(បរទេស)៖ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពាក់ព័ន្ធនឹងបញ្ហាអេក្រង់ Touch Screen របស់រថយន្តម៉ូដែល Model S និង Model X ក្រុមហ៊ុន Tesla នៅពេលនេះ អាជ្ញាធរចិនបានប្រកាសថា ក្រុមហ៊ុន Tesla បានប្រកាសប្រមូលរថយន្តទាំងនោះមកធ្វើការជួសជុល ឡើង វិញ ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា រថយន្តម៉ូដែល Model S និង Model X ក្រុមហ៊ុន Tesla ចំនួន ៣៦១២៦គ្រឿង នៅក្នុងប្រទេសចិន ដែលផលិតឡើងនៅឆ្នាំ ២០១៣ និង២០១៨ នៅក្នុងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក និង បាន លក់ ចេញទៅកាន់ប្រទេសចិន។

បញ្ហា អេក្រង់ Touch Screen វាមិនបានបង្កឱ្យមានផលប៉ះពាល់ដល់អាយុជីវិតអ្នកប្រើប្រាស់នោះទេ ប៉ុន្តែវាបានបង្កជាការរំខាន និង បញ្ហា ជាច្រើន ព្រោះវាពិបាកក្នុងការបញ្ជាទៅលើមុខងារផ្សេងៗ ដែលជាហេតុនាំឱ្យពួកគេពិបាកក្នុងការបើកបរ។

បើតាមការបញ្ជាក់ បញ្ហានេះមិនមែនកើតមានតែនៅក្នុងប្រទេសចិននោះទេ គឺសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកក៏បានជួបដែរ ប៉ុន្តែ គេ មិនទាន់ដឹងថា ក្រុមហ៊ុននឹងមានដំណោះស្រាយបែបណានោះទេ ខណៈដែល កាលពីកន្លងមក រថយន្ត Tesla ក៏ធ្លាប់ជួបបញ្ហានេះដែរ តែត្រូវ បានដោះស្រាយដោយការផ្លាស់ប្ដូរគ្រឿងបន្លាស់មួយចំនួន៕