ព្រាប សុវត្ថិ ដោយឃើញមានការស៊ែតៗគ្នា នូវ​លិខិតអញ្ជើញភ្ញៀវ ស្តីពីការទទួលស្វាគមន៍លោក ព្រាប​ សុវត្ថិ ចូលផលិតកម្មថ្មី គឺផលិតកម្ម Galaxy Navatra ដែលមានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាម្ចាស់ផលិតកម្ម។

ដូចអ្វីដែលបានគ្រោងទុក ដល់ល្ងាចថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០២០ នៅសណ្ឋាគារហ្គាដិនស៊ីធី មានការជួបជុំគ្នារវាងភ្ញៀវគ្រប់ស្រទាប់ ពិសេសសិល្បករ-សិល្បការិនីគ្រប់ផ្នែកក្នុងប្រទេសកម្ពុជា និងអ្នកសារព័ត៌មានជាច្រើនស្ថាប័ន និងភ្ញៀវអ្នកមុខអ្នកការ ប្រមាណ៣០០នាក់។ នៅក្នុងសាលធំក្នុងអគារទាំងមូល មាន​ផ្ទាំង​ប៉ាណូដែលមានរូប លោក ព្រាប សុវត្ថិ ធំៗជាមួយពាក្យសរសេរថា «ពិធីទទួលស្វាគមន៍កំពូលតារាចម្រៀង លោក ព្រាប​ សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង​ Galaxy Navatra 25/08/2020»

នៅក្នុងសន្និសីទកាសែតនោះ គេសង្កេតឃើញថា សំណួរដែលចាប់អារម្មណ៍បំផុតនោះ គឺមូលហេតុចំបងនៃការចាកចេញរបស់លោក ព្រាប សុវត្ថិ ពីផលិតកម្មហង្សមាស និងរស្មីហង្សមាស។

ចំពោះចម្លើយលោក ព្រាប សុវត្ថិ បានបញ្ជាក់ដោយទឹកមុខញញឹមថា «មូលហេតុដែលខ្ញុំសម្រេចចិត្តចាកចេញ ពីផលិតកម្មហង្សមាស និងរស្មីហង្សមាស គឺដោយសារខ្ញុំមានគោលដៅសម្រាប់ជីវិតថ្មីមួយច្បាស់លាស់ ពោលគឺក្នុងឆ្នាំ២០២០នេះ ជាពេលវេលាដែលខ្ញុំធ្វើអ្វីជាចំណង់ចំណូលចិត្តរបស់ខ្លួនឯង ​និយាយរួមគឺចង់ផ្លាស់ប្ដូរបទពិសោធន៍ថ្មីៗ ពីលើអ្វីដែលខ្ញុំមានស្រាប់នាពេលបច្ចុប្បន្ន និងរកអ្វីដែលថ្មីៗសម្រាប់ជីវិត​នាពេលអនាគត។ ម្យ៉ាងវិញទៀត គោលដៅបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍អាស៊ាន តំណាងឲ្យប្រទេសកម្ពុជានាពេលខាងមុខនេះ ក៏ជារបត់ថ្មីមួយទៀតសម្រាប់រូបខ្ញុំលើឆាកអន្តរជាតិ តាមរយៈបទពិសោធថ្មីៗ នៅក្នុងផលិតកម្ម Galaxy Navatra»

លោកបានសង្កត់ធ្ងន់ថា​ «ខ្ញុំរីករាយចំពោះការសម្រេចចិត្តរបស់ខ្លួន និងមានអ្វីដែលថ្មីរបស់ចំណីអារម្មណ៍ដល់អ្នកគាំទ្រ ទោះទៅដល់ទីកន្លែងណាក្តី ក៏ត្រូវខិតខំដើម្បីសាងភាពជោគជ័យ និងសេចក្តីត្រូវការសម្រាប់សង្គម ក៏ដូចជាត្រូវការសម្រាប់ខ្លួនឯង។ ទោះទៅដល់ទីណាក៏សំឡេងរបស់ខ្ញុំ នៅដដែលទាំងអស់ ពោលគឺនៅទីណាក៏អាចស្តាប់បាន នៅទីណាក៏បានឃើញរូបខ្ញុំដដែល ដូច្នេះគោលដៅដែលខ្ញុំកំពុងធ្វើនៅពេលនេះ គឺពោរពេញដោយបេះដូង នៃការស្រឡាញ់សិល្បៈ ជាមួយគំនិតអភិវឌ្ឍវន៍វិស័យសិល្បៈក្នុងស្រុក ដើម្បីល្បីល្បាញដល់ប្រទេសជិតខាង ហើយអាចនឹងល្បីល្បាញលើពិភពលោក នាថ្ងៃអនាគតផងដែរ»

ក្រោយពីឈានជើងចូលផលិតកម្មថ្មី Galaxy Navatra ភ្លាម ស្របពេលឱកាសភ្ជុំបិណ្ឌ ចម្រៀងថ្មីដំបូងបង្អស់របស់តារាចម្រៀង ព្រាប សុវត្ថិ នៅក្នុងផលិតកម្ម Galaxy Navatra គឺមានចំណងជើងថា «ខែភ្ជុំជ្រូកយំពេញទ្រុង»។ បទ «ខែភ្ជុំជ្រូកយំពេញទ្រុង» ត្រូវបានបញ្ចេញឡើងក្នុងឱកាស ដើម្បីអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាប្រណៃណីទំនៀមទម្លាប់របស់ខ្មែរនេះតែម្ដង (ក្នុងឆ្នាំ២០២០)។ បទនេះទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ លោក ព្រាប សុវត្ថិ ក្រោយពីរង់ចាំបទថ្មីរបស់លោកក្នុងផលិតកម្មថ្មី គឺផលិតកម្ម Galaxy Navatra។​

* លោក ព្រាប​ សុវត្ថិ រកបានដៃគូចម្រៀងស្រីដ៏ស័ក្តិសម ក្នងផលិតកម្ម Galaxy Navatra

នៅដើមឆ្នាំ២០២១នេះ ផលិតកម្ម Galaxy Navatra ដែលជាផលិតកម្មមួយកំពុងពេញនិយម ពីមិត្តយុវវ័យបានបញ្ចេញបទចម្រៀងថ្មីៗពីរោះៗ ជាច្រើនបទ សម្រាប់ស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងខិតចូលមកដល់ នារយៈពេលប៉ុន្មានខែមកខាងមុខ។ ក្នុងនោះ តារាចម្រៀងលំដាប់ជួរមុខនៃប្រទេសកម្ពុជា បានរកដៃគូ​ចម្រៀងស្រីរួមទ្រនំនោះ គឺតារាវ័យក្មេង តន់ ច័ន្ទសីម៉ា ពិតជាស័ក្តិសម និងទទួលបានការចូលចិត្តស្ដាប់ពីសំណាក់អ្នកគាំទ្រ គ្រប់ស្រទាប់។

ពិតណាស់បទចម្រៀង ដែលកំពូលតារាចម្រៀង ព្រាប សុវត្ថិ និងតារាវ័យក្មេងង តន់ ច័ន្ទសីម៉ា ចាប់ដៃគូច្រៀងរួមគ្នា គឺចំណងជើងថា «រកស៊ីជាមួយយក្ស»,បទ «អរគុណកាមេរ៉ា», បទ «ប្រហុក», បទ «មាន់កម្សត់» និងបទ «កាត់ឆុង» ត្រូវបានគេចាត់ទុកថា ជាលើកទី១ហើយ សម្រាប់តារាសំនៀងពីរោះរណ្តំទាំងពីរ បានចាប់ដៃគូច្រៀងបែបនេះ។ ជាពិសេសត្រូវបានអ្នកគាំទ្រសរសើរក្នុង Comment យូធូបផ្លូវការរបស់ផលិតកម្ម Galaxy Navatra ជាបន្តបន្ទាប់ថា ការចាប់ដៃគូរវាងតារាទាំងពីរ គឺពិតជាស័ក្តិសម ទៅនឹងកេរ្តិ៍ឈ្មោះបច្ចុប្បន្ន និងទឹកដមសំឡេងរបស់តារាទាំងពីរ។

*មានអ្វីទៀតដែលលោកអ្នកមិនបានដឹងពីតារាចម្រៀង ព្រាប ​សុវត្ថិ?

តារាចម្រៀង ព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀង ដែលមានសភាពស្ងប់ស្ងាត់ សីលធម៌ខ្ពស់ ពោរពេញទៅដោយសមត្ថភាព និងអត្តចរិតគំរូល្អដល់ក្នុងសង្គម។ ខាងក្រោម​នេះជាចំណុចពិសេសៗទាំង១០ ដែលលោក ព្រាប សុវត្ថិ មាន ហើយលោកអ្នកគាំទ្រខ្លះមិនបានជ្រាប៖

*ទី១៖ ល្បីបានរយៈពេល៣០ឆ្នាំ។
*ទី២៖ គ្មានរឿងអាស្រូវនៅក្នុងពិភពសិល្បៈ។
*ទី៣៖ សីលធម៌ សុជីវធម៌ ការទំនាក់ទំនងល្អ នៅក្នុងអាជីពសិល្បៈ។
*ទី៤៖ តម្លៃនៃការចេញច្រៀង នៅក្រៅប្រទេសមានតម្លៃខ្ពស់ ប្រមាណ ២៥០០០ដុល្លារ​ក្នុងមួយលើក និងថ្លៃក្រុមការងារជិត២០នាក់ ការចាយវាយ ២ម៉ឺនដុល្លារបន្ថែមទៀត។
*ទី៥៖ សម្រាប់ការកាន់ប្រេន (ម៉ាកផលិតផល) គឺតម្លៃលំដាប់ពិភពលោក ហើយបើក្រុមហ៊ុនទាំងអស់នោះ ត្រូវគោរពតាមលក្ខន្តិកៈរបស់ ព្រាប សុវត្ថិ ដូចជា​សីលធម៌ សុជីវធម៌ ភាពស្របច្បាប់ ព្រាប សុវត្ថិ។
*ទី៦៖ ព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀង ដែលស្រឡាញ់កិត្តិយសជាងលុយ។
*ទី៧៖ ភាពផ្អែមល្ហែមបើកចំហនៅក្នុងគ្រួសារ ការប្រៀនប្រដៅកូនប្រុសទាំងបីមានសីលធម៌ សុជីវធម៌ ដើរតាមគន្លងផ្លូវដ៏ល្អជាគំរូដល់សង្គមជាតិ។
*ទី៨៖ ជាតារាចម្រៀង ដែលមានទ្រព្យច្រើនជាងគេ ចំណូលពីសិល្បៈដែលមានទឹកប្រាក់សរុបមិនក្រោម ៣០លានដុល្លារ ជាកំពូលតារាចម្រៀងដែលមិនអួតមិនសម្ញែង។ មានរីសតនៅខេត្តរតនៈគិរី ប្រហែល១០០ ហិចតា មានដីនៅជិតផ្លូវកប់ស្រូវ ជិត១០ហិចតា មានផ្ទះនៅទួលគោក មានហាងនៅភ្នំពេញថ្មីជិត៣០០០ម៉ែតការ៉េ, មានស្ទូឌីយោផ្ទាល់ខ្លួន ៤កន្លែង និងមានដីចម្ការរាប់រយហិចតា។
*ទី៩៖ អាយុជាង ៤០ឆ្នាំហើយនៅតែសង្ហា ហើយក្មេងៗនៅតែតាមប្រកួតប្រជែង និងសមត្ថភាពរបស់លោក។
*ទី១០៖ ជាកំពូលតារាចម្រៀង ដែលមានបទល្បីច្រើនជាងគេ ដែលសរុបទាំងអស់ជាង ៣០០០បទ។

ភាពរស់រវើក ជាប្រចាំរបស់លោក ព្រាប​ សុវត្ថិ ដែលពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យអ្នកតាមដាន​ចង់ដឹងពីអ្វីដែលវិវត្តន៍ថ្មីៗ សម្រាប់រូបលោក ហើយ Fresh News Plus នឹងព្យាយាមស្វែងរកអ្វីទាំងនោះ មកជំរាបជូនអ្នកគាំទ្រ Fresh News Plus ក៏ដូចអ្នកគាំទ្រ​ផលិតកម្ម Galaxy Navatra និងលោក ព្រាប​ សុវត្ថិ ផងដែរ៕