(ភ្នំពេញ)៖ ក្រោយពីមានពាក្យចចាមអារ៉ាមជាច្រើនលើកច្រើនសារ អំពីការឈានជើងចូលផលិតកម្ម «រាម» របស់តារាចម្រៀង មាស សុខសោភា, នៅថ្ងៃសម្ពោធហាងរបស់ខ្លួន តារាចម្រៀង មាស សុខសោភា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ថាខ្លួនបានសម្រេចចូលផលិតកម្ម រាម ជាផ្លូវការហើយ។ ថ្ងៃនេះផលិតកម្ម «រាម» ក៏បានប្រកាសជាផ្លូវការផងដែរ។ ព្រឹត្តិការណ៍ទទួលស្វាគមន៍វត្តមានតារាចម្រៀងថ្មីលើកដំបូង គឺតារាចម្រៀងសំឡេងផ្អែម មាស សុខសោភា មកកាន់ផលិតកម្ម រាម (Ream Production) នឹងធ្វើឡើងនាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ខាងមុនេះ នៅ THE PREMIER CENTRE SENSOK។

តារាចម្រៀងលំដាប់ជួរមុខដ៏មានប្រជាប្រិយភាព ក្នុងប្រទេសកម្ពុជា មាស សុខសោភា បានសម្រេចចិត្តមកចូលរួមជាមួយផលិតកម្ម រាម ដែលជាផលិតកម្មដ៏ថ្មីសន្លាងមួយ ទើបបង្កើតឡើង ប៉ុន្តែមានមហិច្ឆតាខ្ពស់ ក្នុងចូលរួមលើកស្ទួយវិស័យសិល្បៈ ពិសេសលើវិស័យចម្រៀងខ្មែរ ឲ្យកាន់តែមានភាពរីកចម្រើន និងទូលំទូលាយ ព្រមជាមួយការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។

ព្រឹត្តិការណ៍ស្វាគមន៍កំពូលតារាចម្រៀង មាស សុខសោភា ដែលនឹងរៀចំឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ខាងមុខនេះ ក៏នឹងមានការរៀបកម្មវិធីពិសេសៗ និងអស្ចារ្យជាច្រើន ដែលផលិតកម្ម រាម បានរៀបចំទុកដើម្បីពញ្ញាក់អារម្មណ៍មហាជន។ ក្នុងនោះក៏មានការបង្ហាញនូវ MV ចម្រៀងថ្មីៗរបស់តារាចម្រៀង មាស សុខសោភា ក្នុងផលិតកម្ម ដែលជាការបង្កើតឡើងដោយស្នាដៃកូនខ្មែរ និងផលិតដោយកូនខ្មែរ។

ព្រឹត្តិការណ៍ស្វាគមន៍តារាចម្រៀង មាស សុខសោភា មកកាន់ផលិតកម្ម រាម ដ៏ថ្មីសន្លាងនេះ គ្រោងនឹងធ្វើឡើងដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ នៃផលិតកម្ម រាម និង ភ្ញៀវកិត្តិយសគ្រប់ជាន់ថ្នាក់ជាច្រើនរូប ក្នុងនោះក៏មានបណ្តាអ្នកគាំទ្រកំពូលតារាចម្រៀង មាស សុខសោភា ដែលតាមការប៉ាន់ប្រមាណមានជិត ១០០០នាក់។

កុំភ្លេច រង់ចាំតាមដានទាំងអស់គ្នា ជាមួយព្រឹត្តិការណ៍ស្វាគមន៍កំតារាចម្រៀង មាស សុខសោភា ជាផ្លូវការ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ! ដោយជួបទាំងអស់គ្នាជាមួយ Idol ជាមួយកម្មវិធីពិសេសៗជាច្រើន ធានាថាភ្ញាក់ផ្អើលមិនធ្លាប់មានពីមុន៕